អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

រដ្ឋាភិបាល​លោកអូបាម៉ា​បដិសេធ​រឿង​បង់លុយ​៤០០លាន​ដុល្លារ​ទៅ​អ៊ីរ៉ង់​ជាថ្នូរ​នឹង​ការ​ដោះលែង​ពលរដ្ឋ​អាមេរិក

រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​បាន​ច្រានចោល​ការ​ចោទប្រកាន់​ដែលថា ​អាមេរិក​បាន​បង់​លុយ​ចំនួន ៤០០លាន​ដុល្លារ​ទៅ​ឲ្យ​អ៊ីរ៉ង់ ជាថ្នូរ​នឹង​ការ​ដោះលែង​ពលរដ្ឋ​អាមេរិក​ ៥នាក់ កាលពី​ខែ​មករា​កន្លងទៅ។ មន្រ្តី​សេតវិមាន​បាន​ទទួលស្គាល់​ថា ពិតជា​បាន​បញ្ជូន​លុយ ៤០០លាន​ដុល្លារ​ទៅ​ឲ្យ​អ៊ីរ៉ង់​ពិតមែន ក៏ប៉ុន្តែ វា​មិនមែន​ជា​លុយ​ថ្នូរ​នឹង​ការ​ដោះលែង​​ពលរដ្ឋ​អាមេរិក​នោះទេ។

លោក Josh Earnest មន្រ្តី​អ្នកនាំពាក្យ​សេតវិមាន
លោក Josh Earnest មន្រ្តី​អ្នកនាំពាក្យ​សេតវិមាន REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

ភាពចម្រូងចម្រាស​ជុំវិញ​​រឿង​លោក​អូបាម៉ា​បង់​លុយ​ឲ្យ​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការដោះលែង​ពលរដ្ឋ​អាមេរិក បាន​ផ្ទុះឡើង​សាជាថ្មី ក្រោយ​ពី​មាន​ការ​ចុះផ្សាយ​របស់​កាសែត The Wall Street Journal កាល​ពីថ្ងៃ​អង្គារ ដោយ​បាន​លើកឡើង អំពី​ការ​បញ្ជូន​លុយចំនួន ៤០០លាន​ដុល្លារ​អាមេរិក ​​ជា​ក្រដាស​ប្រាក់​អឺរ៉ូ និង​ហ្វ្រង់​ស្វ៊ីស ដឹកតាម​យន្តហោះ​ដោយ​សម្ងាត់​ទៅ​ឲ្យ​អ៊ីរ៉ង់ ភ្លាមៗ ក្រោយ​ពីពលរដ្ឋ​អាមេរិក ៤នាក់ ត្រូវ​បាន​អ៊ីរ៉ង់​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។

ភ្លាមៗ​ក្រោយ​ការ​ចុះផ្សាយ​នេះ អ្នក​នយោបាយ​សំខាន់ៗ​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​​ក៏​បា​ន​នាំគ្នា​ធ្វើការ​វាយប្រហារ​លើ​លោក​អូបាម៉ា​ថា បាន​ផ្តល់​​លុយ​​ទៅ​ឲ្យ​អ៊ីរ៉ង់​ ជា​រង្វាន់​ចំពោះ​ការ​ចាប់ឃុំ​ពលរដ្ឋ​អាមេរិក​ដោយ​ខុសច្បាប់ និង​ជា​ការ​ធ្វើ​ខុស​ពី​គោលការណ៍​ដែល​អាមេរិក​ប្រកាន់​យក​តាំង​ពីដើម​រៀងមក គឺ​មិន​បង់លុយ​ជាថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង។

បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ គឺ​លោក​ដូណាល់ ត្រាំ បាន​ឆ្លៀតយក​រឿង​នេះ​មក​ធ្វើ​ការ​វាយប្រហារ​ទៅលើ​លោកស្រី ហ៊ីឡារី គ្លីនតុន ដែល​ជា​គូប្រជែង ដោយ​បាន​លើកឡើង​ថា លោកស្រី​ គឺ​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ក្នុង​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ហើយ​ជា​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ការ​ចរចា​ជាមួយ​អ៊ីរ៉ង់។

ប្រឈមមុខ​នឹង​ការចោទប្រកាន់​អស់ទាំងនេះ មន្រ្តី​អ្នកនាំពាក្យ​សេតវិមាន​បាន​ចេញមុខ​ពន្យល់ថា អាមេរិក​ពិតជា​បាន​បញ្ជូនលុយ​ចំនួន ៤០០លាន​ដុល្លារ​ទៅ​ឲ្យ​អ៊ីរ៉ង់​ពិតមែន ក៏ប៉ុន្តែ លុយ​នេះ​មិនមែន​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ពលរដ្ឋ​អាមេរិក​នោះទេ តែ​ជា​លុយ​​សងបំណុល​ដែល​អាមេរិក​ជំពាក់​អ៊ីរ៉ង់ តាំង​ពី​មុនបដិវត្តន៍​ឆ្នាំ​១៩៧៩​។

យោងតាមការ​ពន្យល់​របស់​សេតវិមាន លុយ ៤០០លាន​ដុល្លារ​នេះ​ជា​លុយ​ដែល​អ៊ីរ៉ង់​ប្រគល់​មក​ឲ្យ​អាមេរិក នៅ​ក្នុង​កិច្ចសន្យា​ទិញ​បរិក្ខា​យោធា នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ៧០ នៅ​​ពេល​ដែល​អ៊ីរ៉ង់ និង​អាមេរិក នៅ​ជា​សម្ព័ន្ធមិត្ត​នឹងគ្នា។ ក៏ប៉ុន្តែ ក្រោយ​មក អាមេរិក​និង​អ៊ីរ៉ង់​ក៏​មាន​ក្តីក្តាំ​នឹងគ្នា រហូត​ទៅដល់​តុលាការ​ក្រុងឡាអេ ហើយ​តុលាការ​បាន​សម្រេច​ឲ្យ​អាមេរិក​សងលុយ​ ៤០០លាន​ដុល្លារ​នេះ​ទៅ​អ៊ីរ៉ង់វិញ។ ក៏ប៉ុន្តែ ដោយសារ​តែ​មាន​ជម្លោះ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ អាមេរិក​បាន​ផ្អិបលុយ​នេះទុក រហូត​ដល់​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទើប​អាមេរិក​​សុខចិត្ត​សងលុយ​នេះ​ទៅ​អ៊ីរ៉ង់វិញ។ ដូច្នេះ យោងតាម​ការ​អះអាង​របស់​មន្រ្តី​អ្ន​កនាំពាក្យ​សេតវិមាន ថ្វីដ្បិត​តែ​​ការ​បញ្ជូន​លុយ​នេះ​ទៅ​ឲ្យ​អ៊ីរ៉ង់​ត្រូវ​បាន​ធ្វើឡើង​មិនយូរប៉ុន្មាន​ ក្រោយ​ពី​​អ៊ីរ៉ង់​ដោះលែង​ពលរដ្ឋ​អាមេរិក តែ​វា​មិនមែន​ជា​លុយ​ថ្នូរ​នឹង​ការដោះលែង​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ