អានតួអត្ថបទ
ថៃ

រមាស​​ ដំរី​​ ​និង​​ត្រីឆ្លាម​​ ជា​​ប្រភេទ​​សត្វ​​ដែល​​ទទួល​​ការ​​គំរាមកំហែង​​ និង​​ជិត​​ផុត​ពូជ​​

នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្រុង​បាងកក ប្រទេស​ថៃ មាន​រៀប​ចំ​សន្និសីទ​ស្តី​ពី​ប្រភេទ​​សត្វ​ និង​រុក្ខជាតិ​​ ដែល​ត្រូវ​បាន​គំរាម​កំហែង​​និង​​ជិត​ផុត​ពូជពី​ពិភព​លោក​យើង​​នេះ។ ប្រធានបទ​នៅ​ឆ្នាំ​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​សត្វ​​​រមាស ដំរី និង​ត្រី​ឆ្លាម​ ដែល​ជា​សត្វ​រងគ្រោះ​ធ្ងន់ធ្ងរ​​ គួរ​អោយ​កត់​សំគាល់​ជាង​គេ។

ថៃ​ធ្លាប់​បាន​ទទួល​រង​នូវ​ការ​រិះ​គន់​​យ៉ាង​ខ្លាំងក្លា​ ដោយ​សារ​តែ​បាន​អនុញ្ញាត​អោយ​​ធ្វើ​អាជីវកម្ម​លើ​ភ្លុក​ដំរី
ថៃ​ធ្លាប់​បាន​ទទួល​រង​នូវ​ការ​រិះ​គន់​​យ៉ាង​ខ្លាំងក្លា​ ដោយ​សារ​តែ​បាន​អនុញ្ញាត​អោយ​​ធ្វើ​អាជីវកម្ម​លើ​ភ្លុក​ដំរី REUTERS/Kerek Wongsa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រុង​បាងកក​ ប្រទេស​ថៃ​ នៅ​ថ្ងៃអាទិត្យនេះ ​​សន្និសីទ​ស្តី​ពី​ប្រភេទ​​សត្វ​​និង​រុក្ខជាតិ​ ដែល​​រង​ការ​​​គំរាម​កំហែង​​និង​​ជិត​បាត់​បង់​ពូជពី​ពិភព​លោក​យើង​​ បាន​ផ្តោត​ប្រធានបទ​សំខាន់ ទៅលើ​សត្វ​​​រមាស ដំរី និង​ត្រី​ឆ្លាម។ ជា​រៀង​រាល់​ឆ្នាំ ប្រភេទ​សត្វ​ទាំង​បី​​ សុទ្ធសឹង​តែ​​​​​​ជា​ប្រភេទ​សត្វ​​រង​នូវ​ការ​គំរាម​កំហែង​​​​យក​ស្នែង​ ​ភ្លុក​ រឺ​ក៏​​ព្រុយ ​ពី​ការ​ប្រមាញ់​និង​នេសាទ​នានា។

ជា​រៀង​រាល់​ឆ្នាំ​ តំណាង​​ប្រទេស​ចំនួន​ ១៧៧ ​អង្គការ​ការពារ​សត្វព្រៃ​ និង​ស្ថាប័ន​ពាក់​ពាន់​​នានា​ តែង​តែ​​បាន​​ជួប​ប្រជុំ​គ្នា​​​ ​សិក្សា​​ពី​​ស្ថានភាព​​នៃ​ការ​គំរាម​កំហែង​រាល់​ប្រភេទ​សត្វ និង​រុក្ខជាតិ​​ដែល​ជិត​ដាច់​ពូជ​​លើ​លោក ដើម្បី​រក​វិធានការ​ទប់ស្កាត់​អោយ​មាន​ប្រសិទ្ធភាព។​ ប្រទេស​​ទាំង​១៧៧ នេះ​ គឺ​ជា​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​​លើ​អនុសញ្ញា​មួយ​មាន​ឈ្មោះ​ថា Cites ចែង​ពី​​ការ​ធ្វើ​អាជីវកម្ម លើ​ប្រភេទ​សត្វ​​​​​ដែល​ជិត​បាត់​បង់​ពូជ។  

​អនុសញ្ញា​នេះ​បាន​​​ដាក់បញ្ចូល​​​​ប្រភេទ​សត្វ​ និង​រុក្ខជាតិ​​​​ប្រហែល​ជា ៣៥​ ០០០ ប្រភេទ​ អោយ​ស្ថិត​នៅ​ក្នុង​ការ​ការពារ​ខ្ពស់។ ​អនុសញ្ញា​នេះ​ បាន​ដាក់​អោយ​អនុវត្ត​ជា​ផ្លូវ​ការ​​តាំង​ពី​ឆ្នាំ​ ១៩៧៥​មក​ម្ល៉េះ។
​​ ​
កន្លង​មក ប្រទេស​​នានា​ធ្លាប់​​​បាន​ដាក់​វិធានការ​ហាម​ឃាត់​​​អាជីវកម្ម​​​លើ​សត្វ​រមាស​ និង​ដំរី​ រួច​មកហើយ​ ប៉ុន្តែ​ការ​ហាម​ឃាត់​​​មិន​បាន​ទទួល​ប្រសិទ្ធភាព​អ្វី​សោះ​ឡើយ។ គួរ​រំលឹក​ថា សត្វ​រមាស​​​​ត្រូវបាន​​​ដាក់​បញ្ចូល​ក្នុង​អនុសញ្ញា​​​​ កាល​ពី​ឆ្នាំ​​ ១៩៧៧ ថា​ជា​ប្រភេទ​សត្វ​ដែល​ជិត​ដាច់​ពូជ​ ក្នុង​លោក។ ប៉ុន្តែ នៅ​ឆ្នាំ​២០១២ កន្លង​មក​ ការ​សម្លាប់​រមាស​បាន​កើន​ឡើង​គួរ​​អោយ​កត់សំគាល់ ដោយ​គេ​ឃើញ​​មាន​រមាស​​ ៦៦៨ ក្បាល​ត្រូវ​បានគេ​សម្លាប់​ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ គឺ​លើស​ពី​ឆ្នាំ​ ២០០៧ ទៅ​ទៀត​​ ដែល​កាលណោះ រមាស​មាន​តែ​១៣ ក្បាល​ប៉ុណ្ណោះ​ រង​នូវ​ការ​ប្រមាញ់។​

នៅ​ទ្វីប​អាស៊ី ជា​ពិសេស​នៅ​វៀតណាម គេ​និយម​ប្រើ​ភ្លុក​សត្វ​​ ដើម្បី​ច្នៃ​​ធ្វើ​ជា​ឧសថ​ព្យាបាល​រោគ​ផ្សេងៗ។

ប្រទេស​កេនយ៉ា បាន​សំណូម​ពរ​អោយ​​ចេញ​សាលក្រម​ពន្យាពេល​ការ​នាំ​​​​​​ស្នែង​​​សត្វ​រមាស​ពណ៌ស ចេញ​ពី​អាហ្វ្រិក​ខាង​ត្បូង និង​​នូវែលហ្សេឡង់ ប៉ុន្តែ​ប្រទេស​​មួយ​ចំនួន​ ហាក់​មិន​ពេញ​ចិត្ត​នូវ​វិធានការ​នេះ​ទេ។​​ ដូច្នេះ​តំរូវ​អោយ​​ការ​ប្រជុំ​​នៅ​ថ្ងៃ​នេះ ធ្វើ​យ៉ាង​ណា​សំរេច​​​រក​វិធានការ​ថ្មី​​ផ្សេង​ទៀត​ អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់។

នៅ​ថៃ អង្គការការពារ​សត្វ​ព្រៃ​​​ WWF បាន​ចេញ​ញត្តិ​​ហាម​​ឃាត់​មិន​អោយ​​ធ្វើ​​អាជីវកម្ម​លើ​ភ្លុក​​សត្វ​ នៅ​​ក្នុង​ប្រទេស​ថៃ។ ​អង្គការ​ WWF និង​អង្គការ​ Traffic បាន​ទាមទារ​អោយ​មាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​​ប្រទេស​កុងហ្កូ នីហ្សេរីយ៉ា និង​ថៃ ដោយ​បាន​ចោទ​ថា ប្រទេស​ទាំង​នេះ​បាន​​​​បំពាន​លើ​ច្បាប់​​ការពារ​សត្វព្រៃ។ គួរ​បញ្ជាក់​ថា ថៃ​ធ្លាប់​បាន​ទទួល​រង​នូវ​ការ​រិះ​គន់​​យ៉ាង​ខ្លាំងក្លា​ ដោយ​សារ​តែ​បាន​អនុញ្ញាត​អោយ​​ធ្វើ​អាជីវកម្ម​លើ​ភ្លុក​ដំរី។

​ចំពោះ​ប្រភេទ​សត្វ​ក្នុង​ទឹក​វិញ​ សន្និសីទ​​​នៅ​ថ្ងៃ​នេះ​ ​នឹង​ពិភាក្សា​ទៅ​លើ​ប្រភេទ​​​​ត្រី​ឆ្លាម​បី​​គឺ​មាន ​ត្រីឆ្លាម​រាង​កំពីងដូង ត្រីឆ្លាម​​អូសេអានី និង​ត្រី​ឆ្លាម​​​មាន​ក្បាល​ដូច​ញញួរ។ ប្រទេស​នានា​ចង់​អោយ​ដាក់​ត្រី​ឆ្លាម​​​ទាំង​នេះ ចូល​ទៅ​ក្នុង​​​ឧបសម្ព័ន្ធ​ទី​ពីរ​ នៃ​អនុសញ្ញា​ Cites ដើម្បី​អាច​អោយ​អាជីវកម្ម​​ត្រី​ឆ្លាម​អាច​ប្រព្រិត្ត​ទៅ​បាន​ទៀងទាត់​ ចៀស​ផុត​ពី​​​​ការ​នេសាទ​លើស​កម្រិត។ គេ​សង្ឃឹម​ថា​ សំណូម​ពរ​នេះ​អាច​នឹង​ត្រូវ​បាន​​ទទួល​យក ក្នុង​​សន្និសីទ​នេះ។

គួរ​រំលឹក​ថា​ ព្រុយ​ត្រី​ឆ្លាម​ត្រូវ​បាន​គេ​និយម​បរិភាគ​នៅ​អាស៊ី ពិសេស​​នៅប្រទេស​​ចិន​​ ដែល​ធ្វើ​អោយ​​​​​អាជីវកម្ម​ព្រុយ​ត្រី​ឆ្លាម​ ​ទទួលបាន​​កម្រៃ​ខ្ពស់​មហាសាល។ កាល​ពីឆ្នាំ​២០១០ ការ​សុំ​អោយ​ដាក់​បញ្ចូល​​​​​​ប្រភេទ​ត្រី​ឆ្លាម​មួយ​ចំនួន ក្នុង​​ឧបសម្ព័ន្ធ​នៃ​​អនុសញ្ញា បាន​ត្រូវ​គេ​ច្រាន​ចោល​ដោយ​សារ​តែ​​ប្រទេស​ខ្លះ​​ព្រួយ​បារម្ភ​​ ខ្លាច​​បង្ក​​ប៉ះពាល់​ឧស្សាហកម្ម​នេសាទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ