អានតួអត្ថបទ
អង់គ្លេស

កិច្ចប្រជុំ​​ទី​ក្រុង​ឡុងដ៍​​ រក​ដំណោះស្រាយ​ប្រឆាំង​ការជួញដូរ​ផលិតផល​សត្វព្រៃ​

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ជាង​៤០ បានជួបជុំ​គ្នា​នៅទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស ដើម្បី​ពិភាក្សា​ពី​អាជីវកម្ម​លើ​ផលិតផល​សត្វព្រៃខុសច្បាប់​ ដែល​កំពុង​រាលដាល​​នៅ​អាហ្វ្រិក និង​អាស៊ី ធ្វើអោយពូជ​​​​​សត្វព្រៃ​ជាច្រើន​​រងការគំរាម​កំហែង​បាត់បង់។ ក្រោមការ​ផ្តួចផ្តើម​ពី​រដ្ឋាភិបាល​អង់គ្លេស និង​​ព្រះអង្គម្ចាស់​ Charles សាល និងWilliam ​វីល្លីយ៉ាំ កិច្ចប្រជុំ​នេះ​​គ្រោង​នឹង​មិនអត់អោន​ដាច់ខាត​ដល់​អ្នកបរបាញ់ និង​អ្នកជួញដូរ​ភ្លុកដំរី រឺក៏​ស្នែង​រមាស ដើម្បី​បំបាត់​អោយ​បាន​នូវ​ការជួញដូរ​ផលិតផល​សត្វព្រៃ។

ចិន​មាន​តំរូវការ​ស្នែង​រមាស​ខ្ពស់ ក្នុង​ការ​​ព្យាបាល​បែបបុរាណ ធ្វើអោយ​ការបរបាញ់​សម្លាប់​សត្វរមាស​រីករាលដាល។
ចិន​មាន​តំរូវការ​ស្នែង​រមាស​ខ្ពស់ ក្នុង​ការ​​ព្យាបាល​បែបបុរាណ ធ្វើអោយ​ការបរបាញ់​សម្លាប់​សត្វរមាស​រីករាលដាល។ WWF-Canon/Martin Harvey
ផ្សាយពាណិជ្ជកម្ម

ក្រោម​ការចូលរួម​របស់​មេដឹកនាំ​ រដ្ឋមន្ត្រី​ មកពី​ប្រទេស​ជាង​៤០ និង​អង្គការ​អន្តរជាតិ ជាច្រើន​ទៀត​​ កិច្ចប្រជុំ​​នៅ​ទីក្រុងឡុងដ៍​ ស្តីពី​បញ្ហា​ជួញដូរ​ផលិតផល​សត្វព្រៃ ថ្ងៃ​ព្រហស្បតិ៍​​នេះ ​ផ្តោត​ការ​ពិភាក្សា​​សំខាន់​លើ​ប្រភេទ​សត្វចំនួន​៣ គឺ​ដំរីអាហ្វ្រិក រមាស និង​ខ្លា។ កិច្ចប្រជុំ​នេះ​ ចង់​រក​អោយ​បាននូវ​ដំណោះស្រាយ ដើម្បីបំបាត់​អាជីវកម្ម​ជួញដូរ​ផលិតផល​សត្វព្រៃ​ដែលកំពុង​រាលដាល​​ក្នុងពេល​បច្ចុប្បន្ន​នេះ។

​​គិត​​១០ឆ្នាំ​មកនេះ ការបរបាញ់​សត្វព្រៃ​ខុសច្បាប់ ដើម្បីចម្រាញ់​យក​ផលិតផល​មក​ធ្វើ​អាជីវកម្ម​​នោះ បាន​ធ្វើអោយ​ពូជ​សត្វព្រៃ​ជាច្រើន​នៅ​អាហ្វ្រិក និងអាស៊ី រងការ​គំរាម​កំហែង​​បាត់បង់ពី​ពិភពលោក​យើងនេះ។ ក្នុង​១០ឆ្នាំ​មកនេះ ដំរី​៦២ភាគរយ​នៅអាហ្វ្រិក ត្រូវបាន​សម្លាប់។ រមាស​ជាង១០០០ នៅ​អាហ្វ្រិក​ខាងត្បូង​ ត្រូវ​គេបរបាញ់ ក្នុង​ឆ្នាំ​២០១៣កន្លងទៅ តួលេខ​ខុស​ឆ្ងាយ​សម្បើម​ពី​ឆ្នាំ​២០០៧ ដែល​កាលណោះ មាន​តែ​រមាស​ចំនួន​១៣ប៉ុណ្ណោះ នៅអាហ្វ្រិក​ខាងត្បូអ ដែល​ត្រូវបាន​គេ​បរបាញ់។ នៅ​អាស៊ី​វិញ ចំនួន​សត្វខ្លា​​បាន​ថយចុះ​ពី​មួយសែន​ មកនៅត្រឹម​៣ពាន់២រយ​ក្បាល​ប៉ុណ្ណោះ គិត​ត្រឹម​រយៈពេល​​មួយរយឆ្នាំ​មកនេះ។ យោងតាម​អ្នកវិភាគ​នានា អាជីវកម្ម​ជួញដូរ​សត្វព្រៃ​​ខុសច្បាប់​នេះ គិតជា​ទឹកប្រាក់​មាន​រហូត​ដល់ទៅ​៨ពាន់លានដុល្លារ​ ទៅ​១០ពាន់​លាន​ដុល្លារ​​​ ឯណោះ​ ក្នុង​មួយឆ្នាំៗ។ ស្នែង​រមាស​មួយគីឡូ ថ្លៃ​៤សែន​អឺរ៉ូ មាន​តម្លៃ​ខ្ពស់​ជាង​មាស​ទៅទៀត។

អង់គ្លេសជាម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ​មិនចង់​បណ្តែត​បណ្តោយ​​ពេលវេលា អោយ​ជនខិលខូច​បន្ត​អាជីវកម្ម កំចាត់​​ពូជ​សត្វព្រៃ​ ​​តទៅទៀត​ឡើយ។ ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក វីល្លីយ៉ាំ ​ហ៊េក បាន​លើកឡើង​ថា បញ្ហា​​​នេះ ​មិនត្រឹម​​​ប៉ះពាល់​បរិដ្ឋាន​តែ​មួយ​មុខ​​នោះ​ទេ វា​បានក្លាយ​ជា​ឧស្សាហកម្ម​បង្ក​អំពើ​ឧក្រិដ្ឋ​​ ប្រៀប​បាន​នឹង​ការ​ជួញដូរ​​គ្រឿងញៀន ការជួញដូរ​អាវុធ រឺការជួញដូរ​មនុស្ស​ដូច្នោះដែរ។

អង់គ្លេស​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​​នេះ​ ចង់​​បាន​កិច្ចព្រមព្រៀង​មួយ​​​ ​បញ្ចូល​វត្តមាន​បណ្តា​ប្រទេស​​អាហ្វ្រិក​ជាជម្រក​សត្វព្រៃ​ និងប្រទេស​​​អាស៊ី​បែបយ៉ាង​ចិន និង​វៀតណាម ដែល​​ទទួល​យក​ផលិតផល​សត្វព្រៃ​នោះ។ អង់គ្លេស​ជំរុញ​អោយ​គ្រប់​ប្រទេស​ទាំងអស់​ ​ចៀសវាង​អំពើ​ពុករលួយ និង​មិនអោយ​មាន​ការ​អត់ឱនដាច់ខាត​​ដល់​ក្រុមអ្នកបរបាញ់​ខុសច្បាប់ ដោយ​បញ្ជូន​ពួកគេ​ទាំងនោះទៅ​កាត់ទោស​​តាមច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ