អានតួអត្ថបទ
ប៉ាឡេស្ទីន

សំណុំ​រឿង​អតីត​ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន ស្លាប់​ដោយ​ថ្នាំ​បំពុល ផ្ទុះ​ឡើង​ជា​ថ្មី

សម្មតិកម្ម​ដែល​ថា​ ​អតីត​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​ស្លាប់​ដោយ​គេ​បំពុល បាន​ផ្ទុះ​ឡើង​ជា​ថ្មី។ ១០​ឆ្នាំ​ក្រោយ ពោល​គឺ​នៅ​ពេល​នេះ មន្ទីរ​ពិសោធន៍​ស្វីស ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ចុះ​ផ្សាយ​​ក្នុង​ទំព័រ​វិបសៃត៍​ទូរទស្សន៍​កាតារ al-Jazira ថា លោក យ៉ាស៊ែរ អារ៉ាហ្វាត (Yasser Arafat) ទំនង​ជា​​បាន​ស្លាប់​ដោយ​ថ្នាំ​ពុល​ ប៉ូឡូនីញ៉ូម​-២១០។ គឺ​ដូច​អ្វី​ដែល​លោកស្រី​អារ៉ាហ្វាត​ជា​ភរិយា ធ្លាប់​បាន​អះអាង​តាំង​ពី​ដំបូង។ ប៉ុន្តែ​នៅ​មាន​ចំណុច​អាថ៌​កំបាំង​មួយ​ចំនួន​ធំ​ទៀត។

អតីត​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន Yasser Arafat  កាល​នៅ​រស់
អតីត​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន Yasser Arafat កាល​នៅ​រស់ REUTERS/Magnus Johansson
ផ្សាយពាណិជ្ជកម្ម

មាន​តែ​ទូរទស្សន៍​ជាតិ​កាតារ​មួយ​ប៉ុណ្ណោះ​ដែល​បាន​បំផុស​ សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ទាក់ទង​នឹងមូលហេតុ​នៃ​​​មរណភាព​របស់​លោក យ៉ាស៊ែរ អារ៉ាហ្វាត ព្រោះ​បាន​ទទួល​ការ​ពឹង​ពាក់​ពី​លោកស្រី​អារ៉ាហ្វាត​ជា​ភរិយា។ ការ​​​វិភាគ​​ បាន​រក​ឃើញ​​បរិមាណ​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​នៃ​សារធាតុ​ប៉ូឡូនីញ៉ូម-២១០ ដែល​ជា​សារធាតុ​វិទ្យុ​សកម្ម​ពុលបំផុត ដល់​ទៅ​១៨​ដង​លើ​កំរិត​អនុញ្ញាត។ បើតាម​ទូរទស្សន៍​នេះ​ដដែល របាយការណ៍​របស់​វិទ្យាស្ថាន​ពិសោធន៍​រូបវិទ្យា​ស្វីស ជា​លទ្ធផល​នៃ​ការ​វិភាគ​សម្លៀក​បំពាក់​ អេសង់ទីយ៉ុង យក​ចេញ​ពី​ផ្នូរ​ កាលពី​ឆ្នាំ​២០១២។

 
សម្រាប់​ពេល​នេះ អាជ្ញាធរ​ប៉ាឡេស្ទីន មិន​បាន​ផ្សព្វផ្សាយ​​ព័ត៌មាន​​បញ្ជាក់​បន្ថែម​ពីលើ​ព័ត៌មាន​របស់​កាតារ​នេះ​ទេ។ ចំណែក​ឯ​ក្រុម​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ពីរ​ក្រុម​​ទៀត (ក្រុម​រុស្ស៊ី និង​បារាំង​) ដែល​បាន​ទៅ​យក​ចំណែក​អេសង់ទីយ៉ុង ពី​សព​លោក​ អារ៉ាហ្វាត​កាលពី​ឆ្នាំ​២០១២ ដែរ មិន​ទាន់​បាន​ផ្តល់​​សេចក្តី​សន្និដ្ឋាន​នៅ​ឡើយ។ យើង​នៅ​ចង​ចាំ​បាន​ថា គឺ​នៅ​ប្រទេស​បារាំង ដែល​ភរិយា​លោក​អារ៉ាហ្វាត បាន​ដាក់​ពាក្យ​បណ្តឹង​ នៅ​ឆ្នាំ​២០១២ ពី​បទ​ឃាតកម្ម​សម្លាប់​អតីត​ប្រមុខ​​ដឹកនាំ​ប៉ាឡេស្ទីន​​។ ក្រុមគ្រួសារ​​​លោក អារ៉ាហ្វាត តែង​ចោទ​ប្រកាន់​ជា​និច្ច​ថា​ អ៊ីស្រាអែល​ ​ជា​អ្នក​ដាក់​ថ្នាំ​បំពុល​សម្លាប់​អតីត​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​ដែល​កំពុង​សម្រាក​ព្យាបាលជំងឺ​ ក្នុង​ប្រទេស​បារាំង​ ឆ្នាំ​២០០៤។ ការ​ចោទ​ប្រកាន់​ដែល​អ៊ីស្រាអែល​បដិសេធ​ទាត់​ចោល​ជា​និច្ច។

​ប៉ូឡូនីញ៉ូម​ ជា​ សារធាតុពុល​បំផុត ! ក្នុង​បរិមាណ​ដ៏​​តិច​តួច​បំផុត​ក៏​អាច​សម្លាប់​ជីវិត​មនុស្ស​បាន​ដែរ។ នៅ​ពេល​សារធាតុ​នេះ​ជ្រាប​ចូល​ទៅក្នុង​ខ្លួន​ភ្លាម វា​នឹង​ធ្វើ​តាម​ឈាម ហើយ​បញ្ចេញ​រស្មី​វិទ្យុ​សកម្ម​លើ​សរីរាង្គមាន​ជីវិត​​ មួយ​ម្តងៗ​ ឱ្យ​បញ្ឈប់​សកម្មភាព​។ ប្រព័ន្ធ​ការពារ​ខ្លួន​នឹង​ត្រូវ​បំផ្លាញ​ខ្ទេច។ មនុស្ស​នឹង​អាច​ស្លាប់​ភ្លាម​ក្នុង​រវាង​ពីរបីថ្ងៃ។ ប៉ុន្តែការ​ប្រើ​ថ្នាំ​បំពុល​របៀប​នេះ មានលក្ខណៈស្មុគស្មាញ​។ ថ្លៃ​ និង​ត្រូវការ​មន្ទីរ​ពិសោធន៍នុយក្លេអ៊ែរ​ទំនើប និង​បុគ្គល​មាន​បទ​ពិសោធន៍​ខ្លាំង​​ ទើប​ហ៊ាន​ប្រើ​សារធាតុ​ពុល​នេះ​ដោយ​មិន​សម្លាប់​ខ្លួន​ឯង​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ