អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អនាគត​លោកស្រី​យីងឡាក់​កាន់តែ​ស្រពិចស្រពិល​ក្រោយពី​មាន​ការ​ស៊ើបអង្កេត​លើ​សមាជិក​សភា​ភឿថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​អង្គារ គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ​បាន​សម្រេច​​បើក​ការស៊ើបអង្កេត​ទៅលើ​សមាជិក​សភា​​ជាង ៣០០រូប ដែល​​​ក្នុងនោះ មាន ២២៣​រូប​ មក​ពី​គណបក្ស​​ភឿថៃ។ ការស៊ើបអង្កេត​លើ​សមាជិក​សភា​នេះ កើតឡើង នៅ​ក្នុង​ពេល​ដែល​វិបត្តិ​នយោបាយ​ថៃ កំពុង​តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ។

លោកស្រី​យីងឡាក់ នាយករដ្ឋមន្រ្តី​ថៃ កាលពីថ្ងៃ​ទី១០ ធ្នូ ២០១៣ (រូបថតឯកសារ)
លោកស្រី​យីងឡាក់ នាយករដ្ឋមន្រ្តី​ថៃ កាលពីថ្ងៃ​ទី១០ ធ្នូ ២០១៣ (រូបថតឯកសារ) REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​សមាជិក​សភា​ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយថៃ​ពេលនេះត្រូវ​ជាប់ចោទ​ពី​បទ​អ្វី?
 
គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ​មិនបាន​បញ្ជាក់​ច្បាស់លាស់ថា តើ​សមាជិក​សភា​ដែល​ត្រូវ​ស៊ើបអង្កេត​នេះ​ជាប់សង្ស័យ​ពី​បទ​ល្មើស​អ្វី​ច្បាស់លាស់ទេ។ គេគ្រាន់តែ​ដឹង​ថា គណៈកម្មការ​នេះ​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​លើ​​អំពើ​ពុករលួយ ឬ​ការ​រំលោភ​អំណាច។ គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ​បាន​ឲ្យដឹង​ថា សមាជិក​សភា​ដែលស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នៅពេលនេះ គឺ​ជា​អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ស្តីពី​សមាសភាព​ព្រឹទ្ធសភា។

គួររំឭកឡើងវិញ​ថា ក្រោយ​ពី​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន កងទ័ព​ថៃ​បាន​រៀបចំ​តាក់តែងរដ្ឋធម្មនុញ្ញ​ថ្មី ដោយ​កំណត់​ថា សមាជិក​ព្រឹទ្ធសភា​ពាក់កណ្តាល​កើតចេញ​ពី​ការ​ជ្រើសតាំង ហើយ​មាន​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កើតចេញ​ពី​ការ​បោះឆ្នោត។

កាលពី​ចុងឆ្នាំ២០១៣​កន្លងទៅនេះ សមាជិក​សភា​មក​ពី​គណបក្ស​ភឿថៃ​ ដែល​មាន​សំឡេង​ភាគច្រើន បាន​បោះឆ្នោត​អនុម័ត​ធ្វើការ​កែប្រែ​រដ្ឋធម្មនុញ្ញ ឲ្យ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់ ត្រូវ​ជ្រើសរើស​ឡើង​តាមរយៈ​ការ​បោះឆ្នោត ដូច​កាល​ពី​សម័យ​ថាក់ស៊ីនវិញ។ ក៏ប៉ុន្តែ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ​ច្រានចោល កាល​ពី​ខែ​វិច្ឆិកា ២០១៣។
 
សំណួរ-តាមធម្មតា ការ​បង្កើត ឬ​ការ​កែប្រែ​ច្បាប់ ឬ​រដ្ឋធម្មនុញ្ញ វា​គឺ​ជា​ភារកិច្ច​​​ និង​ជា​សិទ្ធិអំណាច​​របស់​សមាជិក​សភា។ តើ​ហេតុអ្វី​បាន​ជា​គ្រាន់តែបោះឆ្នោត​អនុម័ត​កែប្រែ​រដ្ឋធម្មនុញ្ញសោះ​ បែរ​ជា​ត្រូវ​​ជាប់​ការស៊ើបអង្កេត​ទៅវិញ?
 
នេះ​គឺ​ជា​សំណួរ​ដែល​អ្នកគាំទ្រ​គណបក្ស​ភឿថៃ​កំពុង​តែ​ចោទ​សួរ! ​កាន់តែ​ចម្លែក​ថែមទៀត គឺ​នៅត្រង់​ថា ប្រសិនបើ​ជាការ​ធ្វើ​កំណែទម្រង់​ការ​ជ្រើសរើស​សមាជិក​​ព្រឹទ្ធសភា​ពី​ការ​បោះឆ្នោត ទៅជា​​ការជ្រើសតាំង គួរតែ​ត្រូវ​ជាប់​ចោទ​ថា​នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ អ្វី​ដែល​សមាជិក​សភា​គណបក្ស​ភឿថៃ​បាន​ធ្វើ គឺ​កែប្រែ​ពី​ការ​ជ្រើសតាំង ទៅ​ជា​ការ​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត។ តាម​គោលការណ៍​ប្រជាធិបតេយ្យ វា​គួរតែ​ជា​រឿង​ល្អ។

ក៏ប៉ុន្តែ នៅថៃ ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ថាក់ស៊ីន​យល់ថា បើ​សិន​ជា​សមាជិកព្រឹទ្ធសភា​ទាំងអស់​ត្រូវ​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត គណបក្ស​ភឿថៃ​ប្រាកដ​ជា​ឈ្នះ ហើយ​ក្រុម​អ្នក​ស្និទ្ធ​នឹង​ថាក់ស៊ីន​ប្រាកដ​ជា​គ្រប់គ្រង​ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា។

នៅថៃ គេឃើញ​​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត គឺ​​ស្ថាប័ន​ធំៗ ដូចជា តុលាការ និង​កងទ័ព​ ជាដើម តែងតែ​លូកដៃ​ចូល​ទៅ​កកូរកកាយ​​ក្នុង​ឆាក​នយោបាយ​។ កន្លងមក រដ្ឋប្រហារ​យោធា​​នៅថៃតែងតែ​កើតឡើង​រាប់​ដង​មិន​អស់ ហើយ​ស្ថាប័ន​តុលាការ​ថៃក៏​តែងតែ​ចេញមុខ​ធ្វើ​អន្តរាគមន៍​រំលាយ​គណបក្ស​នយោបាយ​នេះ ឬ​ហាម​អ្នក​នយោបាយ​​នោះ​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត ។ល។ និង​ ។ល។ តាមការ​សង្កេតជាទូទៅ នៅ​ពេល​ថ្មីកន្លងទៅនេះ យើងឃើញ​ថា ទាំង​ស្ថាប័ន​កងទ័ព និង​ស្ថាប័ន​តុលាការ​ថៃ គឺ​មាន​និន្នាការ​ប្រឆាំង​នឹង​ក្រុម​លោក​ថាក់ស៊ីន។
 
សំណួរ-តើ​ការបើក​ការស៊ើបអង្កេត​នេះ​អាច​នឹង​បង្ក​ផលប៉ះពាល់​អ្វីខ្លះ​ដល់​​ការបោះឆ្នោត​តំណាងរាស្រ្ត នៅថ្ងៃ​ទី២​កុម្ភៈ​ខាងមុខ?
 
កាលពីមុននេះ ការបោះឆ្នោត​តំណាងរាស្រ្ត ថ្ងៃទី២ កុម្ភៈ​នេះ កំពុងតែ​ជួប​បញ្ហា​ចម្រូងចម្រាស​ស្រាប់​ទៅហើយ។​ គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​​ប្រឆាំង​បាន​ប្រកាស​​ធ្វើ​ពហិការ​មិនចូលរួម​បោះឆ្នោត។​ ក្រុម​ប្រឆាំង​ដឹកនាំ​ដោយ​លោក​ស៊ូថេប ធឿកស៊ូបាន ក៏​គ្រោង​ធ្វើ​បាតុកម្ម​រំខាន​ការ​បោះឆ្នោត។ ​នៅពេលនេះ សមាជិក​​គណបក្ស​ភឿថៃ​រាប់រយនាក់ ដែល​ភាគច្រើន​ជា​បេក្ខជន​ក្នុងការ​បោះឆ្នោត​ខាងមុខ ក៏​ត្រូវ​ជាប់​ការ​ស៊ើបអង្កេត​របស់​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ទៀត។ ដូច្នេះ វា​​កំពុងតែ​ធ្វើ​ឲ្យ​ជោគវាសនា​លោកស្រី​យីងឡាក់ និង​គណបក្ស​ភឿថៃ កាន់តែ​​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ឡើង​ថែមទៀត។
 
សំណួរ-តើ​តំណាងរាស្រ្ត​ដែល​កំពុងជាប់ក្នុងការ​ស៊ើបអង្កេត​នេះ​អាច​មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ដែរ​ឬទេ?
 
ដោយសារតែ​នេះ​គ្រាន់តែ​ជាដំណាក់កាលស៊ើបអង្កេត ហើយ​មិន​ទាន់​មាន​ការ​កាត់ទោស​ឲ្យ​ជាប់​ពិរុទ្ធ អ្នកដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​អាច​ឈរឈ្មោះ​ជា​បេក្ខជន ក្នុង​ការ​បោះឆ្នោត​​ថ្ងៃ​ទី២​ កុម្ភៈ​ខាងមុខ​នេះ​បាន។ ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅ​ក្រោយ​ពេល​បោះឆ្នោត។

រដ្ឋធម្មនុញ្ញ​ថៃ​កំណត់​ថា តំណាងរាស្រ្ត​ទាំងឡាយ​ណា ដែល​ជាប់​ចោទ​ក្នុង​សំណុំរឿង​តុលាការ មិន​អាច​ចូល​កាន់​តំណែង​បានទេ រហូត​ទាល់តែ​ចប់​សំណុំរឿង​តុលាការ។ ដូច្នេះ មានន័យថា បើទោះបី​ជា​ជាប់​ឆ្នោត​ក៏ដោយ តំណាង​រាស្រ្ត ដែល​ជាប់​ចោទ ក្នុង​សំណុំរឿង​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ពេលនេះ នឹង​មិន​អាច​ចូល​កាន់តំណែង​ភ្លាមៗ​បានទេ។

ម្យ៉ាងទៀត យោងតា​មរដ្ឋធម្មនុញ្ញ​ថៃ យ៉ាងយូរ​បំផុត ៣០ថ្ងៃ ក្រោយ​ការ​បោះឆ្នោត រដ្ឋសភា​ត្រូវ​តែ​មាន​សមាជិក​គ្រប់គ្រាន់ ដើម្បី​បំពេញ​អាសនៈ​យ៉ាងតិច ៩៥%។ បើមើលទៅលើ​ស្ថានភាព​បច្ចុប្បន្ន ដែល​តំណាងរាស្រ្ត​គណបក្ស​ភឿថៃ​ រហូតដល់ទៅ​ ២២៣​រូប កំពុង​ជាប់​ការ​ស៊ើបអង្កេត​របស់​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុករលួយ ការបំពេញ​អាសនៈ ៩៥% ក្រោយ​ការ​បោះឆ្នោត ថ្ងៃទី២ កុម្ភៈ ប្រហែល​ជា​មិន​អាច​ធ្វើ​ទៅបាន​ទេ។ ​បើ​ធ្វើ​មិន​អាច​បំពេញ​លក្ខខណ្ឌ​នេះបាន រដ្ឋសភា​​នឹង​គ្មាន​សុពលភាព ហើយ​​រដ្ឋាភិបាល​ថ្មី​ក៏​មិន​អាច​​បង្កើតបាន។ នេះ​អាច​បង្ក​ទៅនេះជា​វិបត្តិ​ធម្មនុញ្ញ​ធ្ងន់ធ្ងរ ដែល​អាច​​ជា​លេស​ឲ្យ​មេទ័ព​ថៃ​​ធ្វើ​រដ្ឋប្រហារ ដណ្តើម​អំណាច​យក​មក​កាន់កាប់ ដូចដែល ធ្លាប់​កើតឡើង​​​រាប់ដង​មិន​អស់​រួចមកហើយ​ កាលពីពេល​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ