ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
សង្គម-វប្បធម៌

RSF៖ ស្ថានភាព​គំរាម​​កំហែង​លើ​អ្នក​កាសែត កាន់តែ​ធ្ងន់ធ្ងរ​ទូទាំង​ពិភពលោក

media  
លោក Christophe Deloire អគ្គលេខារបស់ RSF ធ្វើ​បទ​បង្ហាញ​​របាយការណ៍​​ឆ្នាំ​២០១៨។ ប៉ារីស ថ្ងៃ​ទី​​២៥​មេសា ២០១៨ BERTRAND GUAY / AFP

អង្គការអ្នករាយការណ៍គ្មានព្រំដែន ទើបតែចេញរបាយការណ៍ប្រចាំឆ្នាំ​របស់ខ្លួន ស្តីពីសិទ្ធិសេរីភាពសារព័ត៌មានទូទាំងពិភពលោក។ យោងតាមរបាយការណ៍ថ្មីនេះ អ្នកកាសែតទូទាំងពិភពលោក កាន់តែទទួលរងនូវការគំរាមកំហែង បំភិតបំភ័យកាន់តែខ្លាំង។ បន្ថែមពីនេះទៀត នៅតាមប្រទេសខ្លះ ដែលមាន ទំនោរនយោបាយ​ផ្តាច់ការ បានប្រើប្រាស់យុទ្ធសាស្ត្រតាមដាន រឹតត្បិតសិទ្ធិសេរីភាព ធ្វើការរបស់អ្នកយកព័ត៌មាន ព្រមទាំងបានបំផុសបំផុលព័ត៌មានក្លែងក្លាយ ដើម្បីបង្កាច់បង្ខូច ដល់បណ្តាញព័ត៌មាន ដែលមានវិជ្ជាជីវៈត្រឹមត្រូវ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់​អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) ​បានឲ្យដឹងថា ការស្អប់គុំគួន កំហឹង និងអំពើហិង្សា ធ្វើទៅលើអ្នកកាសែត បានកើនឡើង កាន់តែខ្លាំង។  ក្នុងចំណោម១៨០ប្រទេស ដែលគេបានធ្វើការអង្កេត គឺមានតែ២៤%ទេ ដែលការគោរពសិទ្ធិសេរីភាពសារព័ត៌មាន មានលក្ខណៈល្អ ឬ ល្អគួរសម។ ចំនួននេះបានថយចុះ បើប្រៀបធៀបទៅឆ្នាំមុន ដែលមាន​២៦%។

សម្តីគំរាម​កំហែង សំឡុតបំភ័យទៅលើអ្នកកាសែត ពីសំណាក់ថ្នាក់ដឹកនាំនយោបាយប្រទេសខ្លះ បានបង្កើតឲ្យមានបរិយាកាសទូទៅ ដែលស្អប់ ឬខឹងសម្បារ ទៅលើអ្នកកាសែត។ យោងតាមការអង្កេត សកម្មភាពហិង្សាលើរូបរាងកាយ ការជេរប្រមាថ ការចាប់ដាក់ឃុំដោយគ្មានឆ្លងកាត់ការជំនុំជំះ បានកើនឡើងកាន់តែច្រើន។ ការងារ ជាអ្នកកាសែត បានក្លាយជាការងារដែលកាន់តែគ្រោះថ្នាក់។

នៅសហរដ្ឋអាមេរិក គេសង្កេតឃើញថា អ្នកកាសែត កាន់តែបារម្ភពីសុវត្ថិភាព។ អ្នកកាសែតអាមេរិក ដែលត្រូវគេគម្រាមសំលាប់ មានកាន់តែច្រើន។ ហើយ​ចំនួនអ្នកកាសែតអាមេរិក ដែលបង្ខំចិត្ត ត្រូវតែមានអង្គរក្សការពារខ្លួន បានកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់។ នៅអឺរ៉ុបវិញ ស្ថានភាពសុវត្ថិភាព របស់អ្នកកាសែត ក៏បានចុះថយខ្លាំងដែរ ជាមួយនឹងករណីឃាតកម្មមួយចំនួន នៅប្រទេសម៉ាល់ត៍ ស្លូវ៉ាគី និងប៊ុលហ្ការី​ជាដើម។

នៅវៀតណាម និង​នៅចិន បណ្តាញព័ត៌មានផ្លូវការ ដែលបំរើឃោសនា ឲ្យគណបក្សដឹកនាំប្រទេស បានវាទទីកាន់តែធំ ធ្វើឲ្យវិស័យសារព័ត៌មានសេរី កាន់តែគ្មានតុល្យភាព។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋអំណាចប្រទេសទាំងនេះ បានប្រើប្រាស់ វិធានាការតាមដានយ៉ាងស្អិត ទៅលើការចុះផ្សាយរបស់បណ្តាញព័ត៌មានឯករាជ្យ ដោយអ្នកកាសែត ជាច្រើននាក់​ត្រូវជាប់ឃុំ ដោយសារតែការសរសេររិះគន់ ឬប៉ះពាល់ដល់ការដឹកនាំ។

ព្រមជាមួយគ្នានេះ រដ្ឋាភិបាលចិនមានយុទ្ធសាស្ត្រថ្មី​ ដែលសំដៅបំប៉ោង បំផុសបំផុលព័ត៌មានមិនបានការ ឬព័ត៌មានប្រឌិត ដើម្បីបំភ័ន្តមតិសាធារណៈឲ្យវង្វេង នៅលើបណ្តាញសង្គម។ គំរូនេះ កំពុងត្រូវបានប្រទេសមួយចំនួន ដែលទទួលឥទ្ធិពលពីចិន យកទៅអនុវត្តតាម ដើម្បីការពាររបបដឹកនាំផ្តាច់ការ។ នេះបើតាមការលើកឡើង របស់លោក Christophe Deloire អគ្គលេខានៃអង្គការអ្នករាយការណ៍គ្មានព្រំដែន។

តែយ៉ាងនេះក្តី របាយការណ៍នេះ​ បានបង្ហាញចំណុចវិជ្ជមាន សុទិដ្ឋិនិយមខ្លះ ស្តីពីគំរូល្អ នៃការអនុវត្ត និងការការពារសិទ្ធិសេរីភាពសារព័ត៌មាន ដូចជានៅប្រទេសន័រវ៉េស ប្រទេស​ហ្វាំងឡង់ និងប្រទេសកូស្តារីកាជាដើម។ បន្ថែមពីនេះទៀត ប្រទេសមួយចំនួន ដូចជា ម៉ាឡេស៊ី ម៉ាល់ឌីវ អេត្យូពី និងហ្កំប៊ី ជាដើម បានកែប្រែមុខមាត់យ៉ាងល្អ គួរឲ្យសរសើរ ក្នុងវិស័យសេរីភាព​សារព័ត៌មាន បន្ទាប់ពីប្រទេសទាំងនេះ បានផ្លាស់ប្តូររដ្ឋាភិបាលថ្មី៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ