អានតួអត្ថបទ

បង់ក្លាដែស​ ចាប់ខ្លួន​ជនអ៊ីស្លាមជ្រុលនិយម​ ពាក់ព័ន្ធ​ការវាយប្រហារ​សម្លាប់មនុស្ស​

កងកម្លាំងប៉ូលិស​បង់ក្លាដែស​ បានចាប់ខ្លួន​ជនសង្ស័យម្នាក់​ ដែល​ជា​ជនអ៊ីស្លាមជ្រុលនិយម​ ពាក់ព័ន្ធនឹង​ការវាយប្រហារមួយ​នាឆ្នាំ​ ២០១៦​ ក្នុង​ទីក្រុង​ដាកា​ ដែល​បានសម្លាប់​ចំណាប់ខ្មាំង​ចំនួន​ ២២ នាក់​ ដែលក្នុងនោះ​មានទាំង​ជនបរទេស​ចំនួន​ ១៨ នាក់​ទៀតផង​។ នេះបើតាម​ មន្ត្រីប៉ូលិស​ជាន់ខ្ពស់បង់ក្លាដែស​មួយរូប​ ឲ្យដឹង​នៅថ្ងៃអាទិត្យ​ ទី ២០​ មករា នេះ​។

ប៉ូលីសនៅមុខហាងនំប៉័ង ដែលរងការវាយប្រហារកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦។
ប៉ូលីសនៅមុខហាងនំប៉័ង ដែលរងការវាយប្រហារកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦។ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​នៃកងកម្លាំង​រហ័សប្រយុទ្ធប្រឆាំងនឹង​ក្រុមអ៊ីឥស្លាមនិយម​បង់ក្លាដែស​ បាននិយាយថា​ បុរស​ដែលជាជនសង្ស័យ​មានអាយុ​ ៣០ ឆ្នាំនេះ​ ហើយត្រូវបានចាប់ខ្លួន​ខណៈពេល​ដែល​ធ្វើដំណើរ​តាមរថយន្តក្រុង​ នៅខាងក្រៅ​រដ្ឋធានីដាកា​។

មួយវិញទៀត​ បើតាមមន្ត្រីប៉ូលិស​បង់ក្លាដែស​ ជនសង្ស័យវ័យ​៣០ ​ ឈ្មោះ Mamunur Rashid ត្រូវចាប់ខ្លួន​ ក្រោមបទសង្ស័យថា​ បានផ្តល់ថវិកា​ អាវុធយុទ្ធភ័ណ្ឌ​ និង​រំសេវផ្ទុះសម្រាប់​ការវាយប្រហារ​ កាលពីឆ្នាំ​២០១៦​ កន្លងទៅ​។ មិនតែប៉ុណ្ណោះ​ គេជឿថា​ លោក Rashid​ ក៏ជា​បុគ្គលសំខាន់មួយរូ​បផងដែ​រ ដែល​បាន​សម្រេចចិត្ត និងរៀបចំ​ដំណើរ​វាយប្រហារ​ ដ៏ល្បី​កក្រើកពាសពេញ​ប្រទេសបង់ក្លាដែស​ ហើយដែល​បានសម្លាប់មនុស្ស​២២ នាក់កាលណោះ​។

គួរជ្រាបទៀតថា​ ជនសង្ស័យ Rashid គឺជា​អតីតប្រតិបត្តិករ​កុំព្យូទ័រម្នាក់​ ហើយក៏មានជាប់សង្ស័យនឹង​ករណីវាយប្រហារ​មួយផ្សេងទៀតផងដែរ​។ ប៉ូលីសបង់ក្លាដែស​ បានអះអាងថា​ លោក​ Rashid អាចជាអ្នក​លួចផ្តល់ព័ត៌មាន​សំខាន់​នានា​ ដល់​ពួកអ៊ីស្លាមជ្រុលនិយម​បង់ក្លដែស​ ដើម្បីអាចវាយប្រហារសម្លាប់​ ជនជាតិភាគតិច​ជាច្រើននាក់​ នៅភាគខាងជើង​របស់ប្រទេស​នៅគ្រាកន្លងមកផងដែរ​។

សូមជម្រាបជូនថា​ ការវាយប្រហារ​ដោយហឹង្សា​ ឧស្សាហ៍​កើតមាន​ញឹកញាប់ណាស់​ក្នុងប្រទេសបង់ក្លាដែស​ បើរាប់ចាប់តាំងពីឆ្នាំ២០១៣ មក​។ ពួកអ៊ីស្លាមជ្រុលនិយមបង់ក្លាដែស​ តែងតែ​ប៉ងវាយប្រហារ​ ទៅលើក្រុមអ្នក​ដែលប្រឆាំងនឹងនិន្នាការ​របស់ពួកគេ​ ដូចជា​ ក្រុមអ្នកនិពន្ធ​ សកម្មជនសិទ្ធិមនុស្ស​ អ្នកស្រលាញ់ភេទដូចគ្នា​ ជនបរទេស​ និងជនជាតិភាគតិច​ជាដើម​។

ឆ្លើយតបនឹងបញ្ហានេះដែរ​ រដ្ឋាភិបាលបង់ក្លាដែស​ បាននិងកំពុង​ចាត់វិធានការ​បង្ក្រាបយ៉ាងសកម្ម​នៅទូទាំងប្រទេស​ ប្រឆាំងទៅនឹង​ក្រុមអ៊ីស្លាមជ្រុលនិយម​ទាំងឡាយ​ ដែលបាន​បង្កជាភាពវឹកវរ​ និងអន្តិសុខ​នៅក្នុងប្រទេស​នៅគ្រាកន្លងមក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ