ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
កម្ពុជា

លោក​អ៊ូ ច័ន្ទរ័ត្ន​៖​ការ​ចោទ​ប្រកាន់​លោក​កឹម សុខា​ថា​ចង់ផ្តួល​រំលំ​រដ្ឋាភិបាល ​គឺ​ជា​ការ​ចោទ​ដោយ​បំផ្លើស​

media  
លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ @សហការី

លោក​អ៊ូ ច័ន្ទរ័ត្ន ​អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ​បាន​ចេញ​មក​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​លោក​កឹម សុខា​។ ​ជាមួយ​នឹង​ការ​អំ​ពាវនាវ ​លោក​អ៊ូ ច័ន្ទរ័ត្ន ​ក៏​បាន​ថ្លែង​ការពារ​លោក​កឹម សុខា ​ដោយ​អះអាង​ថា​ ការ​ចោទ​លោក​ថា​មាន​បំ​ណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ គឺ​ជា​រឿង​មិន​ពិត​។ ​ប៉ុន្តែ ​អ្នក​នាំ​ពាក្យ​បក្សកាន់​អំណាច​បាន​ចេញ​មក​បញ្ជាក់​ថា ​គ្មាន​អ្នកណា​ចោទ​លោក​កឹម សុខា​ទេ ​គឺ​គាត់​រើស​យក​ទោស​មក​ដាក់​ខ្លួន​ដោយ​ខ្លួន​ឯង​។

«​ការ​ចោទ​ប្រកាន់​មក​លើ​លោក​កឹម សុខា ​ថា​ធ្វើ​ឬ​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌ ​ផ្តួល​រំលំ​រដ្ឋាភិបាល​ប្រើ​អំពើ​ហិង្សា​នោះ ​គឺ​ជា​ការ​មិន​ពិត​ទាល់​តែ​សោះ​»។ ​នេះ​គឺ​ជា​ការ​លើកឡើង​របស់​លោក​អ៊ូ ច័ន្ទរ័ត្ន ​នៅ​លើ​ទំព័រ​មុខ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​អាទិត្យ​។ ​សម្រាប់​លោក​អ៊ូ ច័ន្ទរ័ត្ន ​ការ​ចោទ​ប្រកាន់​បែប​នេះ​ អាច​ជា​ការ​បំផ្លើស​បន្លំ​ ឬ ​ការ​យល់​ច្រឡំ ​ឬ ​ការ​ចោទ​ច្រឡំ​មនុស្ស​។

អតីត​អ្នក​តំណាងរាស្រ្ត​អតីត​គណបក្ស​សង្រ្គោះជាតិ​រូបនេះ​ បាន​អះអាង​ថា ​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ ​និង​ ទាំង​សហគមន៍​អន្តរជាតិ​ សុទ្ធ​តែ​បាន​តាម​ដាន​ទាំង​សកម្មភាព ​និង​សេចក្តី​ថ្លែងការណ៍​នានា​របស់​លោក​កឹម សុខា​ កន្លង​មក​ គឺ​ថា​គ្មានទេ​អំពើ​ហិង្សា ​បដិវត្តន៍​ពណ៌ ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ទាល់​តែ​សោះ។​ ផ្ទុយ​ទៅ​វិញ ​លោក​កឹម សុខា​ តែងតែ​ណែនាំ​ទាំង​ផ្ទៃក្នុង​បក្ស ​ទាំង​ថ្លែង​ជា​សាធារណៈ​ ដោយ​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា​ មិន​ធ្វើ​បដិវត្តន៍​តែ​ធ្វើការ​ផ្លាស់ប្តូរ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌​។

ប៉ុន្តែ ​ការ​លើកឡើង​នេះ​មិន​អាច​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ទទួល​យក​បាន​នោះ​ទេ​។ ​លោក​ សុខ ឥសាន ​អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ បាន​ចេញ​មក​បញ្ជាក់​ថា​ ករណី​​លោក ​កឹម​ សុខា​ គឺ​គ្មាន​អ្នកណា​ចោទ​គាត់​ទេ​ ​តែ​លោក ​កឹម​ សុខា ​ទៅ​វិញ​ទេ ​ដែល​បាន​បង្ហាញ​ពិរុទ្ធភាព​ដោយ​ខ្លួន​ឯង​ថា ​បាន​យក​ផែនការ​របស់​រដ្ឋាភិបាល​អាមេរិក​មក​អនុវត្ត​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា​តាម​គំរូនៅ​ប្រទេស​យូហ្គោស្លាវី ​និង​ ស៊ែបី​​។ ​សម្រាប់​លោក​សុខ ឥសាន​ នេះ​ គឺ​ជា​បទល្មើស ​ដែល​នាំ​ឱ្យ​តុលាការ​ចាត់​នីតិវិធី​បាន​ស្រប​ទៅ​តាម​ច្បាប់​។

លោក​កឹម សុខា​ ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ក្បត់ជាតិ ​ហើយ​នៅ​ពេល​នេះ​លោក​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ​ដើម្បី​ឱ្យ​តុលាការ​បន្ត​កិច្ចការ​ស៊ើប​អង្កេត​តាម​នីតិវិធី​ច្បាប់​។ ​ប៉ុន្តែ​ក្រុម​មេធាវី​លោក​កឹម សុខា ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​មក​ដល់​ពេល​នេះ ​ដំណើរ​នីតិវិធី​ស៊ើប​អង្កេត​លើ​លោក​កឹម សុខា ​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​មាន​អ្វី ​វិ​វត្ត​ទៅមុខ​នោះទេ គឺ​នៅ​ទ្រឹង​នៅ​ឡើយ​។ ​ហេតុ​ដូច្នេះ​ហើយ ពួកគេ​ក្នុង​ចំណោម​មេធាវី​លោក​ កឹម សុខា ​ចង់​ឱ្យ​ចៅក្រម​ស៊ើបសួរ​ បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​នេះ​ត​ទៅ​ទៀត​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ