ក្រុមអ្នកកាសែតខ្មែរចេញលិខិតចំហស្នើឱ្យតុលាការពន្លឿនការប្រកាសសាលក្រមលើអតីតអ្នកកាសែត
ក្រុមអ្នកកាសែតកម្ពុជាដែលបម្រើការងារនៅតាមស្ថាប័នព័ត៌មាននានានៅក្នុងប្រទេសកម្ពុជានៅថ្ងៃអាទិត្យនេះ បានចេញលិខិតចំហមួយទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ លិខិតចំហរនេះ គឺក្រុមអ្នកកាសែតបានអំពាវនាវឱ្យតុលាការពន្លឿនការប្រកាសសាលក្រមលើអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីរនាក់គឺលោកអ៊ួន ឈិន និង លោកយាង សុធារិន្ទ ហៅយាង សុជាមេត្តា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៩
ក្រុមអ្នកកាសែតកម្ពុជាបានសម្តែងនូវការព្រួយបារម្ភ និង បានចាត់ទុកការពន្យារពេលនៃការប្រកាសសាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ថាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីរនាក់គឺលោកអ៊ួន ឈិន និង លោកយាង សុធារិន្ទ ហៅយាង សុជាមេត្តា។ ហេតុដូច្នេះហើយ ក្រុមអ្នកកាសែតកម្ពុជា បានស្នើសុំឱ្យតុលាការឆាប់ប្រកាសសាលក្រមនេះ និង បានស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីទាំងពីរនាក់នេះថែមទៀត។
លិខិតចំហររបស់ក្រុមអ្នកកាសែតកម្ពុជានេះ ធ្វើឡើងស្របពេលដែលដំណឹងនៃការប្រកាសសាលក្រមលើសំណុំរឿងអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីហាក់នៅស្ងាត់ឈឹងនៅឡើយ។ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ តុលាការក្រុងភ្នំពេញបានពន្យារការប្រកាសសាលក្រមលើអតីតអ្នកកាសែតដោយមិនកំណត់ពេលច្បាស់លាស់។ សំណុំរឿងអតីតអ្នកកាសែតទាំងពីរ ត្រូវបានតុលាការក្រុងភ្នំពេញ បានបើកសវនាការជំនុំជម្រះរួចហើយកាលបីថ្ងៃទី២៦ ខែកក្កដា ។ តុលាការបានចោទប្រកាន់ពួកគេទាំងពីរចំនួនពីរបទល្មើស គឺ បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឱ្យអន្តរាយការការពារជាតិ និងបទ ផលិត និងកាន់កាប់រូបភាពអាសអាភាស។
សម្រាប់ក្រុមអ្នកកាសែតកម្ពុជា បទចោទប្រកាន់ទាំងពីរនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីទាំងពីរនាក់។ ពួកគេបានអះអាងថា ការចោទប្រកាន់មកលើអតីតអ្នកកាសែតទាំងពីរនេះ កំពុងតែបង្កភាពភ័យខ្លាចដល់អ្នកកាសែតដទៃទៀត ព្រមទាំងធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ។ ជាមួយគ្នានេះ ក្រុមអ្នកកាសែតកម្ពុជាក៏បានរំលេចឱ្យដឹងផងដែរថា នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពិតប្រាកដជូនដល់ប្រជាពលរដ្ឋ។ រីឯ អ្នកកាសែតវិញ គឺមានតួនាទីក្នុងការរាយការណ៍អ្វីដែលជាការពិតជូនដល់សាធារជន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ