អានតួអត្ថបទ
សហរដ្ឋអាមេរិក-រុស្ស៊ី

ជឿឬមិនជឿ​ លោក​ដូណាល់ត្រាំ ​ត្រូវ​ស្តាប់​របាយការណ៍​ស្តីពី​ការ​លូកដៃ​របស់​រុស្ស៊ី​ក្នុង​កិច្ចការ​បោះឆ្នោត

នៅថ្ងៃ​សុក្រ​ទី ​៦មករា​ នេះ​ ប្រមុខ​ការិយាល័យ​ស៊ើបការណ៍​​សំងាត់​អេមេរិក ​ ប្រធាន​CIA ​និង​អគ្គនាយក​ FBI ​នឹង​ទៅ​ជួប​លោក ​ដូណាល់ ត្រាំ ​ដើម្បី​ពន្យល់​ពី​ការ​សន្និដ្ឋាន​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក​ ស្តីពី​តួនាទី​របស់​រុស្ស៊ី ​នៅ​ពីក្រោយ​កា​រចូល​ទៅលួច​យក​ទិន្ន័យ​ព័ត៌មានវិទ្យា ​ក្នុង​កំឡុង​ពេល​បោះឆ្នោត​កន្លង​ទៅ។ កាលពីថ្ងៃ ទី​៥មករា​ ប្រមុខ​ស៊ើបការណ៍​សំងាត់​អាមេរិក ​បាន​ចូល​ទៅ​ជួប​គណកម្មការ​ការពារ​ជាតិ​នៃ​ព្រឹទ្ធសភា ​ហើយ​បាន​រក្សា​ការ​សន្និដ្ឋាន​របស់​ខ្លួន​ថា ​ រុស្ស៊ី​ពិត​ជា​នៅ​ពីក្រោយ​ទង្វើ​នេះ​មែន។ កន្លង​មក ​លោក​ដូណាល់ ត្រាំ ​តែងតែ​ប្រកែក ​មិន​ទទួល​ស្គាល់​ការ​សន្និដ្ឋាន​នេះ​ទេ។ តែ​យ៉ាងណា ​ពេល​នេះ ​ទោះចង់​មិន​ចង់ ​លោក​ដូណាល់ ត្រាំ ​ត្រូវ​តែ​ស្តាប់​ការ​ពន្យល់ ​ព្រោះ​រឿងនេះ​ មិនមែន​ជា​រឿង​លេង​សើច​ឡើយ។

លោក James Clapper នាយកការិយាល័យស៊ើបការសម្ងាត់​​របស់​សហរដ្ឋ​អាមេរិក
លោក James Clapper នាយកការិយាល័យស៊ើបការសម្ងាត់​​របស់​សហរដ្ឋ​អាមេរិក AFP/AFP
ផ្សាយពាណិជ្ជកម្ម

លោក​ចន ម៉ាខេន ​ប្រធាន​គណកម្មការ​ការពារ​ជាតិ​នៃ​ព្រឹទ្ធសភា ​បាន​ចាត់​ទុក​ថា ​ ទង្វើ​របស់​រុស្ស៊ី ​ ដែល​បាន​ចូល​មក​ជ្រៀតជ្រែក ​ក្នុង​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ​ គឺ​មិន​ខុស​ពី​ការ​ប្រកាស​សង្រ្គាម​ទេ។ សម្តី​នេះ ​ បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់ ​អំពី​គំលាត​គ្នា ​រវាង​មន្ត្រី​គណបក្ស​សាធារណៈរដ្ឋ​រូបនេះ ​ ជាមួយ​លោក​ដូណាល់ ត្រាំ ​ដែល​ជា​ប្រធានាធិបតី​ថ្មី។ សមាជិក​សភា ​និង​ព្រឹទ្ធសភា​អាមេរិក ​មិនថា​ មក​ពី​គណបក្ស​សាធារណៈរដ្ឋ ​និង​បក្ស​ប្រជាធិបតេយ្យ​ទេ ​ គេ​បាន​សម្តែង​ការ​ទុកចិត្ត​ ទៅលើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត។

 
នៅថ្ងៃ​សុក្រ​នេះ ​លោក​ដូណាល់​ ត្រាំ ​ត្រូវជួប​ជាមួយ​លោក ​ប្រធាន​ការិយាល័យ​ស៊ើបការណ៍​សំងាត់ ​ លោក​ប្រធាន​CIA ​ និង​អគ្គនាយក​FBI ​ដើម្បី​ស្តាប់​ការ​ពន្យល់​ ស្តីពី​ការ​សន្និដ្នាន។ ប្រធាន​ភ្នាក់ងារ​ស៊ើបការណ៍​ទាំង៣​របស់​អាមេរិក​ សុទ្ធតែ​មាន​ជំហរ​ដូចគ្នា ​ ដោយ​ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​យ៉ាង​ម៉ដ្ឋ​ចត់​ថា​ រដ្ឋាភិបាល​រុស្ស៊ី​ ពិត​ជា​អ្នក​នៅ​ពីក្រោយ ​ នៃ​ការ​ចូល​មក​លួច​ទិន្ន័យ​ព័ត៌មានវិទ្យា​ របស់​គណបក្ស​ប្រជាធិបតេយ្យ​ពិតមែន។ ក៏ប៉ុន្តែ ​កន្លង​មក​ លោក​ដូណាល់ ត្រាំ ​តែងតែ​ប្រកែក​ មិន​ទទួល​យក​ការ​សន្និដ្ឋាន​នេះ ​ ហើយ​ថែម​ទាំង​ចំអក​ឌឺដង ​ទៅដល់​ទីភ្នាក់​ស៊ើប​អង្កេត​ធំៗ​របស់​អាមេរិក​ ទាំងបី​នេះ​ទៀង​ផង។

លោក​ James Clapper ​អគ្គនាយក​ទីភ្នាក់ងារ​ស៊ើប​អង្កេត​អាមេរិក​ បាន​ថ្លែងថា​ គោល​ជំហរ​ និង​សំដី​របស់​លោក​ដូណាល់ត្រាំ ​កន្លង​មក​ គឺ​មាន​ការ​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ទឹកចិត្ត​របស់​ក្រុម​ការងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក។​ លោកថា​ ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក​មួយ​ទាំង​មូល ​ លោក ​ត្រាំ ​បែ​រជា​និយាយ​ក្នុង​ន័យ​មិន​ទុកចិត្ត ​និង​មិន​ផ្តល់​តំលៃ​ ទៅដល់​ក្រុម​ការងារ​របស់​ប្រទេស​ខ្លួន​ ទៅ​វិញ។

សូមបញ្ជាក់​ថា ​យោង​តាម​ការ​ចុះផ្សាយ​របស់ ​CNN ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ស៊ើបការណ៍​សំងាត់​អាមេរិក ​បាន​កំណត់​មុខ​សញ្ញា ​និង​អត្តសញ្ញាណ​អ្នក​ដែល​ចូល​មក​លួច​ទិន្ន័យ​ព័ត៌មានវិទ្យា ​ដែល​ជា​ដៃជើង​របស់​រដ្ឋាភិបាល​រុស្ស៊ី ​មុន​នឹង​ចែកចាយ​ទិន្ន័យនេះ​ ទៅ​ឲ្យ​គេហទំព័រ​Wikileaks។ បន្ថែម​ពី​នេះ​ទៀត ​ កាសែត​ Washington Post ​បាន​ចុះផ្សាយ​ដែរ​ថា ​គេ​បាន​ថត​បាន​សម្លេង​អបអរសាទរ​របស់​ថ្នាក់ដឹកនាំ​រុស្ស៊ី ​នៅ​ពេល​ដែល​បាន​ដឹង​ដំណឹង​ថា ​លោក​ដូណាល់ ត្រាំ ​បាន​ឈ្នះឆ្នោត​ទៀត​ផង។

គ្រប់គ្នា​ពេល​នេះ ​ កំពុង​រងចាំ​មើល ​ថា​តើ​លោក​ដូណាល់​ ត្រាំ​ នឹង​ផ្លាស់ប្តូរ​គោលជំហរ​ដែរ​រឺទេ​ នៅ​ពេល​​ដែល​បាន​ជួប​ផ្ទាល់ ​និង​ស្តាប់​ការ​ពន្យល់​ពី​ប្រមុខ​ថ្នាក់ដឹក​នាំ​ស៊ើបការណ៍​សំងាត់។ ដោយ​ឡែក​ លោក​អូបាម៉ា ​បាន​ថ្លែង​តាម​ទូរទស្សន៍​ថា ​ លោក​សង្ឃឹម​ថា ​នៅ​ពេល​ដែល​លោក​ដូណាល់ ត្រាំ ​បាន​អាន​លំអិត​អំពី​របាយការណ៍​នេះ​ ​លោក​និង​យល់ពី​ការពិត​ ហើយ​ងៀក​មក​លើក​ទឹកចិត្ត ​ដល់​ក្រុម​ការងារ​ស៊ើប​អង្កេត​អាមេរិក​ ព្រោះ​ពួកគេ​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ ​ មិនមែន​ចេះ​តែ​ចោទ​ទៅ​លើ​រុស្ស៊ី ​ដោយ​គ្មាន​ភស្តុតាង​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ