អានតួអត្ថបទ
ប្រេស៊ីល-ពុករលួយ

រដ្ឋអាជ្ញារ​ប្រេស៊ីល​សុំឲ្យ​ចាប់​លោក លូឡា ​ដាក់ឃុំ​បណ្តោះ​អាសន្ន

វិបត្តិ​នយោបាយ​ វិបត្តិ​សេដ្ឋកិច្ច ​បូក​បន្ថែម​ជាមួយ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​ដ៏ធំ ​កំពុង​អង្រួន​ប្រទេស​ប្រេស៊ីល​ឲ្យ​រញ្ជួយ។ លោក លូឡា ​អតីត​ប្រធានាធីបតី​ប្រេស៊ីល ​ដ៏​មាន​ប្រជាប្រិយភាព ​កំពុងតែ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ​ទទួល​សំណូក។​ នៅថ្ងៃ​ទី​ ១១​ មីនា​នេះ ​រដ្ឋអាជ្ញារ​អម​តុលាការ​ក្រុង​សាវប៉ូឡូ ​បាន​ធ្វើការ​ស្នើ​សុំ​ឲ្យ​ចាប់​លោក ​លូឡា ​ដាក់​ឃុំ​បណ្តោះ​អាសន្ន ​ដើម្បី​ការពារ​កុំឲ្យ​មាន​ការ​គេចវេស។

បន្ទាប់​ពី​ដោះលែង​​ពី​ការ​សួរចម្លើយ​​​ថ្ងៃ​ទី​ ៤មីនា ​លោក​ លូឡា ធ្វើ​សន្និសីទ​​កាសែត​​ប្រកាស​​ពីភាព​ស្អាតស្អំ​របស់​លោក​ និង​ចោទ​ប្រកាន់​ប្រព័ន្ធ​តុលាការ​ជាកូន​អុក​នយោបាយ​
បន្ទាប់​ពី​ដោះលែង​​ពី​ការ​សួរចម្លើយ​​​ថ្ងៃ​ទី​ ៤មីនា ​លោក​ លូឡា ធ្វើ​សន្និសីទ​​កាសែត​​ប្រកាស​​ពីភាព​ស្អាតស្អំ​របស់​លោក​ និង​ចោទ​ប្រកាន់​ប្រព័ន្ធ​តុលាការ​ជាកូន​អុក​នយោបាយ​ REUTERS/Paulo Whitaker
ផ្សាយពាណិជ្ជកម្ម

គេ​មិនចង់​ជឿថា​អតីត​ប្រធានាធិបតី​ជាទី​ស្រលាញ់ ​ត្រូវ​ជាប់​ចោទ​ពី​បទ​ពុក​រលួយ៖

លោក លូឡា ​អតីត​ប្រធានាធិបតី​ប្រេស៊ីល ​ក្នុង​រវាង​ឆ្នាំ​២០០៣​ ដល់​២០១០​ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ថា​បាន​ទទួល​សំណូក ​ជា​គេហដ្ឋាន​មាត់​សមុទ្រ ​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន​សំណង់​សាធារណៈ ​BTP​ ដែល​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​រុករក​ និង​ផលិត​ប្រេង​ប្រេស៊ីល ​ឈ្មោះ ​Petrobras។ គឺ​ក្រុមហ៊ុន ​ទាំងពីរ​នេះ​ហើយ ​ដែល​កំពុង​ជាប់​រឿង​អាស្រូវ​ដ៏​មហិមា​នៅ​ប្រេស៊ីល ​ហើយ​បាន​អូស​ទាញ​ប្រធាន​ក្រុមហ៊ុន​ក៏​ដូច​ជា​អ្នក​នយោបាយ​ជាច្រើន ​ ឲ្យ​ដើរ​ចូល​តុលាការ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល ​គឺ​លោក​អតីត​ប្រធានាធិបតី​ លូឡា ​ដែល​ជា​ប្រធានាធិបតី​មាន​ប្រជាប្រិយ​បំផុត​ ក៏​ត្រូវ​ជាប់​ក្នុង​សំណាញ់​នេះ​ដែរ។ ក្នុង​កំឡុង​ពេល​កាន់​អំណាច ​គឺ​លោក​ប្រធានាធិបតី​លូឡា​នេះ​ហើយ ​ដែល​បាន​ជួយ​ស្រោចស្រង់ ​​ជីវភាព​ប្រជាជន​ប្រស៊ីល​ក្រីក្រ​រាប់​លាន​នាក់ ​តាម​រយៈ​ការ​បង្កើន​សន្ទុះ​សេដ្ឋកិច្ច​ប្រេស៊ីស ​និង​ការ​ជួយ​គិតគូរ​ដល់​ប្រជាជន​ក្រីក្រ​នៅ​តាម​ជនបទ។
 
ប្រើ​ប្រជាប្រិយភាព​ អូសទាញ​មនុស្ស​ឲ្យ​ធ្វើ​បាតុកម្ម ​រារាំង​ការងារ​តុលាការ៖

ប្រជាជន​ធ្វើ​បាតុកម្មប្រឆាំង​នឹងការចោទប្រកាន់​លើ​រូប​លោក​ លូឡា​ ពីបទអំពើ​ពុករលួយ
ប្រជាជន​ធ្វើ​បាតុកម្មប្រឆាំង​នឹងការចោទប្រកាន់​លើ​រូប​លោក​ លូឡា​ ពីបទអំពើ​ពុករលួយ REUTERS/Paulo Whitaker

បន្ទាប់​ពី​ត្រូវ​បាន​នគរបាល​ចាប់​ក្របួច​កអាវ​លោក ​នៅ​ប្រលាន​យន្តហោះ ​យក​ទៅ​សាក​សួរ​ចម្លើយ​ មាន​ប្រជាជន1​ប្រេស៊ីល ​ក៏ដូច​ជា​សកម្មជន​គណបក្ស​ពលករ​របស់​លោក ​ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​បរិហារ​អំពី ​កម្មវត្ថុ​នយោបាយ​នៃ​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ លូឡា។ ប៉ុន្តែ​សម្រាប់​ពេល​នេះ ​រដ្ឋអាជ្ញារ​ប្រេស៊ីល ​បាន​ធ្វើការ​វាយបក ​ដោយ​បាន​ចោទ​ប្រកាន់​ថា ​លោក​លូឡា ​បាន​ប្រើប្រាស់​ប្រជាប្រិយភាព​របស់​គាត់ ​អូសទាញ​មនុស្ស​មក​ធ្វើ​បាតុកម្ម​បង្ករ​ជា​ភាព​អនាធិបតេយ្យ ​ក្នុង​សណ្តាប់ធ្នាប់​សាធារណៈ ​និង​ជា​ពិសេស​គឺ​រារាំង​ការងារ​របស់​តុលាការ។

ក្រោម​ហេតុផល​ទាំង​នេះ​ហើយ ​ទើប​លោក​រដ្ឋ​អាជ្ញារ​បាន​ទាមទារ ​ទុក​លោក​លូឡា ​ឲ្យ​នៅ​ក្នុង​ការ​ឃុំឃាំង​បណ្តោះ​អាសន្ន។ ប៉ុន្តែ​សម្រាប់​អ្នក​គាំទ្រ​លោក​លូឡា ​នេះ​គឺ​រឿង​អយុត្តិធម៌​ស្រស់ៗ ​ព្រោះ​តុលារការ​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ដូចគ្នា​ទៅ​លើ​ប្រជាជន​ប្រេស៊ីល​ទូទៅ ​មិនមែន​ដោយសារ​តែ​លោក​លូឡា ​ជា​អតីត​ប្រធានាធិបតី​ទើប​ចាប់​គាត់​ ដាក់​ឃុំ​បណ្តោះ​អាសន្ន​បែប​នេះ​ទេ។

រឿង​អាស្រូវ​ ប៉ូវ​ប្រយោជន៍​នយោបាយ៖
សូម​បញ្ជាក់​ថា ​រឿង​អាស្រូវ​ពុក​រលួយ​នេះ ​បាន​កើត​ឡើង​ចំ​ពេល​ដែល​ប្រេស៊ីល​កំពុង​តែ​មាន​វិបតិ្ត​នយោបាយ ​ដោយសារ​តែ​លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល​ ឌីលម៉ា រូសែហ្វ ​កំពុងតែ​ប្រឈមមុខ ​នឹង​ការ​បោះឆ្នោត​រំលាយ​រដ្ឋាភិបាល​ពី​សំណាក់​រដ្ឋសភា។ នៅ​បី​ថ្ងៃ​ទៀត​នេះ ​នឹង​មាន​ការ​រៀបចំ​បាតុកម្ម​ដ៏​ធំ​មួយ​ទូទាំង​ប្រទេស ​ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង។ លោកស្រី រូសែហ្វ ​ក៏​ជា​អ្នក​មក​ពី​គណបក្ស​ពលករ​ របស់​លោក​លូឡា​ដែរ។ ហើយ​បើទោះ​បី​ជា​លោកស្រី​មិន​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​ក្នុង​សំណុំរឿង​ពុក​រលួយ ​ក៏​បន្តែ​មតិ​ជាច្រើន​បាន​ចោទ​លោកស្រី​ថា​បាន​បិទភ្នែក ​ព្រោះ​រឿង​ហេតុ​បាន​កើតឡើង​ក្នុង​ពេល​ដែល​លោកស្រី ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ​ដែល​ជា​ក្រសួង​មេ ​ជាអ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ជាតិ​ប្រេងកាត​ Petrobras

ថ្វីបើ​ស្ថាប័ន​តុលាការ​ប្រេស៊ីល​ មាន​ឯករាជ្យ​ពេញលេញ​ក៏​ដោយ ​ក៏គេ​នៅ​តែ​ព្រួយ​បារម្ភ​ថា ​ទាំងអស់​នេះ​គឺ​ជា​លេស​នយោបាយ ​ដើម្បី​វាយ​បំបែក​គណបក្ស​ពលករ​តែ​ប៉ុណ្ណោះ។​ មុន​នឹង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ លោក​លូឡា ​បាន​បង្ហើប​ថា​លោក​នឹង​ត្រឡប់​មក​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ នៅ​អាណត្តិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ