អានតួអត្ថបទ
ប្រេស៊ីល

ប្រេស៊ីល៖ហេតុអ្វី​បាន​ជា​បាតុករ​បន្ត​ទាមទារ​ឲ្យ​លោកស្រី​ឌីលម៉ា រូសសេហ្វ​ចុះ​ពី​តំណែង?

នៅ​ថ្ងៃ​អាទិត្យ ទី១៦ សីហា​នេះ ប្រទេស​ប្រេស៊ីល​បាន​ស្គាល់​មហាបាតុកម្ម​ជា​ថ្មី​រៀបចំ​នៅ​ក្នុង​ខេត្ត ក្រុង​ជាង ២០០ នៅ​ទូទំាង​ប្រទេស។ គោលដៅ គឺ​ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី​ឌីលម៉ា រូសសេហ្វ (Dilma Rousseff) ចុះ​ចេញ​ពី​តំណែង។ មាន​អាយុ ៦៧ឆ្នំា លោកស្រី​ឌីលម៉ា​បាន​ជាប់ចោទ​នៅ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​មួយ​ទាក់ទង​នឹង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ឈ្មោះ ប៉េត្រូប្រា (Petrobras) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។ កាល​ពី​ដើម​ឆ្នំា​នេះ ក្បួន​បាតុកម្ម​ស្រដៀង​គ្នា​នេះ​ធ្លាប់​បាន​រៀបចំ​ក្នុង​ខែ​មីនា និង​មេសា ដោយ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ៣លាននាក់។

ប្រេស៊ីល៖ហេតុអ្វី​បាន​ជា​បាតុករ​បន្ត​ទាមទារ​ឲ្យ​លោកស្រី​ឌីលម៉ា រូសសេហ្វ​ចុះ​ពី​តំណែង?
ប្រេស៊ីល៖ហេតុអ្វី​បាន​ជា​បាតុករ​បន្ត​ទាមទារ​ឲ្យ​លោកស្រី​ឌីលម៉ា រូសសេហ្វ​ចុះ​ពី​តំណែង? REUTERS/Paulo Whitaker
ផ្សាយពាណិជ្ជកម្ម

ក្បួនបាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល​ឌីលម៉ា រូសសេហ្វ​ចុះ​ចេញ​ពី​តំណែង​បាន​រៀបចំ​ដោយ​ចលនា​សំខាន់ៗ​ចំនួន ៣។ ចលនា​ទី១ មាន​ឈ្មោះ​ថា ចលនា « នំា​គ្នា​ចុះ​ផ្លូវ » ចលនា​ទី២ មាន​ឈ្មោះ​ថា​ចលនា « ប្រេស៊ីល​សេរី » ដែល​បាន​តំាង​ខ្លួន​ជា​ចលនា​ស្តំានិយម​ថ្មី និង​ចុង​ក្រោយ​គឺ​ចលនា« បះបោរ on line »។ គឺ​ចលនា​ទំាង ៣ នេះ​ហើយ​ដែល​បាន​រៀបចំ​ក្បួប​បាតុកម្ម​កាល​ពី​ខែ​មីនា និង​មេសា​កន្លង​ទៅ ដោយ​បាន​កែន​ប្រមូល​មនុស្ស​ឲ្យ​ចូលរួម​ប្រមាណ​ជា ៣លាននាក់​នៅ​ក្នុង​ចំនួន​ប្រជាជន​ប្រេស៊ីល​សរុប ២០៤លាននាក់។ នៅ​ក្នុង​ក្បួនបាតុកម្ម​ថ្ងៃ​នេះ​ទៀត ចលនា​ទំាង ៣ សង្ឃឹម​នឹង​អាច​មាន​មនុស្ស​ចូលរួម​យ៉ាង​ច្រើន​កុះករ។

កម្មវត្ថុ​របស់​ចលនា​ទំាង ៣ គឺ​ទាមទារ​ឲ្យ​បិទបញ្ចប់​និទណ្ឌភាព​នៅ​ក្នុង​រឿងអាស្រូវ​ពុករលួយ និង​ការ​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​ចេញ​ពី​តំណែង​ប្រធានាធិបតី។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ក្រុម​តូចតាច​មួយ​ចំនួន​ថែម​ទំាង​បាន​ចេញ​មុខ​ទាមទារ​ឲ្យ​មាន​ការ​វិល​ត្រឡប់​វិញ​នូវ​របប​យោធា​ដែល​ប្រេស៊ីល​ធ្លាប់​បាន​ភ្លួករសជាតិ​ពី​ឆ្នំា ១៩៦៤ ដល់​ឆ្នំា ១៩៨៥។ យ៉ាង​ណា​ក៏​ដោយ និង​អ្វី​ដែល​ថ្មី​លើក​ទី១ នៅ​ក្នុង​ក្បួនបាតុកម្ម​ថ្ងៃ​នេះ គឺ​ការ​គំាទ្រ​ពី​គណបក្ស​សង្គមប្រជាធិបតេយ្យ​របស់​លោក Aecio Neves។ លោក Aecio ដែល​បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ចង់​ចួលរួម​ក្នុង​នាម​ជា​បុគ្គល​ផ្ទាល់​ខ្លួន ពោល​មិនមែន​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ទេ។ គួរ​រម្លឹក​ជូន​ថា លោក Aecio គឺ​ជា​បេក្ខជន​ប្រធានាធិបតី​ចាញ់​ឆ្នោត​នា​ការ​បោះឆ្នោត​ក្នុង​ឆ្នំា ២០១៤ កន្លង​ទៅ។

តើ​រឿងរ៉ាវ​ពុករលួយ​នៅ​ក្នុង​ក្រុមហ៊ុន​ប៉េត្រូប្រា​បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច?

រឿងអាស្រូវ​ពុករលួយ​នៅ​ក្នុង​ក្រុមហ៊ុន​ប៉េត្រូប្រា​មាន​លក្ខណៈ​នយោបាយ​ច្រើន និង​ស្មុគស្មាញ។ នយោបាយ និង​ស្មុគស្មាញ ព្រោះ​វា​កំពុង​ជំពាក់​វាក់វិន​នឹង​នឹង​គណបក្ស​នយោបាយ ក៏​ដូច​ជា​ឥស្សរជន​នយោបាយ​ជា​ច្រើន​រូប។ រឿង​អាស្រូវ​ពុករលួយ​ដែល​បាន​បែក​ធ្លាយ​ក្នុង​ខែ​មីនា ឆ្នំា ២០១៤ មួយ​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ប៉េត្រូប្រា និង​ក្រុមហ៊ុន​សំណង់​សាធារណៈ BTP។ ក្រុមហ៊ុន​ទំាង​ពីរ​នេះ​បាន​សហការណ៍​គ្នា​ដើម្បី​ទទួល​គម្រោង​សាងសង់​សំខាន់ៗ​របស់​រដ្ឋ ពិសេស​សំណង់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទីកន្លែង​ប្រភព​ទឹកជ្រៅ​​ដែល​ទើប​បាន​រក​ឃើញ​នៅ​ឆ្នេរសមុទ្រ​ប៉ែកខាង​ត្បូង។

ប៉ុន្តែ និង​ដើម្បី​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​ពី​ក្រុមហ៊ុន​ប៉េត្រូប្រា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន ក្រុមហ៊ុន​សំណង់​សាធារណៈ BTP បាន​សូក​លុយ​ទៅ​ឲ្យ​គណបក្សនយោបាយ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ដែល​បាន​កាន់​អំណាច​តំាង​ពី​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​លូឡា​ពី​ឆ្នំា ២០០៣ ដល់​ឆ្នំា ២០១០។ លុយ​សូបប៉ាន់​ទំាង​នោះ​ប្រហែល​ជា​ត្រូវ​បាន​គណបក្ស​យក​ទៅ​ចំណាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ក៏​ប្រហែល​ជា​បាន​ធ្លាក់​ចូល​ក្នុង​ហោបៅ​ថ្នាក់ដឹកនំា​ក្រុមហ៊ុន ឬមួយ​ក៏​ឥស្សរជន​នយោបាយ​មួយ​ចំនួន។

អ្វី​ជា​ការ​កត់សម្គាល់ រឿង​អាស្រូវ​ពុករលួយ​មួយ​នេះ​បាន​បែក​ធ្លាយ​ក្នុង​ខែ​មីនា ឆ្នំា ២០១៤ តែ​បាន​កើត​មាន​តំាង​ពី​មុន​លោកស្រី​ឌីលម៉ា រូសសេហ្វ​ក្លាយ​ជា​ប្រធានាធិបតី។ អ៊ីចឹង​ហើយ​បាន​ជា​ឈ្មោះ​របស់​លោកស្រី​មិន​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ជា​ជនសង្ស័យ​របស់​រដ្ឋអាជ្ញា​ទេ។ តែ​ចំណោទ​នៅ​ត្រង់​ថា លោកស្រី​មិនជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​មែន តែ​រឿងរ៉ាវ​ពុករលួយ​នោះ​បាន​ផ្ទុះ​ឡើង ក្នុង​ពេល​ដែល​លោកស្រី​មាន​តួនាទី​ជា​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​លូឡា។ អ៊ីចឹង​ហើយ​បាន​ជា​មតិមហាជន​ប្រេស៊ីល​ភាគ​ច្រើន​យល់​ឃើញ​ថា លោកស្រី​មិន​អាច​និយាយ​ថា មិន​ដឹង​អ្វី​ទំាង​អស់​ទេ។

លោកស្រី​ឌីលម៉ា រូសសេហ្វ​ជា​ប្រធានាធិបតី​ប្រេស៊ីល​អប្រជាប្រិយ​ជាង​គេ​តំាង​ពី​ឆ្នំា ១៩៨៥

គេ​អាច​និយាយ​បាន​ទេ​ថា រឿងអាស្រូវ​ពុករលួយ​មួយ​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​បាត់បង់​​ស្ថិរភាព​នៅ​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន និង​រូបលោកស្រី​ផ្ទាល់​ក៏​កំពុង​ជួប​ការ​លំបាក​ខ្លំាង ព្រោះ​ចូរ​កុំ​ភ្លេច​ថា រឿងរ៉ាវ​ពុករលួយ​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​មួយ​នេះ​នឹង​ត្រូវ​ប្រើ​ពេល​យ៉ាង​តិច ១ឆ្នំា ទើប​អាច​រក ស ខ្មៅ​ឃើញ។ ស្រប​ពេល​គ្នា​នេះ លោកស្រី​ឌីលម៉ា រូសសេហ្វ​ក៏​ទើប​បាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី២ នា​ថ្ងៃ​ទី១ មករា​កន្លង​ទៅ​ប៉ុណ្ណោះ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ផលវិបាក​នយោបាយ​កើត​ចេញ​ពី​រឿង​អាស្រូវ​ពុករលួយ​ពិត​ជា​រឿង​មួយ​មិន​អាច​ចៀស​ផុត​ទេ។

សព្វថ្ងៃ​នេះ គឺ​រដ្ឋាភិបាល​ចម្រុះ​របស់​លោកស្រី​ដែល​កំពុង​ទទួល​សម្ភាធ​ខ្លំាង​ពី​មជ្ឈដ្ឋាន​មហាជន​ប្រេស៊ីល​ទូទៅ ហើយ​កៅអី​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា​ក៏​ផ្តើម​រង្គើ​តិចៗ​ដែរ។ គួរ​ជម្រាប​ជូន​ថា មាន​អាយុ ៦៧ឆ្នំា លោកស្រី​ឌីលម៉ា រូសសេហ្វ​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​លើក​ទី១ សម្រាប់​រយៈពេល ៤ឆ្នំា​ក្នុង​ឆ្នំា ២០១០ និង​បាន​ជាប់​មួយ​អាណត្តិ​ថ្មី​ទៀត​ដោយ​ឈ្នះ​គូប្រជែង​តិចតួច​នា​ការ​បោះឆ្នោត​ក្នុង​ឆ្នំា ២០១៤។ តែ​បញ្ហា​នៅ​ត្រង់​ថា ប្រជាប្រិយភាព​របស់​លោកស្រី​បាន​ធ្លាក់​ដល់​បាតដាល ពោល​មាន​អ្នក​គំាទ្រ​តែ ៨%​ប៉ុណ្ណោះ។

ជាមួយ​នឹង​អត្រា​គំាទ្រ ៨% នេះ លោកស្រី​ឌីលម៉ា រូសសេហ្វ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ប្រេស៊ីល​ដែល​អប្រជាប្រិយ​ជាង​គេ គិត​ទំាង​ពី​ក្រោយ​ការ​បិទបញ្ចប់​របប​យោធា​ផ្តាច់ការ​នៅ​ប្រេស៊ីល​ក្នុង​ឆ្នំា ១៩៨៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ