ព្យុះអ៊ូរ៉ាហ្កង់ Irma សម្លាប់មនុស្សយ៉ាងតិច ៩នាក់ នៅសមុទ្រការ៉ាអ៊ីប
ខ្យល់ព្យុះ អ៊ូរ៉ាហ្កង់ អៀរម៉ា កំពុងបក់បំផ្លាញ យ៉ាងធ្ងន់ធ្ងរ បណ្តាកោះនៅ សមុទ្រការ៉ាអ៊ីប។ ខ្យល់ព្យុះសង្ឃរាដែលមានកម្លាំងខ្លាំង មិនធ្លាប់មាន នៅក្នុងប្រវត្តិខ្យល់ព្យុះ នៅមហាសមុទ្រអាត្លង់ទិក បានសម្លាប់ជីវិតមនុស្សយ៉ាងតិច ៩នាក់ និងរបួស ២១នាក់ នៅលើកោះពីររបស់បារាំង និងនៅលើប្រទេសកោះ Barbuda នៅថ្ងៃពុធម្សិលមិញ។ អៀរម៉ា ស្ថិតនៅចំណាត់ថ្នាក់ លេខ៥ ដែលជាកម្រិតខ្ពស់ និងខ្លាំងបំផុតនៃខ្យល់ព្យុះ ក្នុងមហាសមុទ្រអាត្លង់ទិក កំពុងបក់សំដៅទៅរកសាធារណរដ្ឋដូមីនីក និងហៃទី នៅថ្ងៃព្រហស្បតិ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អៀរម៉ា ខ្យល់ព្យុះសង្ឃរា កម្លាំងមហិមា បានបក់កម្ចាយ បណ្តាកោះ ដែលស្ថិតនៅលើផ្លូវបក់កាត់របស់វា នៅសមុទ្រការ៉ាអ៊ីប។ អាជ្ញាធរបារាំងនៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងអាយុជីវិត ហើយនិងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ របស់បារាំងចំនួន ពីរ គឺ សាំង បាតេឡេមី កោះសាំង ម៉ាកតាំង។
តាមលោកDaniel Gibbs ប្រធានក្រុមប្រឹក្សាតំបន់របស់បារាំង អ៊ូរ៉ាហ្កង់ អៀរម៉ា បានសម្លាប់ជីវិត មនុស្ស៨នាក់នៅលើកោះពីររបស់បារាំង នៅក្នុងពេលដែលផ្ទះសម្បែងនៅកោះ សាំង ម៉ាកតាំង ប្រមាណ ៩៥ភាគរយ ត្រូវបានបំផ្លាញ ខ្ទេចខ្ទីរដោយសារកម្លាំងវាយបក់ខ្លាំង របស់ខ្យល់ព្យុះ។ អាជ្ញាធរបារាំងនៅបានព្រមានពីចំនួនកើនឡើងនៃជនរងគ្រោះ ដែលស្លាប់ ដោយសារព្យុះអ៊ូរ៉ាហ្កង់អៀរម៉ា។
នៅព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីមហាផ្ទៃ បារាំង លោកហ្សេរ៉ា កូឡុំ បាននិយាយប្រាប់វិទ្យុបារាំងថា សាលាក្រុងនៅលើកោះ សាំង ម៉ាកតាំង ត្រូវបំផ្លាញទាំងស្រុង ដំបូលមន្ទីរពេទ្យ ត្រូវខ្យល់បក់ប៉ើងទៅបាត់ ចំណែកជនទុច្ចរិតបានធ្វើសកម្មភាព ចូលគាស់ លួចទ្រព្យសម្បត្តិរបស់ផ្ទះដែលគ្មានមនុស្សនៅ។
រដ្ឋមន្រ្តីបារាំងទទួលបន្ទុក ដែនដីបារាំងនានាយសមុទ្រ លោកស្រី Annick Girardin បានចេញដំណើរ តាំងពីយប់ថ្ងៃពុធ សំដៅកោះទាំងពីររបស់បារាំង ដោយនាំទៅជាមួយ នូវទាហាន គ្រូពេទ្យ និងអ្នកជួយសង្រ្គោះ សរុប ១២០នាក់។ វិមានប្រធានាធិបតីបារាំងវិញ បានប្រកាសថា លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុងនឹងធ្វើដំណើរទៅកាន់តំបន់ដែលរងគ្រោះ ដោយសារមហន្តរាយខ្យល់ព្យុះ អ៊ូរ៉ាហ្កង់ អៀរម៉ា ប៉ុន្តែ នៅក្នុងកាលៈទេសៈដែលអាកាសធាតុអំណោយផលជាងនេះ។
នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបក់បំផ្លាញកោះពីររបស់បារាំង និងប្រទេសកោះ Barbuda អ៊ូរ៉ាហ្កង់ អៀរម៉ា ដែលមិនបន្ថយឥទ្ធិពលរបស់ខ្លួន (បក់ក្នុងល្បឿន ២៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះអៀរម៉ា ជាខ្យល់ព្យុះ កំណាច លេខ ៥ ដែលជាកម្រិតខ្ពស់បំផុត នៃខ្យល់ព្យុះប្រភេទនេះ នៅមហាសមុទ្រអាត្លង់ទិក) បក់សំដៅប្រទេសកោះ សាធារណរដ្ឋដូមីនិក ហើយនិងហៃទី។
តាមការព្យាករណ៍របស់អ្នកឧតុនិយមអាមេរិកាំង ព្យុះអូរ៉ាហ្កង់នឹងដល់ប្រទេសគុយបា បន្ទាប់មក គឺរដ្ឋFlorida នៅថ្ងៃសុក្រស្អែក។ ទាំងនៅគុយបា និងនៅរដ្ឋ Florida របស់អាមេរិក ប្រជាជនបានចាប់ផ្តើមទិញស្តុកទុក អាហារ ទឹកហើយនិងប្រេង ចំណែក អ្នកទេសចរត្រូវបានគេជម្លៀសចេញពីតំបន់ដែលព្យុះ អៀរម៉ាត្រូវធ្វើដំណើរឆ្លងកាត់។
បន្ទាប់ពីព្យុះអូរ៉ាហ្កង់ អៀរម៉ា អាមេរិកខាងជើង នឹងត្រូវប្រឈមនឹងខ្យល់ព្យុះត្រូពិកពីរទៀត គឺ Jose និងកាទ្រីណា ដែលកំពុងបង្កើនកម្លាំងរបស់វា តាំងពីថ្ងៃ ពុធម្សិលមិញ។ អៀរម៉ាជាខ្យល់ព្យុះដែលមានកម្លាំងខ្លាំងជាងព្យុះហាវេ ដែលបានសម្លាប់មនុស្ស ៣៣នាក់ នៅរដ្ឋតិចសាស់។ ប៉ុន្តែ គេនៅចងចាំ មិនភ្លេច ខ្យល់ព្យុះ ដ៏សាហាវ កាទ្រីណាដែលធ្លាប់បានសម្លាប់ជនជាតិអាមេរិកាំង ដល់ទៅ ១៨០០នាក់ កាលពីឆ្នាំ ២០០៥៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ