រដ្ឋចំនួន១៦ប្តឹងទៅតុលាការរឿងលោកត្រាំប្រកាសអាសន្នជាតិ
សម្ព័ន្ធ១៦រដ្ឋ ដឹកនាំដោយរដ្ឋកាលីហ្វនីញ៉ា បានចាប់ផ្តើមនីតិវិធីប្រឆាំងនឹងការប្រកាសអាសន្នជាតិ របស់លោក ដូណាល់ ត្រាំ។ ពាក្យបណ្តឹង ប្រឆាំងនឹងក្រិត្យរបស់ប្រធានាធិបតីដែលប្រកាសអាសន្នជាតិដើម្បីបានថវិកាទៅសាងសង់ជញ្ជាំងអន្តោប្រវេសន៍នៅតាមព្រំដែនជាមួយម៉ិចស៊ិក ត្រូវបានដាក់ជូនទៅតុលាការហើយ នៅថ្ងៃចន្ទទី ១៨ កុម្ភៈ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៦
រដ្ឋអ្នកសេរីនិយមបំផុត កាលីហ្វនីញ៉ា បានស្វ័យប្រកាសឈរធ្វើមេដឹកនាំចលនាប្រឆាំងនឹងលោកដូណាល់ ដែលបានប្រកាសអាសន្នជាតិ។ រដ្ឋកាលីហ្វនីញ៉ា ព្រមទាំងរដ្ឋដែលមានប្រពៃណីជាអ្នកប្រជាធិបតេយ្យចំនួន១៥ផ្សេងទៀត បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការសហព័ន្ធនៅរួចហើយ។ រដ្ឋអាជ្ញាបានចោទលោកដូណាល់ ត្រាំ អំពីបទបំពានដណ្តើមអំណាចពីសភា ដោយគ្មានខ្មាស់ និងពីបទប្រឌិតវិបត្តិអន្តោប្រវេសន៍ គ្រប់យ៉ាងដើម្បីអាចយកថវិកា៧ទៅ៨ពាន់លានដុល្លារទៅសាងសង់ជញ្ជាំងប្រឆាំងនឹងអន្តោប្រវេសន៍ដែលលោកធ្លាប់បានសន្យាក្នុងពេលឃោសនាបោះឆ្នោត។
ថវិការាប់ពាន់លានដែលសភាមិនយល់ព្រមផ្តល់តាមសំណើរបស់លោកប្រធានាធិបតីនេះ នឹងត្រូវដកហូតចេញពីកញ្ចប់ថវិការបស់យោធាផង និងពីមូលនិធិសម្រាប់ជួយសង្គ្រោះពេលមានគ្រោះមហន្តរាយធម្មជាតិផង ព្រមទាំងពីក្នុងកញ្ចប់លុយសម្រាប់ប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនផង។ គ្រោះធម្មជាតិ និងគ្រឿងញៀន ជាបញ្ហាដ៏ចំបងពីរដែលកាលីហ្វនីញ៉ា កំពុងប្រឈមខ្លាំងជាពិសេសតែម្តងនាពេលនេះ។ ហេតុដូច្នេះហើយបានជាសម្រាប់អាជ្ញាធរកាលីហ្វញ៉ា ចាត់ទុកការដកហូតថវិកាទៅសាងសង់ជញ្ជាំង គឺជាការខាតបាត់បង់ និងជាការលួចចំណែកវិភាគទានពីប្រជាពលរដ្ឋ។
ដោយឈរលើគោលការណ៍គ្រឹះនេះឯង ដែលរដ្ឋអាជ្ញារដ្ឋកាលីហ្វញ៉ា តវ៉ាប្រឆាំងនឹងវិធានការរបស់លោកត្រាំ បានផ្លូវច្បាប់។ កាលីហ្វនីញ៉ាថែមទាំងឆ្លៀតជាន់ប្តឹងនឹងលោកប្រធានាធិបតី អំពីការរំលោភច្បាប់ស្តីពីការការពារបរិស្ថានទៀត។ បើតាមភាគីកាលីហ្វនីញ៉ា គ្មានការវាយតម្លៃអំពីផលប៉ះពាល់នៃការសង់ជញ្ជាំងចំពោះបរិស្ថានទេ ជាមុនទេ។
ក្រៅអំពីបណ្តឹងរបស់រដ្ឋទាំង១៦ សភាអាមេរិកដែលដឹកនាំដោយអ្នកប្រជាធិបតេយ្យ បានសន្យាថានឹងធ្វើគ្រប់យ៉ាង ក្នុងន័យបង្កភាពស្មុគស្មាញដល់ដំណើរការបង្វិលថវិការដ្ឋយកទៅសាងសង់ជញ្ជាំងម៉ិចស៊ិក។ ជញ្ជាំងដ៏ឥតប្រយោជន៍និងអសីលធម៌ សម្រាប់ក្រសែភ្នែករបស់ក្រុមបក្សប្រឆាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ