អានតួអត្ថបទ
អ.ស.ប.-អារ៉ាប៊ីសាអូឌីត

ឃាតកម្មសម្លាប់លោកខាស្ហូហ្ស៊ី៖អ្នកជំនាញអ.ស.ប.ទាមទារឲ្យស៊ើបអង្កេតលើការទទួលខុសត្រូវរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត

សំណុំរឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ក្នុង​ប្រទេស​តួកគី​កាល​ពី​ថ្ងៃទី២ តុលា ឆ្នាំ ២០១៨ បាន​ផ្តើម​កក្រើក​ជា​ថ្មី​ដោយ​នៅ​ថ្ងៃ​ពុធ ទី១៩ មិថុនា អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី​អាញែស កាឡាម៉ារ​បាន​បញ្ជាក់​ថា គេ​មាន​ភស្តុងតាង​គ្រប់គ្រាន់​ដើម្បី​បើក​ការ​ស៊ើបអង្កេត​មួយ​ស្តីពី​ការ​ទទួល​ខុស​ត្រូវ​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន។ អ្វី​ដែល​លោកស្រី​កាឡាម៉ារ​ទាមទារ​ចង់​បាន​នៅ​ក្នុង​របាយការណ៍​របស់​លោកស្រី គឺ​ការ​ស៊ើបអង្កេត​អន្តរជាតិ​មួយ និង​ការ​ដាក់​ទណ្ឌកម្ម​ចំ​គោលដៅ។ រដ្ឋាភិបាល​តួគកី​បាន​បញ្ចេញ​ប្រតិកម្ម​គាំទ្រ​ភ្លាមៗ​លើ​របាយការណ៍​របស់​លោក​ស្រី​កាឡាម៉ារ។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រីអាញែស កាឡាម៉ារ
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រីអាញែស កាឡាម៉ារ AFP Photos/Fabrice Coffrini
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​របាយការណ៍​មួយ​ដែល​លោកស្រី​អាញែស កាឡាម៉ារ​បាន​ចំណាយ​ពេល​ស៊ើបអង្កេត​រយៈពេល ៦ខែ។ របាយការណ៍​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អារ៉ាប៊ីសាអូឌីត​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​យក​ជា​ការ​បាន​ទាក់ទង​នឹង​ការ​ទទួល​ខុសត្រូវ​របស់​រាជទាយាទ​បេន សាលម៉ាន​លើ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី។ តែ​ជា​មួយ​នឹង​ភស្តុតាង​គ្រប់គ្រាន់​នេះ លោកស្រី​កាឡាម៉ារ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ដើម្បី​វែក​មុខ​ថ្នាក់ដឹកនាំជាន់ខ្ពស់​អារ៉ាប៊ីសាអូឌីត​ផ្សេង​ទៀត រួម​ទាំង​រាជទាយាទ​បេន សាលម៉ាន​ផង។ លោកស្រី​កាឡាម៉ា​យល់​ថា ការ​ឃាត់ខ្លួន​ថ្នាក់ដឹកនាំជាន់ខ្ពស់​អារ៉ាប៊ីសាអូឌីត​ទាំង​នេះ​ជា​រឿង​ចាំ​បាច់ ប្រសិន​បើ​ពួក​គេ​ពិត​ជា​បាន​ចូលរួម​នៅ​ក្នុង​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី​មែន។

ទន្ទឹម​គ្នា​នេះ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រូប​នេះ​ដដែល​បាន​អំពាវនាវ​ឲ្យ​បន្ត​ទណ្ឌកម្ម​ប្រឆាំង​នឹង​មនុស្ស​ចំនួន ១៧នាក់​ដែល​ដាក់​ដោយ​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​អាមេរិក​មួយ​ដែរ។ តែ​លោកស្រី​យល់​ថា វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រោះ​ជាមួយ​នឹង​ភស្តុតាង​គ្រប់គ្រាន់​ពេល​នេះ គេ​ត្រូវ​បន្ថែម​ឈ្មោះ​រាជទាយាទ​បេន សាលម៉ាន​ម្នាក់​ទៀត​ជាមួយ​នឹង​ទណ្ឌកម្ម​ចាស់ដៃ។ បន្ទាប់​មក លោកស្រី​កាឡាម៉ារ​បាន​ទាមទារ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បើក​ការ​ស៊ើបអង្កេត​ព្រហ្មទ័ណ្ឌ​មួយ​ដើម្បី​កសាង​សំណុំរឿង​រឹងមាំ​លើ​មនុស្សជាប់សង្ស័យ​លើ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី។ គួរ​រម្លឹក​ថា​ពី​ដំបូង អារ៉ាប៊ីសាអូឌីត​បាន​បដិសេធ​លើ​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហស្ស៊ី​ដោយ​បាន​លើក​ឡើង​នូវ​ព័ត៌មាន​ផ្ទុយ​គ្នា​ជា​ច្រើន។

ក្រោយ​មក​បាន​សារភាព​ថា លោក​ខាស្ហូហ្ស៊ី​ពិត​ជា​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ស្ថានកុងស៊ុល​នា​ប្រតិបត្តិការ​មួយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋអំណាច​ទេ។ បន្ទាប់​មក​នៅ​ក្នុង​នីតិវិធីតុលាការ​រៀបចំ​ដោយ​តុលាការ​អារ៉ាប៊ីសាអូឌីត មាន​ការ​កាត់​ទោស​លើ​មនុស្ស​ចំនួន ១១នាក់​ក្នុង​នោះ មាន​ទោស​ប្រហារ​ជីវិត​ចំនួន ៥នាក់។ តែ​ឥឡូវ​នេះ លោកស្រី​កាឡាម៉ារ​ចង់​ឲ្យ​ផ្អាក​នីតិវិធី​របស់​តុលាការ​អារ៉ាប៊ីសាអូឌីត​មួយ​នេះ​វិញ​ដោយ​លោកស្រី​យល់​ថា មិន​បាន​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​ទេ។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​របាយការណ៍ លោកស្រី​កាឡាម៉ា​ក៏​បាន​ទម្លាយ​ឈ្មោះ​ជនជាតិ​អារ៉ាប៊ីសាអូឌីត​មួយ​ក្រុម​មាន​គ្នា ១៥នាក់ និង​តួនាទី​របស់​ពួក​គេ​ម្នាក់ៗ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ច្រើន ឬ​តិច​ជាមួយ​រាជទាយាទ​បេន សាលម៉ាន ហើយ​ដែល​ពួក​គេ​មាន​បេសកកម្ម​សម្លាប់​លោក​ខាហ្សូស្ហ៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ