អានតួអត្ថបទ

លោកស៊ី ជីនពីង សង្ឃឹម​លើ​អេស្ប៉ាញ​និង​ព័រទុយហ្កាល់ ដើម្បី​ជួយ​ពង្រឹង​វិនិយោគ​ចិន​នៅ​អឺរ៉ុប

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន កំពុងតែបំពេញទស្សនកិច្ច​នៅក្នុងទីក្រុងម៉ាឌ្រីត ​ជាទីដែលលោក​បាន​ជួប ជាមួយ​នាយករដ្ឋមន្ត្រីអេស្ប៉ាញ ប៉េដ្រូ សាន់ឆេ មុននឹងបន្ត​ទៅកាន់ ប្រទេសព័រទុយហ្កាល់ នៅថ្ងៃទី៤ធ្នូខាងមុខ។ ទស្សនកិច្ច របស់លោក ស៊ី ជីនពីង នៅអេស្ប៉ាញ និងនៅព័រទុយហ្កាល់ ក្នុងពេលនេះ គឺធ្វើឡើង ក្នុងស្មានភាពមួយ ដែលចិនកំពុងតែ​ស្វែងរក​បង្អែកនឹងការគាំទ្រ ក្នុងសកម្មភាពវិនិយោគរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិក កំពុងរកវិធីដាក់សំពាធ​មកលើផលិតផលចិន រីឯសហភាពអឺរ៉ុបវិញ កំពុងពិចារណាទប់ស្កាត់ការវិនិយោគខ្លះរបស់ចិន។ អេស្ប៉ាញ និងព័រទុយហ្កាល់ ​អាចជាក្តីសង្ឃឹមសម្រាប់ចិន ក្នុងការឈរជើងនៅអឺរ៉ុប។

លោក Xi Jinping និងលោក​នាយករដ្ឋមន្ត្រីអេស្ប៉ាញ​ Pedro Sanchez ចាប់ដៃគ្នា នៅទីក្រុងម៉ាឌ្រីត ថ្ងៃទី​២៨វិច្ឆិកា ២០១៨
លោក Xi Jinping និងលោក​នាយករដ្ឋមន្ត្រីអេស្ប៉ាញ​ Pedro Sanchez ចាប់ដៃគ្នា នៅទីក្រុងម៉ាឌ្រីត ថ្ងៃទី​២៨វិច្ឆិកា ២០១៨ REUTERS/Susana Vera
ផ្សាយពាណិជ្ជកម្ម

លោក Angel Saz Carranza អគ្គនាយកមជ្ឈមណ្ឌលសិក្សាវិទ្យាសាស្ត្រនយោបាយអេស្ប៉ាញ បានលើកឡើងថា កាលៈទេសៈបច្ចុប្បន្ននេះ គឺជាកាលៈទេសៈដ៏ពិបាកសម្រាប់ចិន ហើយដែលចិន កំពុងព្យាយាមរកមធ្យោបាយ ដើម្បីការពារផលប្រយោជន៍វិនិយោគ និងការនាំចេញរបស់ខ្លួន។ ប្រទេសធំៗជាច្រើន ចាប់ផ្តើមមុនគេពីសហរដ្ឋ​អាមេរិក កំពុងតែ​រកវិធី រំដោះខ្លួន​ ចេញពីក្រញ៉ាំវិនិយោគ និងទំនិញគ្រប់មុខរបស់ចិន។

គួររំលឹកថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធនាំចូល លើផលិតផល​​ចិន ដែលគិតជាទឹកប្រាក់ ប្រមាណជា២០ម៉ឺនលានដុល្លារ។ ហើយបើតាមការគ្រោង​ទុក ​រដ្ឋាភិបាលអាមេរិក កំពុងពិចារណា ដាក់បន្ថែមពន្ធនាំចូលថ្មីទៀត ទៅលើផលិតផលចិន ដែលគិតជាទឹកប្រាក់ ប្រមាណ២៦៧ពាន់លានដុល្លារ។

សម្រាប់សហភាពអឺរ៉ុប ថ្វីបើពុំមានវិធានការណាមួយ គំរាមដល់ការនាំចូលផលិតផលរបស់ចិនក៏ដោយ តែសហភាពអឺរ៉ុប កំពុងតែពិចារណា ពិនិត្យមើលលើការវិនិយោគរបស់ចិននៅក្នុងទីផ្សារអឺរ៉ុប។​ នៅរវាងខែធ្នូខាងមុខនេះ ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ នឹងត្រូវសម្រេចគ្នា ក្នុងការដាក់ចុះនូវវិធានការមួយ ដើម្បីរិតត្បិតការចាក់បញ្ចូលប្រាក់វិនិយោគរបស់ចិន ទៅក្នុងវិស័យយុទ្ធសាស្ត្រមួយចំ​នួន។

គួតកត់សំគាល់ថា ក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប គឺមានបារាំង អាល្លឺម៉ង់ អ៊ីតាលី ដែលទាមទារឲ្យមានការរិតត្បិតដល់ការវិនិយោគរបស់ចិន ព្រោះមានវិស័យខ្លះ ចិនបានជះប្រាក់ ដើម្បីកេងចំណេងយកបច្ចេកវិទ្យា ហើយព្រមទាំងអនុវត្តការប្រកួតប្រជែង ដោយមិនស្មោះត្រង់ទៀតផង។ ផ្ទុយទៅវិញ អេស្ប៉ាញ និងព័រទុយហ្កាល់ ដែលកំពុងត្រូវការប្រាក់វិនិយោគ ហាក់ដូចជាបើកទ្វាស្វាគមន៍លុយវិនិយោគរបស់ចិន។

បើតាមការវិភាគ លោកប្រធានាធិបតីចិន កំពុងតែស្វះស្វែងរកការគាំទ្រ ពីសំណាក់ប្រទេស​សមាជិកអឺរ៉ុបខ្លះ ដើម្បីទប់ កុំឲ្យអឺរ៉ុបអាចបោះឆ្នោត ដាក់ចេញ​ជាវិធានការណាមួយ ដែលបង្កការលំបាកដល់ការវិនិយោគរបស់ចិន។ អេស្ប៉ាញ និងព័រទុយហ្កាល់ អាច​ជាកម្លាំងដែលចិនអាចប្រើបាន ដើម្បីរារាំងសហភាពអឺរ៉ុប ក្នុងបញ្ហានេះ។ នេះបើតាម​ការលើកឡើង របស់លោក Jean François Di Meglio អ្នកវិភាគនៅមជ្ឈមណ្ឌល​Asia Centre នៅទីក្រុងប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ