ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

ជប៉ុន ៖ សករាជថ្មី នឹង​មាន​ឈ្មោះ​ថា “រ៉ៃវ៉ា”

media  
រាជបុត្រ​ស្នង​រាជ ណារ៉ុហ៊ីតូ និង​ព្រះចៅ​អធិរាជ​ជា​បិតា អាគីហ៊ីតូ (ស) ពេល​ជូនពរ​ឆ្នាំ​ថ្មី។ Kazuhiro NOGI / AFP

​អធិរាជ​ថ្មី ​សករាជ​ក៏​ថ្មី ! រដ្ឋាភិបាល​ជប៉ុន​ទើប​បាន​សម្រេច​ ដាក់​ឈ្មោះ ​សករាជថ្មី​ដែល​នឹង​មក​ដល់​ ថា “រ៉ៃវ៉ា”។ “រ៉ៃវ៉ា” ជាពាក្យ​ពីរម៉ាត់ ដែល​មាន​ន័យ​ថា “រីករាយ” ឬ​ “សណ្តាប់​ធ្នាប់” និង​ “ភាព​សុខដុម” ឬ​ “សន្តិភាព”។ ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតូ នឹង​ដាក់​រាជ្យ បញ្ជប់​រជ្ជកាល​របស់​ព្រះ​អង្គ​ ​នៅ​ថ្ងៃទី ៣០​ មេសា។ រាជបុត្រ ណារ៉ុហ៊ីតូ នឹង​ឡើង​ស្នង​រាជបន្ត ក្លាយ​ជា​អធិរាជ​ថ្មី​ និង​​បើក​សករាជ​ថ្មី។ ជប៉ុន​បាន​ចំណាយ​ពេល​ជា​ច្រើនខែ និង​យ៉ាង​សម្ងាត់ ទម្រាំ​សម្រេច​ជម្រើស​ឈ្មោះ​សករាជ​ថ្មីនេះ​បាន។

ជប៉ុន​បាន​អនុម័ត​ប្រើ​ប្រតិទិន​​​សកល​ (Grégorien) នៅ​ឆ្នាំ​១៨៦៨ នៅ​ពេល​ដែល​ជប៉ុន​បាន​​​ផ្តួល​រំលំ​​របប​ផ្តាច់ការ​ Shogums និង​ជា​ចំណុច​ចាប់​ផ្តើម​​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​ជប៉ុន​ទំនើប។ ប៉ុន្តែ​ជប៉ុន នៅ​តែ​រក្សា​ប្រព័ន្ធ​​អធិរាជ​រាប់​សករាជ ដែល​ជា​មរតក​បន្សល់​ទុក​ដោយ​ចិន​ដដែល។

ប្រទេស បែង​ចែក​កាលប្បវត្តិ​ ទៅ​តាម​រជ្ជកាល​សោយរាជ្យ​របស់​អធិរាជមួយអង្គៗ។ មាន​ន័យ​ថា ​ឆ្នាំសកល​​២០១៩នេះ​ ជា​ឆ្នាំ​ទី​៣១​នៃ​សករាជ “​ហីសី”។ “ហីសី” ដែល​មាន​ន័យ​ថា សន្តិភាព​រះគ្រប់​ទិសទី ជា​ឈ្មោះ​សករាជបច្ចុប្បន្ន​ ​ របស់​ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតូ។ មុន​សម័យ​សង្គ្រាម អធិរាជជប៉ុន​ជា​អ្នក​ដាក់​ឈ្មោះ​រជ្ជកាល​របស់​ខ្លួន ដោយ​អង្គ​ឯង។ ប៉ុន្តែ​សម័យ​ក្រោយ​​នេះ គឺ​រដ្ឋាភិបាល​ ជា​អ្នក​សម្រេច។

​នៅ​លើកនេះ ការប្តូរ​សករាជ កាន់​តែ​ស្មុគស្មាញ​ខ្លាំង​ទៀត ដោយ​ហេតុ​តែព្រះ​ចៅ​​អធិរាជ ​អាគីហ៊ីតូ ព្រះ​ជន្ម៨៥​ព្រះវស្សា មាន​សុខភាព​ទន់​ខ្សោយ​ ជា​អង្គក្សត្រ​ដំបូងគេ​នៃជប៉ុន​​សម័យ​ទំនើប ​(ពីរ​ទសវត្សរ៍) ​​ ដែល​បាន​​សុំ​ដាក់​រាជ្យ ដើម្បី​យាង​​​ចូល​និវត្តន៍។ ករណី​បែប​នេះ​ពុំ​មាន​ចែង​ក្នុង​ច្បាប់​របស់​ជប៉ុន​ទេ។​ ជា​គោលការណ៍​ ការ​ប្តូរ​សករាជ បិទ​សករាជ​ចាស់​ បើក​សករាជ​ថ្មី ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​អធិរាជ​ចូល​ទិ​វង្គត មិន​មែន​នៅ​មាន​ជីវិត​ដូច្នេះ​ឡើយ។ តួនាទី​របស់​អធិរាជ គឺតំណាង​ប្រទេស​រហូត​ដល់​ដង្ហើម​ចុងក្រោយ។

ការ​ប្តូរ​សករាជ និង​ជម្រើស​ឈ្មោះ​ថ្មី ជំរុញ​ឱ្យ​មានការ​ប្តូរ​ផ្លាស់​ជា​ច្រើន​នៅ​ជប៉ុន។ រាល់​គ្រប់​ឯកសារ​រដ្ឋបាល សុទ្ធ​តែ​ចុះ​​កាលបរិច្ឆេទ​ ​តាម​សករាជ​របស់​អធិរាជ។ អ្នក​ផលិត​ប្រតិទិន សាលា​រៀន មន្ទីរ​ពេទ្យ ក្រុមហ៊ុន​សហគ្រាសនានា ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្តូរ​ផ្លាស់​សករាជ​ថ្មី ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ៣០​មេសា។ ​ដើម្បីភាព​ងាយ​ស្រួល កាសែត​ខ្លះ​បាន​ប្រើ​កាលបរិច្ឆេទ​ពីរ​តែ​ម្តង ប្រតិទិន​សកលផង (ថ្ងៃខែ​បែប​សកល​ក្នុង​រង្វង់​ក្រចក) ប្រតិទិន​សករាជ​អធិរាជ​ផង។

សម្រាប់​ជប៉ុន ការ​ប្រើ​ប្រតិទិន​ដោយ​ផ្អែក​លើ​សករាជ​របស់​អធិរាជ ជា​ជំនួយ​នៃ​ការ​ចង​ចាំ​​អនុស្សាវរីយ៍​ក្នុង​អតីតកាល។ សករាជ​ថ្មី ​នាំ​មក​នូវ​ស្មារតី​ថ្មី !

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ