អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន សុំ​ការ​យោគយល់​ពី​ពលរដ្ឋ​ចំពោះ​ភាព​រអាក់​រអួល​ក្នុង​ការ​ផ្ដល់​សេវា​ទឹកនិង​ភ្លើង

ពី​ខេត្ត​កំពង់ឆ្នាំង​នៅ​ក្នុង​ឱកាស​បុណ្យ​ទន្លេ​លើក​ទី៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍ម្សិល​មិញ បាន​ចេញ​មុខ​សុំ​ឲ្យ​ពលរដ្ឋ​យោគយល់​និង​អធ្យាស្រ័យ​ចំពោះ​ភាព​រអាក់​រអួល​និង​ការ​ខ្វះចន្លោះ​នៅ​ក្នុង​ការ​ផ្ដល់​សេវា​អគ្គិសនី​និង​ទឹក​របស់​រដ្ឋ នា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ដំណោះស្រាយ​ចំពោះ​មុខ លោក​នាយកដ្ឋមន្ត្រី​ស្នើ​ឲ្យ​ពលរដ្ឋ​ចូល​រួម​សន្សំ​សំចៃ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​ប្រើប្រាស់​ទឹក​និង​ភ្លើង ចាប់​ពី​ពេល​នេះ​រហូត​ដល់ខែ​មិថុនា ខណៈ​កម្ពុជា​ខ្វះ​អគ្គិសនី​រហូត​ដល់​៤០០​មេ​ហ្គា​វ៉ា​ត់។

រូបភាព៖លោក​ ហ៊ុន សែន
រូបភាព៖លោក​ ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

បន្ថែម​លើ​ការ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី លោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រាប់​ម្ចាស់​អាជីវកម្ម​ធំៗ​និង​សណ្ឋាគារ​ជាដើម ត្រូវ បញ្ចេញ​ម៉ាស៊ីន​ភ្លើង​មក​ប្រើប្រាស់​ដោយ​ខ្លួន​ឯង ហើយ​ក្នុង​នោះ​ពលរដ្ឋ​ដែល​មាន​លទ្ធ ភាព​គួរ​តែ​ទិញ​ម៉ាស៊ីន​ភ្លើង​ផង​ដែរ។ ដូចគ្នា​នឹង​បញ្ហា​អគ្គិសនី​ដែរ​ចំពោះ​ទឹក​វិញ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ត្រូវ​សន្សំ​សំចៃ​ទៅ​តាម​ភាព​ជាក់​ស្ដែង។

សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​វិញ កំពុង​តែ​រង់ចាំ​ពី​ការ​ឆ្លើយ​តប​ពី​ប្រទេស​តួគីដើម្បី​នាំ​មក​នូវ​នាវា ដែល​ផ្ទុក​ទៅ​ដោយ​ម៉ាស៊ីន​ភ្លើង សម្រាប់​បញ្ឆេះ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​បណ្ដោះ​អាសន្ន​នៅ​កម្ពុជា។ បើ​តាម​លោក​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ថាមពល​អគ្គិសនី​ដែល​កម្ពុជា​ប្រើប្រាស់​រាល់​ថ្ងៃ​មួយ​ភាគ​ធំ​បាន​មក​ពី​ប្រភព​វារីអគ្គិសនី​ដើរ​ដោយ​ទឹក។​ តែ​នៅ​ពេល​នេះ​ទឹក​រីង ធ្វើ​ឲ្យ​វារី​អគ្គិសនី​បញ្ចេញ​ថាមពល​បាន​កម្រិត​ទាប។

ចាប់​តាំង​រដូវ​ប្រាំង​ចូល​មក កម្ពុជា​ខ្វះខាត​អគ្គិសនី​៤០០​មេហ្គាវ៉ាត់។ ភាព​រអាក់​រអួល​នៃការ​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​និង​ទឹក​មិន​ទាន់​តម្រូវ​ការ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​លើក​ឡើង​ថា មក​ពី​កត្តា​អាកាសធាតុ​ដែល​ឆ្នាំ​នេះ កម្ពុជា​ទទួល​រង​ឥទ្ធិល​កំដៅ​ក្ដៅ​ខ្លាំង​ជាង​រាល់​ឆ្នាំ ទើប​ធ្វើ​ឲ្យ​តម្រូវ​ការ​នៃ​អ្នក​ប្រើប្រាស់​ទាំង​ទឹក​និង​ភ្លើង​កើន​ឡើង។

សូម​បញ្ជាក់​ជូន​ថា ក្នុង​មួយ​ឆ្នាំ​ កម្ពុជា​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី​ជាង​១០​ពាន់​លាន​គីឡូវ៉ាត់ខណៈ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​មាន​ចំនួន​ជិត​២ពាន់​មេហ្គា​វ៉ាត់​។ ក្នុង​នោះ​តម្រូវ​ការ​ប្រើប្រាស់​ថាម​ពល​មាន​ការ​ថយ​ចុះ​ព្រោះ​តែ​សង្វាក់​ផលិត​កម្ម​នៅ​តាម​រោង​ចក្រ​ឬ​សហ​គ្រាស​បាន​សម្រាក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ