អានតួអត្ថបទ
កម្ពុជា-ច្បាប់

ការ​បិទ​វិទ្យុ៖ អ្នក​កាសែត​ថា មិន​ប៉ះ​ពាល់​សេរីភាព​សារព័ត៌​មាន តែ​ប៉ះ​ទង្គិច​ដល់​សិទ្ធ​ទទួលបាន​ព័ត៌​មាន

ក្រោយ​ស្ថានីយ៍​វិទ្យុ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក ​ដែល​លក់​ម៉ោង​ផ្សាយ​ឲ្យ​ទៅ​វិទ្យុ​បរទេស​ផ្សាយ​ជាខេមរភាសា​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បិទ​មិន​ផ្សាយ​តែ​ម្ដង​នោះ មាន​សំណួរចោទ​ឡើង​ថា ចំណាត់​ការ​នេះ​ប៉ះ​ពាល់​ដល់​សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា​ដែរ​ទេ? 

លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន។
ផ្សាយពាណិជ្ជកម្ម

លោក មឿន ឈានណារិទ្ធ នាយក​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌​មា​ន ថា ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មិន​ឲ្យ​ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​វិទ្យុ​អាស៊ី​សេរី និង វីអូអេ វា​មិនបាន​ប៉ះ​ពាល់​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ។ តែ​វា​បាន​ប៉ះ​ពាល់​ខ្លាំង​ទៅលើ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ព្រោះ​ថា វិទ្យុ​បរទេស​ទាំង​ពីរ​នេះ​បាន​ដើ​តួនាទី​សំខាន់នៅ​ក្នុង​ជួយ​រដ្ឋាភិបាល​ទៅ​វិញ​ទេ បើ​ទោះ​បី​ជា​ការ​ផ្សាយ​របស់​ពួក​គេ​នា​ពេល​កន្លងបង្ហាញ​ពី​ចំណុច​អវិជ្ជ ភាព​ចម្រូង​ចម្រាស ឬ ចំណុច​រសើប​ច្រើន​ក៏​ដោយ។ ជួយ​រដ្ឋាភិបាល​តាម​រយៈ​ការ​កែ​លម្អ​ចន្លោះ​ប្រហោង​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​របស់​រដ្ឋ​ព្រោះ​ពួកគេ​ជា​ស្ថាប័ន​ផ្ដល់​ព័ត៌មាន​ឯករាជ្យ។

តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ស៊ី.ស៊ី.អាយ.អិម និង​ជា​អ្នក​គ្រប់​គ្រង​វិទ្យុ​វី​អូ​ឌី ថា​ទង្វើរបស់​រដ្ឋាភិបាល​បាន​ប៉ះ​ពាល់​ខ្លាំង​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ លោក​ចាត់ទុក​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​នេះ​ប្រៀប​បាន​ដូច​ជា​យុទ្ធនាការ​មួយ​ដើម្បី​លុប​បំបាត់សំឡេង​ផ្សាយ​ឯករាជ្យ។ ក្នុង​នោះ​វិទ្យុ​ចំនួន​ពីរ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វីអូឌី​ត្រូវ​បាន​បិទ​នោះគឺ​អេហ្វ អឹម ១០៦.៥ និង​អេហ្វ អឹម ១០៦.៧។

លោក​បន្ថែម​ថា ការ​បិទ​នេះ​សម្រាប់​វីអូឌី​វា​គ្រាន់​តែ​ប៉ះ​ពាល់​ដល់​ការ​ផ្សាយ​របស់​ខ្លួន​តែប៉ុណ្ណោះ។ តែ​អ្នក​ដែល​ប៉ះ​ពាល់​ខ្លាំង​បំផុត​នោះ​គឺ​ពលរដ្ឋ​ប្រមាណ​ជា​៥​លាន​នាក់​ដែលជា​អ្នក​ស្ដាប់​របស់​វីអូឌី​ដោយ​សារ​តែ​ការ​បិទ​ផ្សាយ​សំឡេង​វិទ្យុ​ឯករាជ្យ។

តែ​ផ្ទុយ​ទៅ​វិញ​លោក ប៉ែន បូណា និពន្ធ​នាយក​ស្ថានីយ៍​ទូរទស្សន៍​PNN​បាន​បែង​ចែក​ថា ប៉ះ​ពាល់​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឬ​មិន​ប៉ះ​ពាល់​នោះ​គេ​ត្រូវ​ពិនិត្យ​មើល​ការអនុវត្ត​ច្បាប់​ជា​មុន​សិន។ ប្រសិន​បើ​ការ​បិទ​វិទ្យុ​នេះ​គេ​ផ្អែក​ទៅ​តាម​ច្បាប់​វា​មិន​ប៉ះ​ពាល់ដល់​សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​បើ​វិទ្យុ​ដែល​រដ្ឋ​បិទ​នោះ​គោរព​តាមច្បាប់​ហើយ ប៉ុន្តែ​នៅ​ប្រឈម​នឹង​ការ​បិទ​ទៀត​នោះ វា​ពិត​ជា​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា។

យោបល់​ស្រដៀង​លោក ប៉ែន បូណា លោក ពុយ គា អ្នក​កាសែត​ជើង​ចាស់ និង​ជា​អគ្គលេខាធិការ​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជាថា គេ​ត្រូវ​ចែក​ចេញ​ជា​ពីរ​ដោយ​ពិនិត្យ​ទៅ​លើ​ទិដ្ឋ​ភាព​ច្បាប់ និង​វិជ្ជា​ជីវៈ ជុំវិញ​ការ​បិទ​វិទ្យុ​ដែល​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​បរទេស​ផ្សាយ​ជាខេមរ​ភាសា។ លោកថា បញ្ហា​នេះ​ចង់​ឬ​មិន​ចង់​វា​ប្រាកដ​ជា​បាត់​ព័ត៌មាន​ខ្លះ​ហើយ​ព្រោះការ​ធ្វើ​ព័ត៌មាន​របស់​ស្ថាប័ន​និមួយៗ​មាន​ទម្រង់​ផ្សាយ​ផ្សេង​គ្នា ដោយ​ខ្លះ​ផ្ដោត​ទៅ​លើនយោបាយ សេដ្ឋកិច្ច និងសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ