អានតួអត្ថបទ
កម្ពុជា

សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​នឹង​ធ្វើ​បាតុកម្ម​ឱ្យ​អាមេរិក​ដាក់​ទណ្ឌ​កម្ម​លើ​រដ្ឋាភិបាល​ខ្មែរ

ទន្ទឹម​នឹង​កម្ដៅ​នយោបាយ​នៅ​កម្ពុជា​កំពុង​បន្ត​តានតឹង​ អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​គ្រោង​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​នៅ​មុខ​សភា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​សុក្រ​ទី​១០ ខែ​មិថុនា​ខាង​មុខ​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា​ថា​បាតុកម្ម​នោះ​ គឺ​គ្មាន​ប្រយោជន៍ និង​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​នោះ​ទេ។

បាតុកម្ម​​​ប្រឆាំង​​​រដ្ឋាភិបាល​កម្ពុជា ​នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​កន្លងម​ក។​
បាតុកម្ម​​​ប្រឆាំង​​​រដ្ឋាភិបាល​កម្ពុជា ​នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​កន្លងម​ក។​ Facebook
ផ្សាយពាណិជ្ជកម្ម

អង្គការ​សម្ព័ន្ឋ​មិត្ត​ខ្មែរ-អាមេរិកាំង​នឹង​រៀប​ចំ​ធ្វើ​បាតុកម្ម​ជម្រុញ​ឲ្យ​សភា​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច និង​ការ​ទូត​មក​លើ​រដ្ឋាភិបាល​ខ្មែរ។ ការ​អំពាវនាវ គឺ​ដើម្បី​ទាមទារ​ដោះលែង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សកម្មជន​គណបក្ស និង​មន្ត្រី​សង្គម​ស៊ីវិល រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​កំពុង​ជាប់​ឃុំ។ ភ្លាម​ៗ គណបក្ស​ប្រជាជន​កម្ពុជា ថា​ការ​អំពាវនាវ​ធ្វើ​បាតុកម្ម​នេះ​ គឺ​នឹង​មិន​មាន​ប្រសិទ្ធភាព​មក​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​លោក ទូច វិបុល ប្រធាន​សម្ព័ន្ធ​ខ្មែរ​អាមេរិកាំង​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា​ទណ្ឌ ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​បញ្ជាក់​ប្រាប់​ពិភព​លោក​ថា​ កម្ពុជា​ពុំ​មាន​សេរីភាព​នោះ​ទេ។ ហើយ​ថា របប​ដឹកនាំ​នៅ​ទីក្រុង​ភ្នំពេញ​បាន​គម្រាម​កំហែង​ដល់​សន្តិភា និង​ស្ថេរភាព ក៏​ដូចជា​លទ្ធិប្រជាធិបតេយ្យ។ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​ប្រតិកម្ម​ថា គម្រោង​បាតុកម្ម​នោះ គឺ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដាក់​សម្ពាធ​មក​ដល់​រដ្ឋាភិបាល​ដែល​ប្រទេស​អធិបតេយ្យភាព​នោះ​ទេ។ អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា ការ​ចាប់​ខ្លួន​របស់​រដ្ឋាភិបាល​ទៅ​លើ​សកម្មជន និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​យ៉ាង​ត្រឹម​ត្រូវ។ យ៉ាងណា​ក៏​ដោយ លោក​សុខ ឥសាន​លើក​ឡើង​ថា​ការ​ធ្វើ​បាតុកម្ម​គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

សូម​កត់​សម្គាល់​ថា គម្រោង​ធ្វើ​បាតុកម្ម​នេះ​គឺ​នៅ​ចំ​ពេល​ដែល​កម្តៅ​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​ពុះ​កញ្ជ្រោល​នា​រយៈ​ពេល​ជាង​មួយ​ឆ្នំា​កន្លង​មក​ហើយ បន្ទាប់​ពី​តុលាការ​បាន​ចេញ​វិធាន​ការ​ចាប់​តំណាង​រាស្ត្រ​រដ្ឋសភា​និង​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ការ​កាត់​ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​ការ​ចេញ​ដីកា​កោះហៅ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការ​ក្នុង​សំណុំ​រឿង​ស្រីមុំ។

បើទោះបី​ជា​បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ដោះលែង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល ប៉ុន្តែ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​មួយ​នេះ បាន​អះអាង​គ្មាន​ទំនា​ក់ទំនង​ជាមួយ​ខ្លួន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ