អានតួអត្ថបទ
កម្ពុជា

ក្រសួង​សាធារណការ គ្រោង​ធ្វើ​ប្រជា​មតិ​ពី​ការ​រឹបអូស​រថយន្ត​ដឹក​លើស​ទម្ងន់​មក​ជា​សម្បត្តិ​រដ្ឋ

រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ក្រសួង​កំពុង​រៀប​ចំ​កែ​ប្រែ​អនុក្រឹត្យ​លេខ ១៨០ ស្តី​ពី​ការ​កែច្នៃ​យាន​យន្ត ហើយ​នឹង​ស្រង់​មតិ​របស់​ពលរដ្ឋ ថា​តើ​ពេញ​ចិត្ត​ដែរ ឬ​ទេ ប្រសិន​បើ​ក្រសួង ធ្វើ​ការ​រឹប​អូស​យក​រថយន្ត​ដែល​ដឹក​លើស​ទំងន់ មក​ដាក់​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ក្រោយ​ពី​ការ​ព្រមាន​រួច​មក​? ការ​លើក​ឡើង​នេះ បាន​ធ្វើ​ឡើង ​នៅ​ព្រឹក​ថ្ងៃ​ទី ០៩​មិថុនា​នេះ ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ពិភាក្សា និង​ពិនិត្យ​លទ្ធផល​ការ​អនុវត្ត​ការងារ​កន្លង​មក​។

លោក​ស៊ុន ចាន់ថុល រដ្ឋម​ន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​
លោក​ស៊ុន ចាន់ថុល រដ្ឋម​ន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ RFI/Rachna IM
ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា លោក​នឹង​ស្រង់​មតិ​យោបល់​ពី​ពលរដ្ឋ តាម​រយៈ​បណ្តាញ​សង្គម មាន​ដូចជា​ហ្វេសប៊ុក​ជា​ដើម ដើម្បី​អនុវត្ត​ច្បាប់​ចំពោះ​យានយន្ត​ដែល​ដឹក​លើស​ទម្ងន់​ម្តង​ជា​២​ដង​។ ប្រសិន​បើ​ពលរដ្ឋ​ជា​ច្រើន បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​រឹប​អូស​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​មក​ដាក់​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ នោះ​លោក​នឹង​ចាត់​វិធានការ​អនុវត្ត​គោលការណ៍​នេះ​តែ​ម្តង។

យ៉ាងណា​ក៏​ដោយ លោក​ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់​ថា លោក​មិន​ចង់​ផាក​ពិន័យ ឬ​ចាត់​វិធាន​ការ​ធ្ងន់​ធ្ងរ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​ក៏​មិន​ចង់​ឃើញ​ផ្លូវ​ថ្នល់ ដែល​រដ្ឋាភិបាល បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​សាងសង់ ដោយ​បាន​មក​ពី​កម្ចី​បរទេស ឬ​ជំនួយ​ឥត​សំណង​ផង​នោះ ត្រូវ​បាន​បំផ្លាញ​ដោយសារ​តែ​ការ​មិន​គោរព​ច្បាប់​របស់​បុគ្គល​ទាំង​នោះ​ឡើយ​។

ក្រៅពី​បញ្ហា​ដឹកលើស​ទម្ងន់​លោក​រដ្ឋមន្ត្រី​ ក៏​បាន​សង្ងត់​ធ្ងន់​ចំពោះ​បញ្ហា​យានយន្ត​កែច្នៃ​ផង​ដែរ។ ក្រសួង​សាធារណការ​ បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​រយៈ​ពេល ១​ខែ​កន្លះ នៃ​ការ​អនុវត្ត​ច្បាប់ គេ​បាន​ផាក​ពិន័យ​ចំពោះ​រថយន្ត​កែច្នៃ និង​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ជាង ៥០០​ពាន់​លាន​រៀល។ ក្នុង​នោះ ក៏​បាន​ចុះ​អប់រំ​ដល់​យានដ្ឋាន​កែច្នៃ​យានយន្ត បាន​ចំនួន ១​ពាន់​១០​កន្លែង ដោយ​នៅ​សល់​តែ ២​ពាន់​១១៦​កន្លែង​ទៀត មិន​ទាន់​បាន​អប់រំ។ ជាមួយ​គ្នា​នេះ ក្រសួង​សាធារណការ ក៏​បាន​បង្ហាញ​ថា ចាប់​ពី​ថ្ងៃ​ទី ១២​ខែ​ឧសភា រហូត​មក​ដល់​ពេល​នេះ មាន​យានដ្ឋាន​កែច្នៃ​យានយន្ត​ដែល​បាន​ចុះ​បញ្ជី មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ បាន​កើន​ឡើង​ដល់ ៧៩៨​កន្លែង។

ក្រសួង​នឹង​ទុករយៈពេល ៣ខែ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី ៩​មិថុនា​នេះ ឲ្យ​យានដ្ឋាន​កែច្នៃ ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ ត្រូវ​ទៅ​ធ្វើ​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ ក្រសួង នឹង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធាន​ការ​ផាក​ពិន័យ ទៅ​លើ​ម្ចាស់​យានដ្ឋាន​ទាំង​នោះ។

​ចំពោះ​គម្រោង​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ទី​២ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​រថយន្ត​ធំ​ៗ​ចូល​ក្នុង​ទីក្រុង​ លោក​ស៊ុន ចាន់​ថុល ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ពេល​នេះ​ក្រសួង​មាន​កិច្ច​ព្រម​ព្រៀង​ថា​នឹង​ត្រូវ​តែ​ធ្វើ​ហើយ​ ប៉ុន្តែ​គ្រាន់​តែ​មិន​ទាន់​ទទួល​បាន​ការ​ចុះ​ហត្ថលេខា​ផ្តល់​ប្រាក់​កម្ចី​ពី​ចិន​នៅ​ឡើយ។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅព្រឹក​ថ្ងៃទី ៩មិថុនា​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​លទ្ធផល ក្នុង​ការ​អនុវត្ត​ការងារ ដែល​បាន​ដាក់​ចេញ​ក្នុង​ស្មារតី​នៃ​អង្គ​ប្រជុំ ដែល​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​កន្លង​ទៅ លើ​របៀប​វារៈ​ចំនួន​៣ រួម​មាន ការ​កែច្នៃ​ដំឡើង​យានយន្ត​ខុស​ពី​ស្តង់ដា​បច្ចេក​ទេស ការ​ពង្រឹង​វិធានការ​ទប់​ស្កាត់​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ការ​គ្រប់គ្រង​រថយន្ត​ធុន​ធ្ងន់​ចេញ-ចូល ក្នុង​រាជធានី​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ