អានតួអត្ថបទ
កម្ពុជា

គជប៖ ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការអាច​ត្រូវ​​ពន្យារពេល បើមាន​​បណ្ដឹង​តវ៉ា​ច្រើន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅកាត់​ថា គជប បាន​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​តាម​ការ​គ្រោង​ទុក​កាល​ពី​ម្សិលមិញ​ មុន​នឹង​ចេញ​ផ្សាយ​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥​ខែ​សីហា​ខាង​មុខ​។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​លទ្ធផល​ផ្លូវការ​អាច​ត្រូវ​ពន្យារ​ពេល បើ​មាន​បណ្ដឹង​តវ៉ា​ច្រើន​ចំពោះ​លទ្ធផល​បណ្ដោះអាសន្ន​ដែល​ទើប​តែ​ប្រកាស​កាល​ពី​ម្សិលមិញ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី លោក ឌឹម សុវណ្ណារុំ សមាជិក​និង​ជា​អ្នក​នាំ​ពាក្យ គជប ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​អាទិត្យ​នេះ​។

ដំណើការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ នីតិកាល​ទី​៦
ដំណើការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ នីតិកាល​ទី​៦ @REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​មាន​បណ្ដឹង​តវ៉ា​ចំពោះ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃការ​បោះ​ឆ្នោត គជប ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ​បណ្ដឹង​អស់​ទាំង​នោះ​សិន មុន​នឹង​អាច​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​បាន​។ លោក ឌឹម សុវណ្ណារុំ បាន​ពន្យល់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​យ៉ាង​ដូច្នេះ មួយ​ថ្ងៃ​ក្រោយ​ពេល គជប ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​។ ជា​លទ្ធផល​ដែល​រហូត​មក​ទល់​ពេល​នេះ មាន​គណបក្ស​យ៉ាង​ហោច​ណាស់​៤​ហើយ ដែល​ចេញ​មុខ​ប្រកាស​មិន​ទទួល​ស្គាល់​។ គណបក្ស​ទាំង​៤​នោះ​រួម​មាន គណបក្ស​យុវជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​ជាង​៣​ម៉ឺន​សំឡេង គណបក្ស​ខ្មែរ​ឈប់​ក្រ​ទទួល​បាន​សំឡេង​ឆ្នោត​ជាង៥ម៉ឺនសំឡេង គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទទួល​បាន​ជាង​២​ម៉ឺន​សំឡេង និង​គណបក្ស​រស្មី​ខេមរា​​ទទួល​បាន​ជាង​៤​ពាន់​សំឡេង​។

យ៉ាង​ណា​ក៏​ដោយ ក្នុង​ចំណោម​គណបក្ស​ទាំង​៤​នោះ មាន​តែ​គណបក្ស​យុវជន​កម្ពុជា​មួយ​ប៉ុណ្ណោះ ដែល​មាន​បំណង​ដាក់​បណ្ដឹង​តវ៉ា​ទៅ​កាន់ គជប ដើម្បី​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​។ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ RFI ថា លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ដែល គជប ទើប​តែ​ចេញ​ផ្សាយ​នេះ មិន​ត្រឹម​ត្រូវ​សម្រាប់​គណបក្ស​យុវជន​កម្ពុជា​ទេ​។ បើ​តាម​ប្រធាន​គណបក្ស​វ័យ​ក្មេង​រូប​នេះ​ដដែល ចំនួនសំឡេង​គាំទ្រ​ដែល​គណបក្ស​លោក​ទទួល​បាន​ពិត​ប្រាកដ គឺ​មាន​ចំនួន​៣​ម៉ឺន​៩​ពាន់​៤១៧​សំឡេង ខណៈ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត បង្ហាញ​ថា បក្ស​យុវជន​កម្ពុជា ទទួល​បាន​សំឡេង​គាំទ្រ​តែ​៣​ម៉ឺន​៩​ពាន់​៣៣៣​សំឡេង​ប៉ុណ្ណោះ​។ លោក ពេជ្រ ស្រស់ អះអាង​ថា ខ្លួន​នឹង​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ទៅ​កាន់ គជប ជុំ​វិញ​ការ​បាត់​សំឡេង​ឆ្នោត​នេះ នៅ​ថ្ងៃ​ចន្ទ ទី​១៣​សីហា​។

ជុំ​វិញ​ការ​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ចំពោះ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​នេះ លោក ឌឹម សុវណ្ណារុំ អ្នកនាំ​ពាក្យ គជប បញ្ជាក់​ថា គជប នឹង​ដោះ​ស្រាយ​តាម​ករណី​ជាក់​ស្ដែង​។ ​ក្នុង​ករណី​មាន​បណ្ដឹងតវ៉ា​​ច្រើន គជប អាច​នឹង​ត្រូវ​ពន្យារ​ពេល​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​។ ប៉ុន្តែ ប្រសិន​បើ​គ្មាន​បណ្ដឹង​ច្រើន​ណាស់​ណា​ទេ ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​សីហា តាម​ការ​គ្រោង​ទុក​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ