ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

កម្ពុជា ប្រារព្ធ​ខួប ៦៤​ឆ្នាំ​រម្លឹក​ឯករាជ្យ​ជាតិ និង​ស្នា​ព្រះហត្ថ​មិន​អាច​បំភ្លេច​បាន​របស់​ព្រះបរមរតនកោដ្ឋ

media  
ខួប ៦៤​ឆ្នាំ​រម្លឹក​ឯករាជ្យ​ជាតិ @Samdech Hun Sen, Cambodian Prime Minister

ថ្ងៃ​ទី​៩ វិច្ឆិកា​១៩៥៣-៩ វិច្ឆិកា​២០១៧​នេះ គឺ​ជា​ខួប​គម្រប់ ៦៤​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ពិភព​លោក​ទាំង​មូល បាន​នឹក​ឃើញ​ដល់​ស្នា​ព្រះហត្ថ​ របស់​អតីត​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​ករុណា ព្រះ​បាទ សម្តេច​ព្រះ​នរោត្តម​ សីហនុ ព្រះបរមរតនកោដ្ឋ ដែល​ទ្រង់​បាន​ខិត​ខំ​ប្រឹង​ប្រែង ទាមទារ​ឯករាជ្យ​ ពី​អាណានិគម​និយម​បារាំង ហើយ​នាំ​ឯករាជ្យ​ភាព សន្តិភាព សម្រាប់​ប្រទេស​កម្ពុជា។

នា​ព្រឹក​ព្រលឹម នៅ​ថ្ងៃ​ទី ៩​វិច្ឆិកា​នេះ វិមាន​ឯករាជ្យ ដែល​ជា​តំណាង​នៃ​ឯករាជ្យ​ភាព បូរណភាព សនិ្តភាព​របស់​កម្ពុជា បាន​ទទួល​នូវ​ភាព​អ៊ូអរ​ជា​ខ្លាំង ដោយ​ការ​ប្រារព្ធខួប​រម្លឹក​ដល់​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​គ្រប់​គ្នា​មិន​អាច​បំភ្លេច​បាន។ បុណ្យ​ឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា ត្រូវ​បាន​ប្រទេស​កម្ពុជា ​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​រម្លឹក​ទៅ​ដល់​ថ្ងៃ ​ដែល​កម្ពុជា​ ទទួល​បាន​ឯករាជ្យ​ភាព​ពេញ​បរិបូណ៌​ពី​អាណានិគម​និយម​បារាំង​ នៅ​ថ្ងៃ​ទី​ ៩​វិច្ឆិកា​ ឆ្នាំ​១៩៥៣ ក្រោម​ព្រះរាជ​បូនីយកិច្ច​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរមរតន​កោដ្ឋ អតីត​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា​។

ថ្ងៃ​នេះ កាល​ពី ៦៤​ឆ្នាំ​មុន ព្រះ​មហាវីរក្សត្រ បាន​​សរសេរ​លិខិត​ផ្លូវ​ការ​ទៅ​រដ្ឋ​បារាំង ដោយ​អះអាង​ថា ចាប់​ពី​ថ្ងៃ​ទី ៩​វិច្ឆិកា ឆ្នាំ​១៩៥៣​ត​ទៅ គឺ​កម្ពុជា ជា​ប្រទេស​ឯករាជ្យ​មួយ មិន​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ប្រទេស​ណា​មួយ​នោះ​ឡើយ​ ហើយ​កម្ពុជា នឹង​ស្រលាញ់​រាប់​អាន​បារាំង​ ក្នុង​ឋានៈ​ជា​ប្រទេស​ឯករាជ្យ​ដូច​គ្នា។

ចាប់​ពី​ពេល​នោះ​មក ប្រទេស​មហា​អំណាច​ផ្សេង​ទៀត មាន​ដូច​ជា​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស អ៊ីតាលី កាណាដា និង​ប្រទេស​ជិត​ខាង​កម្ពុជា បាន​ទទួល​ស្គាល់​ពី​ជោគ​ជ័យ​នៃ​ឯករាជ្យ​ភាព​ជាតិ​នេះ។ ចាប់​ពី​ពេល​នោះ​ដែរ កម្ពុជា​បាន​ក្លាយ​ជា​ទិស​ដៅ​ដៃ​គូ​អភិវឌ្ឍ ទាំង​ជំនួញ សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដោយ​បើក​ឱកាស​ឲ្យ​មាន​ទីផ្សារ​សេរី និង​ការ​នាំ​ចេញ នាំ​ចូល​ស្រប​ច្បាប់​ទាំង​ទៅ​កាន់​ទ្វីប​អឺរុប អាមេរិក និង​ក្នុង​ទ្វីប​អាស៊ី​ផ្ទាល់។ កម្ពុជា ដែល​មាន​ឯករាជ្យ​ពេញ​លេញ​មិន​ចំណុះ​ប្រទេស​ណា​មួយ​នោះ​ បាន​ចាប់​ផ្តើម​វិវត្ត​ខ្លួន​យ៉ាង​ខ្លាំង​ល្បី​ល្បាញ​សុះសាញ​ស្ទើរ​គ្រប់​វិស័យ ក្នុង​អំឡុង​សម័យ​សង្គម​រាស្ត្រ​និយម​ក្រោម​ព្រះ​រាជ​ដឹក​នាំ​ដោយ​ផ្ទាល់ ពី​សម្តេច​ ព្រះនរោត្តម​ សីហនុ។

ក្រឡេក មក​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នា​ឆ្នាំ ២០១៧​នេះ​វិញ គឺ​ដូច​រាល់​ឆ្នាំ​ដែរ ទិវា​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​មហោឡារិក ក្រោម​ព្រះរាជាធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ព្រះ​អង្គ ​បាន​យាង​ប្រទាន​ភ្លើង​ជ័យ ព្រម​ទាំង​សំណេះ​សំណាល​ជាមួយ​នឹង​ថ្នាក់​ដឹក​នាំ​សំខាន់​របស់​កម្ពុជា ដូច​ជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក​ហេង សំរិន ប្រធាន​រដ្ឋសភា លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ រួម​ទាំង​មន្រ្តី​រាជការ សមាជិក​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់។

មិន​ខុស​ពី​រាល់​លើក​នោះ​ទេ​ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ត្រូវ​បាន​ប្រារព្ធ​ដោយ​មាន​ពិធី​ប្រទាន​ភ្លើង​ជ័យ ពិធី​ដាក់​កម្រ​ផ្កា ​​​និង​ការ​បង្ហោះ​សត្វ​ព្រាប​ពណ៌​ស រួម​ទាំង​ប៉េង​ប៉ោង​ព្រោង​ព្រាត​យ៉ាង​ស្រស់​ស្អាត​ពេញ​អាកាស​វេហា។ ហើយ​នៅ​ពេល​យប់ ក៏​នឹង​មានការ​បាញ់​កាំជ្រួច​អបអរសាទរ​ផង​ដែរ។ ជា​ទូទៅ នៅ​ថ្ងៃ​ទី ៩​វិច្ឆិកា​នេះ ប្រជាពលរដ្ឋ សិស្ស​និស្សិត និង​មន្រ្តី​រាជការ​ទាំង​អស់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​នេះ​នៅ​ទូទាំង​ប្រទេស៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ