អានតួអត្ថបទ
កម្ពុជា

បក្ស​​ប្រជា​ជន​​​​ប្តេជ្ញា​​ដឹកនាំ​​ប្រទេស​​តាម​បែប​​​ប្រជាធិបតេយ្យ​ ក្រោយ​​មាន​ការ​​រំលាយ​​បក្ស​​សង្គ្រោះ​​ជាតិ​

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងតែ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន បានបង្ហាញ​ការ​​ប្តេជ្ញា​ចិត្ត​​ថា ​នឹង​រក្សា​ជំហរ​​ដឹកនាំ​ប្រទេស​ទៅតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និងនីតិ​រដ្ឋ​។ នេះ​បើតាម​អ្នកនាំពាក្យ​គណបក្ស។ ប៉ុន្តែ​អ្នកវិភាគ​បញ្ហានយោបាយ​នៅ​កម្ពុជា មើល​ឃើញថា ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពី​សំណាក់​គណបក្ស​នេះ មានតែ​សំបក​ក្រៅ​ប៉ុណ្ណោះ។

លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជាចូ​លរួម​ក្នុង​ពិធី​រំឮក​ខួប​៧ ​មករា​ នៅថ្ងៃ​អាទិត្យ​
លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជាចូ​លរួម​ក្នុង​ពិធី​រំឮក​ខួប​៧ ​មករា​ នៅថ្ងៃ​អាទិត្យ​ @PM Hun Sen Facebook page
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​អះអាងថា បច្ចុប្បន្ន និង​ទៅ​អនាគត លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​នៅតែ​ត្រូវបាន​លើកកម្ពស់​និង​រីកចម្រើន ព្រមទាំង​មាន​និរន្តរភាព​យ៉ាងរឹងមាំ ស្របតាម​សភាពការណ៍​វិវត្តន៍​រីកចម្រើន​របស់​ប្រទេសជាតិ ហើយ​ថា​គ្មាន​អនុភាព​ណា​អាចមក​រារាំង​ឬ​បំផ្លាញ​បានជា​ដាច់ខាត ។ អ្នក​ពាក្យ​រូបនេះ បាន​អះអាង​បន្ថែមទៀតថា គណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា និង​រក្សា​ជំហរ​ដឹកនាំ​ប្រទេស​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ ដោយ​ធ្វើជា​មជ្ឈមណ្ឌល​នៃ​សុខដុម​នីយកម្ម​សង្គម​ទាំងមូល ដើម្បី​ថែរក្សា ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សុខ​សុវត្ថិភាព​សង្គម​ឲ្យ​ស្ថិតស្ថេរ។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ អ្នកវិភាគ​បញ្ហានយោបាយ​កម្ពុជា លើកឡើងថា ការនិយាយ​ពី​ការដឹកនាំ​ប្រទេស​តាមបែប​លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ​ពី​សំណាក់​បក្ស​កាន់អំណាច​នេះ គឺ​កើតមាន​យូរ​មកហើយ ប៉ុន្តែ​ការអនុវត្ត​តាម​ពាក្យសម្តី​ទាំងនេះ​វិញ មិនទាន់​កើតមាន​នៅឡើយ​ទេ។ សម្រាប់​អ្នកវិភាគ​រូបនេះ ការដឹកនាំ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំ​ឡើងជា​ទម្រ​ង់​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​លទ្ធិប្រជាធិបតេយ្យ​នេះ លោក​ចាត់ទុកថា ជា​ប្រជាធិបតេយ្យ​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ។ បើតាម​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ នេះ​គឺ​ដោយសារតែ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល និង​រដ្ឋសភា មិន​ស្របតាម​ស្តង់ដារ​លទ្ធិប្រជាធិបតេយ្យ ហើយ​បញ្ហា​សិទ្ធិ សេរីភាព និង​ច្បាប់​ទៀតសោត មិនត្រូវ​បាន​គោរព និង​អនុវត្ត​ឲ្យ​បានល្អ​នោះទេ។

ផ្ទុយ​ពី​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ លោក​បណ្ឌិត​គិ​ន ភា អ្នកជំនាញ​ផ្នែក​វិ​ទ្យ​សាស្ត្រ​នយោបាយ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា​វិញ យល់ថា ប្រព័ន្ធគ្រប់គ្រង​នៅ​កម្ពុជា គឺធ្វើឡើង​តាមបែប​បទ​ប្រជាធិបតេយ្យ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​សុទ្ធតែ​បានកើត​ចេញពី​បោះឆ្នោត​ស្របច្បាប់​ទាំងអស់។ សម្រាប់​លោក​បណ្ឌិត គិ​ន ភា លទ្ធិប្រជាធិបតេយ្យ​គឺ​អាស្រ័យ​តាម​ប្រទេសនីមួយៗ ដូច្នេះហើយ​លោក​ថា ចង់​ឬ​មិន​ចង់ កម្ពុជា​ប្រកាន់យក​នូវ​លទ្ធិប្រជាធិបតេយ្យ​តាមបែប​កម្ពុជា។

លទ្ធិប្រជាធិបតេយ្យ​កម្ពុ​ជា ត្រូវបាន​អង្គការ​អន្ដរជាតិ​ជាច្រើន​វាយតម្លៃថា បាន​ធ្លាក់ចុះ​ខ្លាំង​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ និយាយ​ឲ្យ​ចំ​ទៅ​គឺ​នៅក្នុង​ឆ្នាំ២០១៧កន្លងទៅនេះ​តែម្តង។ នេះ​ក៏​ព្រោះតែ​មានការ​រំលា​យគណ​ក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ហើយ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ត្រូវបាន​បញ្ជា​ឲ្យ​បិទទ្វារ ព្រមទាំង​មានការ​បិទទ្វារ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ផង​ទៀត។ ប៉ុន្តែ​បញ្ហា​ទាំងនេះ រដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ជា​ញយ​ដង​ថា គឺជា​ការអនុវត្ត​ច្បាប់​ក្នុងនាម​កម្ពុជា​ជា​នីតិរដ្ឋ ហើយ​ថា វិធានការ​ទាំងឡាយ​នោះ គឺធ្វើឡើង​ដើម្បី​ការពារ​សន្តិភាព និង​សន្តិសុខ​របស់​ប្រទេសជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ