អានតួអត្ថបទ
កម្ពុជា-ច្បាប់

អង្គការ​តម្លាភាព​កម្ពុជា៖ ៣​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្រិត​នៃ​ការ​សូក​ប៉ាន់​នៅ​ថ្នាក់​ក្រោម​ជាតិមាន​ការ​ធ្លាក់​ចុះ

«រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ»ជា​ប្រធាន​បទ​មួយ​ដែល​រដ្ឋាភិបាល និង​អង្គការ​សង្គម​​ស៊ីវិល​ដាក់​ចេញ​រួម​គ្នា ​ក្នុង​ឱកាស​នៃ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ទី​១៥ ថ្ងៃ​ទី​៩​ធ្នូ​នេះ។ សម្រាប់​អង្គការ​តម្លាភាព​កម្ពុជា​បាន​កត់​សម្គាល់​ថា ៣​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្រិត​នៃ​ការ​សូក​ប៉ាន់​នៅ​ថ្នាក់​ក្រោម​ជាតិ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​សម្គា​ល់ ខណៈ​រដ្ឋាភិ​បាល​​ឯកភាព​ថា ការ​ធ្លាក់​ចុះ​ដោយ​សារ​តែ​កន្លង​មក​ភាគី​ពាក់ព័ន្ធ​បាន​ធ្វើ​ការ​ងារ​នេះ​រួម​គ្នាតាម​រយៈ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ។

លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ចំពោះ​អំពើ​ពុក​រលួយ ដែល​នេះ​គឺ​ជា​ការ​កត់​សម្គាល់​របស់​លោក​​​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា។ ការ​កត់​សំគាល់​នេះ​គឺ ក្នុង​ឱកាស​នៃ​ទិវា​អន្តរ​ជាតិ​និង​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ទី​១៥ ថ្ងៃ​ទី​៩​ធ្នូ​នេះ។ កម្រិត​នៃ​ការ​សូក​ប៉ាន់​ធ្លាក់​គឺ​ទាក់ទង​នឹង​ការ​ផ្ដល់​សេវាកម្ម​តូចៗ​ដូច​ជា ការ​ធ្វើ​អត្ត​សញ្ញា​ណប័ណ្ណ​និង​សៀវភៅ​គ្រួសារ​ជា​ដើម ។

បើ​តាម​លោក ព្រាប កុល ការ​ធ្លាក់​ចុះ​នៃ​ការ​សូក​ប៉ាន់ ជា​ជោគ​ជ័យ​នៃ​លទ្ធផល​ធ្វើ​កំណែ​ទម្រង់ តាម​រយៈ​កិច្ច​សហការ​រួម​គ្នា​រវាង​ក្រសួង​មហាផ្ទៃ និង​អង្គការ​តម្លាភាព​កម្ពុជា ក្នុង​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​រាជការសាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ពង្រឹង​សមត្ថ​ភាព​ប្រជាពលរដ្ឋ​ក្នុង​ការ​ឃ្លាំ​មើល​ការ​ផ្ដល់​សេវាសាធារណៈ។ ការ​ឃ្លាំ​មើល​នេះ​ធ្វើ​ឡើង​តាម​​រយៈ​ការិយាល័យ​នៅ​ក្នុង​ខេត្ត​ចំនួន​៥​រួម​មានៈ ព្រៃវែង បាត់ដំបង កំពត សៀមរាប និង​រតន​គិរី។

លោក ងី ច័ន្ទ្រផល រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​ថា ការិយា​ល័យ​ទាំង​៥នៅ​តាម​តំបន់​នេះ ដើរ​តួ​សំខាន់​ក្នុង​ការ​ឃ្លាំ​មើល​អំពើ​ពុក​រលួយ។ ប៉ុន្តែ​យ៉ាង​ណា​មិញការ​បណ្ដុះ​​បណ្ដាល​និង​ពង្រឹង​សមត្ថភាព​មន្ត្រី​ថ្នាក់ជាតិ មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេដែល​ចាំ​បាច់​ត្រូវ​តែ​ខិត​ខំ​បន្ថែម​ទៀត។

ទាំង​លោក ព្រាប កុល និង លោក ងី ច័ន្ទ្រផល បាន​លើក​ឡើង​ស្រប​គ្នា​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​ជា​ការ​ងារ​រួម​គ្នា​ដោយ​មិន​ត្រូវ​រំពឹង​តែ​ទៅ​លើ​ស្ថាប័ន​រដ្ឋ អង្គ​ការ​សង្គម​​ស៊ីវិល ឬ វិស័យ​ឯកជន​ទេ ។ តែ​ពលរដ្ឋ​ទៅ​វិញ​ទេ​ត្រូវ​ចូល​រួម​ឲ្យ​បាន​ពេញ​លេញ​ក្នុង​​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

អ្វី​ជា​ការ​កត់​សម្គាល់​ទាំង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​មិន​បាន​ប្រារព្ធ​ទិវា​អន្តរ​ជាតិ​និង​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ផ្លូវ​ការ​ឡើយ ពោល​គឺ​ត្រឹម​តែ​ជា​ការ​ផ្ញើសារ​អម​ដោយ​វីដេអូ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​រួម​គ្នា​ប្រ​យុ​ទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​តែ​ប៉ុណ្ណោះ។

កាលពីដើមខែកុម្ភៈក្នុងឆ្នាំ២០១៨ សន្ទស្សន៍​សកល​មួយ​ស្តីពី​អំពើ​ពុករលួយ​បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ទី​ ១៦១ ​ក្នុង​ចំណោម​ប្រទេស​ ១៨០។​របាយការណ៍​នេះ​បាន​ចង្អុល​បង្ហាញ​ជាក់លាក់​អំពី​សេរីភាព​សារព័ត៌មាន​ទន់ខ្សោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ