អានតួអត្ថបទ
កម្ពុជា

របាយការណ៍​ធនាគារ​ពិភព​លោក​បង្ហាញ​ភាព​ប្រឈម​ច្រើន​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ

ធនាគារ​ពិភពលោក​នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ​នេះ ​បាន​ចេញ​របាយការណ៍​មួយ ​ស្តី​ពី​ការ​អភិវឌ្ឍ​ទីក្រុង ក្នុង​រាជធានី​ភ្នំពេញ​។ ​ការ​ចេញ​របាយការណ៍​របស់​ធនាគារ​ពិភពលោក​នៅពេល​នេះ ​បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​សិក្សា​បង្ហាញ​ថា ​ទីក្រុង​ភ្នំពេញ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ​ដូចជា​បញ្ហា​ស្ថាប័ន​និង​អភិបាលកិច្ច ​កង្វះខាត​បទដ្ឋាន​គតិ​យុទ្ធ ​និង​ផែនការ​ពង្រឹង​ការ​អភិវឌ្ឍ​ទី​ក្រុង ​ប្រកប​ដោយ​ការ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​។

ទីក្រុងភ្នំពេញ ប្រមូលផ្តុំដោយអាគារបុរាណ សម័យ និងសួនបៃតងតិចតួច
ទីក្រុងភ្នំពេញ ប្រមូលផ្តុំដោយអាគារបុរាណ សម័យ និងសួនបៃតងតិចតួច Nhim Sophal/rfi
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ​បាន​លើកឡើង​ពី​ការ​សិក្សា​ថ្មី​មួយ​ស្តីពី​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​រាជធានី​ភ្នំពេញ​ថា ​ការ​រីក​លូតលាស់​ដ៏​ឆាប់​រហ័ស​នៃ​ក្រុង​ភ្នំពេញ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក ​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើន​ឱកាស​ការងារ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។ ​ក៏​ប៉ុន្តែ​ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ការ​លើក​កម្ពស់​ផែនការ ​ការ​គ្រប់គ្រង​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ទីក្រុង ​គឺ​ត្រូវការ​ជា​ចាំបាច់ ​ដើម្បី​ចៀសវាង​ការ​រីក​រាលដាល​នៃ​ភាព​គ្មាន​សណ្តាប់ធ្នាប់ ​ការ​កកស្ទះ​ចរាចរណ៍ ​និង​ការ​បំពុល​ផ្សេង​។

របាយការណ៍​ដដែល​លើក​ឡើង​ថា ​មាន​ភាព​ប្រឈម​ជា​ច្រើន ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ជា​មូលដ្ឋាន ​ដែល​រួមមាន ​ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ ​ស្ថានីយ៍​កែច្នៃ​ទឹក​ស្អុយ ​សេវា​ដឹក​ជញ្ជូន​សាធារណៈ ​និង​ការ​គ្រប់គ្រង​កាក​សំណល់​រឹង​។ ​ធនាគារ​ពិភពលោក​ក៏​បាន​កត់​សម្គាល់​ដែរ​ថា ​ការ​គ្រប់គ្រង​និង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ការ​រៀបចំ​ក្រុង ​ការ​ពង្រឹង​អភិបាល​កិច្ច​និង​ការ​ផ្តល់​សេវាកម្ម​ក៏​ជួប​បញ្ហា​ប្រឈម​ដែរ​។ ​ទោះបី​ជា​មាន​ដំណើរ​ការ​រៀបចំ​ក្រុង​ដែល​មាន​ស្រាប់​ក៏​ដោយ ​ក៏​ការ​ផ្តល់​ហិរញ្ញប្បទាន​និង​សមត្ថភាព​បច្ចេកទេស ​ជា​ញឹកញាប់​បង្ក​នូវ​ឧបសគ្គ​ជាច្រើន​ដល់​ផែនការ​អភិវឌ្ឍ​ទី​ក្រុង​ និង​ផែនការ​ប្រើប្រាស់​ដី ​ជាពិសេស​នៅ​ថ្នាក់​ខណ្ឌ​ និង​សង្កាត់​។

លោក​ស្រី ​Inguna Dobraja ​នាយិការ​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែងថា​ រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​ការ​កែ​ខៃ​ទីក្រុង​ជា​វិជ្ជមាន​សម្រាប់​អនាគត​របស់​ខ្លួន ​ការ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​ថែមទៀត ​និង​ការ​បង្ក​លទ្ធភាព​ឲ្យ​មាន​សេវាកម្ម ​កាន់ តែ​ប្រសើរ​ជាង​មុន​។

​ជាមួយ​គ្នា​នេះ ​ធនាគារ​ពិភពលោក​តា​មរយៈ​របាយការណ៍​រ​បស់​ខ្លួន ​ក៏បាន​ផ្តល់​ជា​អនុសាសន៍​ចំនួន​៤​ចំណុច​ដែរ ​ក្នុងនោះ​គឺ​ត្រូវ​កែលម្អ​ស្ថាប័ន​និង​អភិបាលកិច្ច​ដើម្បី​ឲ្យ​ទីក្រុង​អាច​អភិវឌ្ឍន៍​ទៅ​បាន​ប្រកប​ដោយ​ភាព​សុខដុម​និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។ ​ត្រូវ​កែលម្អ​ផែនការ​រៀបចំ​ទីក្រុង​និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែល​មាន​ស្រាប់​។ ​ត្រូវ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព ​ដើម្បី​លើក​កម្ពស់​កំរិត​ជីវភាព​រស់នៅ​និង​ការប្រកួត​ប្រជែង ​និង​ត្រូវ​ធានា ​ការ​រៀបចំ​ទីក្រុង​ដោយ​មាន​ការ​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ចៀសវាង​វិសមភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ