អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ទណ្ឌិត​ជាង​៥០០​នាក់ នឹង​ត្រូវ​ស្នើ​សុំ​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​

យ៉ាង​ហោច​ណាស់​មាន​ទណ្ឌិត​ចំនួន​៥៣២​នាក់ នឹង​ត្រូវ​ស្នើ​សុំ​លើក​លែង និង​បន្ធូ​បន្ថយ​ទោស នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អក​អំបុក​សំពះ​ព្រះ​ខែ នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ បញ្ជី​ឈ្មោះ​ទណ្ឌិត​ទាំង​នេះ ត្រូវ​បាន​ស្នើ​មក​គណៈ​កម្មការ​ថ្នាក់​ជាតិ​ប្រជុំ​សម្រេច​កាល​ពី​ថ្ងៃ​ពុធ​។ ប៉ុន្តែ​បញ្ជី​ឈ្មោះ​ទាំង​នេះ នឹង​ត្រូវ​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​មុន​សិន មុន​នឹង​បញ្ជូន​ទៅ​កាន់​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះហត្ថលេខា​។ 

អ្នកទោសពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា
អ្នកទោសពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​បញ្ជី​ឈ្មោះ​ដែល​បាន​ស្នើ​សុំ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស ដែល​ត្រូវ​បាន​បញ្ជូន​មក​គណៈកម្មការ​ជាតិ កាល​ពី​ថ្ងៃពុធ ទី៣១ តុលា យ៉ាង​ហោច​ណាស់​មាន​ទណ្ឌិត​ចំនួន​៥៣២​នាក់ នឹង​ត្រូវ​ស្នើ​សុំ​លើក​លែង និង​បន្ធូ​បន្ថយ​ទោស នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អក​អំបុក សំពះ​ព្រះខែ នៅ​ក្នុង​ឆ្នាំ​នេះ​។ ក្នុង​ចំណោម​ទណ្ឌិត​ទាំង ៥៣២​នាក់​នោះ មាន​ស្រី​ចំនួន​៣៧​នាក់ មក​ពី​ពន្ធនាគារ ខេត្ត-ក្រុង ចំនួន​២៤ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ ខណៈ​ដែល​គណៈ​កម្មការ​ថ្នាក់​ជាតិ​ត្រួត​ពិនិត្យ​ការ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស ដឹក​នាំ​ដោយ​លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​បើក​កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ​កាល​ពី​ថ្ងៃទី​៣១​តុលា​។

ការ​ស្នើ​សុំ​លើក​លែង និង​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត នឹង​ផ្អែក​លើ​គោលការណ៍​មនុស្ស​ធម៌ ដល់​ទណ្ឌិត​ណា​ដែល​មាន​អាយុ​ចាប់​ពី៦៥​ឆ្នាំ​ឡើង​ទៅ ទណ្ឌិត​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ទណ្ឌិត​ជា​ស្រ្តី​ដែល​មាន​កូន​នៅ​ក្នុង​ពន្ធនាគារ និង​ទណ្ឌិត​ដែល​គោរព​បាន​នូវ​គោល​ការណ៍​ច្បាប់ ដោយ​ការ​អនុវត្ត​ទោស​បាន​២​ភាគ​៣ នឹង​ទទួល​បាន​ការ​លើក​លែង​ទោស និង​អនុវត្ត​ទោស​បាន​១​ភាគ​៣ នឹង​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ទោស​ជា​ដើម​។ យ៉ាង​ណា​ក៏​ដោយ លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា បញ្ជី​ឈ្មោះ​ទណ្ឌិត​ទាំង​៥៣២​នាក់​នេះ គ្រាន់​តែ​បញ្ជី​ឈ្មោះ​ដែល​បញ្ជូន​មក​ពី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ប៉ុណ្ណោះ​។ ការ​សម្រេច​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ការ​ពិនិត្យ​និង​វាយ​តម្លៃ​ពី​គណៈ​កម្មការ​ថ្នាក់​ជាតិ ដែល​កំពុង​សិក្សា​និង​ស្រាវជ្រាវ​ទៅ​លើ​ប្រវត្តិ​របស់​ទណ្ឌិត​នីមួយៗ​។ តាម​គោលការណ៍​ច្បាប់ បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​សម្រេច​ពី​គណៈ​កម្មការ​ថ្នាក់​ជាតិ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច មុន​បញ្ជូន​ទៅ​កាន់​ព្រះមហាក្សត្រ ដើម្បី​ឡាយ​ព្រះហត្ថលេខា​។

គួរ​រំឭក​ជូន​ថា ទណ្ឌិត​ដែល​បាន​កែ​ប្រែ​ខ្លួន បាន​ទទួល​ឱកាស​ទទួល​បាន​ការ​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស នៅ​ក្នុង​ពិធី​បុណ្យ​ជាតិ​ធំៗ​ចំនួន​៣ គឺ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ម្តង ពិធី​បុណ្យ​វិសាខ​បូជា​ម្តង និង​ពិធី​បុណ្យ​អុំទូក​ម្តង​ទៀត​។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នៅ​ឆ្នាំ​នេះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ បាន​អះ​អាង​ថា កម្ពុជា​នឹង​បន្ថែម​ឱកាស​ក្នុង​ការ​ស្នើ​សុំ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​កម្ពុជា​ចំនួន​បី​បន្ថែម​ទៀត គឺ​នៅ​ក្នុង​ឱកាស​នៃ​ពិធី​ភ្ជុំបិណ្ឌ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ទិវា​ឈ្នះ​ឈ្នះ​២៩​ធ្នូ ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​។

លោក អ៊ូ ចន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​អំពាវ​នាវ​នៅ​ក្នុង​ឱកាស​នេះ ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ពិចារណា​ក្នុង​ការ​លើក​លែង និង​បន្ធូ​បន្ថយ​ទោស​ដល់​សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ ក្នុង​នោះ​រួម​មាន លោក ចៅ វាសនា អតីត​ចៅ​សង្កាត់​ប៉ោយ​ប៉ែត ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ​។ ការ​ស្នើ​សុំ​លើក​លែង និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​កម្ពុជា​នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​ខណៈ​មាន​របាយការណ៍​ថា ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ទណ្ឌិត​ប្រមាណ​ជាង​៣ម៉ឺន​នាក់ (៣១.២២៦នាក់) កំពុង​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ មាន​ស្ត្រី​ចំនួន​ជាង​២ពាន់​នាក់ (២.៦៦៣នាក់)​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ