ប្រមុខកាទូតកម្ពុជា ថ្លែងការពារជាថ្មី ពីវិធានការបង្រ្កាបលើគណបក្សប្រឆាំង នៅចំពោះមុខអង្គទូតនានា
រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានថ្លែងការពារជាថ្មី ចំពោះចំណាត់ការរបស់ស្ថាប័នកំពូលៗរបស់កម្ពុជា ទៅលើគណបក្សប្រឆាំងនាពេលថ្មីៗនេះថា គឺជាការអនុវត្តដោយស្របតាមច្បាប់របស់កម្ពុជា។ ការថ្លែងការពារនេះ គឺទល់នឹងសេចក្តីព្រួយបារម្ភដែលបានលើកឡើងដោយក្រុមឯកអគ្គរដ្ឋទូតចំនួន៥ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកកាលពីថ្ងៃទី ២៩ វិច្ឆិកា ប៉ុន្តែទើបតែត្រូវបានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៨
ក្រុមឯកអគ្គរដ្ឋទូតដែលបានលើកឡើងពីការព្រួយបារម្ភចុងក្រោយរបស់ខ្លួន ស្តីពី ស្ថានភាពនយោបាយនៅកម្ពុជានោះ រួមមាន ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ហ្វាំងឡង់ ស្វីស ដាណឺម៉ាក និងភារៈធារីស្តីទីនៃស្ថានទូតនូវែសហ្សឺឡង់ជាដើម។ ប៉ុន្តែ ជំនួបដែលបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជានាទីក្រុងភ្នំពេញ កាលពីថ្ងៃទី ២៩ វិច្ឆិកា នោះ ត្រូវបានលោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានពន្យល់ទៅវិញថា រាល់ចំណាត់ការរបស់ស្ថាប័នកំពូលៗកម្ពុជា រួមមាន ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងស្ថាប័នតុលាការទៅលើលោក កឹម សុខា និងគណបក្សប្រឆាំងនោះ គឺធ្វើឡើងដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានារបស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ៣០ វិច្ឆិកា ប៉ុន្តែទើបតែត្រូវបានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី ០៥ ធ្នូ នេះ។
នៅក្នុងសេចក្តីពន្យល់នេះ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងពីភស្តុតាងជាក់ស្តែងនានា ប្រាប់ទៅតំណាងអង្គទូតទាំង០៥ រួមទាំងចំណាត់ការរបស់ស្ថាប័នកំពូលៗរបស់កម្ពុជាទៅលើលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិនោះថា គឺសំដៅរក្សាឲ្យបាននូវផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា គឺឯករាជ្យ អធិបតេយ្យភាព ការប្រឆាំងទៅនឹងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលសេចក្តីប្រកាសនេះបានចាត់ទុកថា ការផ្តួលរំលំ តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ និងការធ្វើបដិវត្តពណ៌។ ចំណាត់ការខាងលើនេះ ក៏ដើម្បីរក្សាការពារឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ហើយនិងជីវភាពសុខសាន្តរបស់ប្រជាជន។ សេចក្តីថ្លែងការណ៍នេះ មិនបានលើកឡើងពីប្រតិកម្មយ៉ាងណា ពីក្រុមឯកអគ្គរដ្ឋទូតទាំង៥នេះទេ ប៉ុន្តែបានលើកឡើងពីការថ្លែងអំណរគុណចំពោះការពន្យល់របស់ភាគីរដ្ឋាភិបាលកម្ពុជា។ គួរជំរាបជូនថា នេះមិនមែនជាលើកទីមួយនោះទេ ដែលរដ្ឋាភិបាលកម្ពុជា បានថ្លែងការពារចំណាត់ការរបស់ខ្លួនទៅលើគណបក្សប្រឆាំងទល់នឹងការព្រួយបារម្ភពីសហគមន៍អន្តរជាតិ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៥ ធ្នូនេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានជាប់ពន្ធនាគារអស់រយៈពេល៣ខែមកហើយ បន្ទាប់ពីលោកត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីរំលងអាធ្រាត្រថ្ងៃទី ០៣ កញ្ញា ឆ្នាំ ២០១៧ ពីបទក្បត់ជាតិ។ ទាក់ទងនឹងករណីនេះ កាលពីថ្ងៃទី ០៤ ធ្នូ ម្សិលមិញនេះ ក្រុមតំណាងរាស្រ្ត១៥៨រូបមកពី២៣ប្រទេសនៅជុំវិញពិភពលោក ទើបបានចេញលិខិតចំហរមួយផ្ញើទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់និងឥតលក្ខ័ខណ្ឌ ខណៈបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា កំពុងកើតមានឡើងនៅតាមបណ្តាប្រទេសមួយចំនួននៅថ្ងៃនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ