អានតួអត្ថបទ
កម្ពុជា-ច្បាប់

រដ្ឋាភិបាល​កម្ពុជា និង លោក សម រង្ស៊ី យល់​ឃើញ​ផ្ទុយ​គ្នា​ចំពោះ​ច្បាប់​អាមេរិក​រឿង​កម្ពុជា

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច និង​អតីត​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​សំដែង​ការ​យល់​ឃើញ​ផ្ទុយ​គ្នា ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​​ដើម្បី​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​​ការ​ធ្វើ​ដំណើរ​ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។ ប្រតិកម្ម​បែប​នេះ​កើត​ឡើង​បន្ទាប់​ពី​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​គណបក្ស​កំពុង​ពួត​ដៃ​គ្នា ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ កាល​ពី​ថ្ងៃ​អង្គារ​ហើយ​គ្រោង​អនុម័ត​នៅ​ពេល​ឆាប់ៗ​នេះ។

លោក សម រង្ស៊ី (ឆ្វេង)​ និង​លោក ​សុខ ​ឥសាន (ស្តាំ)។​
លោក សម រង្ស៊ី (ឆ្វេង)​ និង​លោក ​សុខ ​ឥសាន (ស្តាំ)។​ @RFI
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក លោក សម រង្ស៊ី បាន​សរសេរ​ថា លោក អាលែន ឡូវែនថល (Alan Lowenthal) បាន​ដាក់​ច្បាប់​មួយ ស្តីពី​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​រដ្ឋសភា​អាមេរិក ពិភាក្សា​និង​អនុម័ត នៅ​ចុង​សប្តាហ៍​នេះ។

បើ​តាម លោក សម រង្ស៊ី «ច្បាប់​នេះ នឹង​ដាក់​ទណ្ឌកម្ម លើ​ថ្នាក់​ដឹក​នាំ​ប្រទេស​កម្ពុជា ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ទណ្ឌកម្ម​ទាំង​នោះ មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ដែល​មន្ត្រី​កម្ពុជា​ទាំង​នោះ មាន​នៅ​សហរដ្ឋ​អាមេរិក ការ​ទប់​ស្កាត់​រាល់​សកម្មភាព​ហិរញ្ញវត្ថុ នៃ​មន្ត្រី​ទាំង​នោះ នៅ​សហរដ្ឋ​អាមេរិក និង​ការ​បដិសេធ​ទិដ្ឋាការ មិន​ឲ្យ​មន្ត្រី​ទាំង​នោះ មក​ជាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក»។

ផ្ទុយ​ទៅ​វិញ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ច្បាប់​នេះ​គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ បើ​តាម លោក សុខ ឥសាន គ្មាន​ឥទ្ធិពល​ដោយ​សារ​តែ​ច្បាប់​នេះ​តាក់​តែង​ឡើង​ដោយ​សមាជិក​សភា​ជាន់​ទាប ពោល​គឺ​មិន​ដូច​ច្បាប់​ដែល​តាក់​តែង​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែល​មាន​ឥទ្ធិពល​នោះ​ទេ។ ម្យ៉ាង​ទៀត លោក​ថា នៅ​ពេល​សមាជិក​ព្រឹទ្ធសភា​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​បាន​បង្ហាញ​ជំហ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​រួច​ទៅ​ហើយ។

សូម​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ថ្មី​សម្រាប់​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ហាម​ការ​ធ្វើ​ដំណើរ​របស់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឡើង​ដោយ​តំណាង​រាស្ត្រ​​ ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) និង ​លោក ថិត យូហូ (Ted Yoho) តំណាង​រាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ច​ការ​បរទេស​ទទួល​បន្ទុក​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក។

លោក អាឡាន់ ឡូវែនថល ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ដក​ស្រង់​សំដី​មក​ថា ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជាឆ្នាំ​២០១៨ លេខ H.R. ៥៧៥៤ ដែល​ធ្វើ​ឡើង ដោយ​គណបក្ស​ទាំង​ពីរ គឺ​ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​កម្ពុជា​ដែល បាន​នាំគ្នា​បំផ្លាញ​​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ លោក អាឡាន់ ឡូវែនថល អះអាង​ទៀត​ថា សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ មាន​ការ​គាំទ្រ​ដោយ​ប្រធាន គណៈកម្មាធិការ​កិច្ចការ បរទេស​លោក អេដ រ៉យ (Ed Royce) និង​លោក ស្ទីវ ឆាបុត (Steve Chabot) ថែម​ទៀត​ផង។

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​ចំអក​ឲ្យ​សហរដ្ឋ​អាមេរិក​បង្កក​ប្រាក់​របស់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់​តែ​ឆាប់ ប្រសិន​បើ​ពួក​គេ​មាន​លុយ​ផ្ញើ​ទុក​នៅ​ក្រៅ​ប្រទេស​មែន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ