អានតួអត្ថបទ
កម្ពុជា-សង្គម

​សមាគម​អ្នក​កាសែត​មួយ ប្រកាស​បង្កើត​គណៈ​កម្មាធិ​ការ វាយ​តម្លៃ​លើ​សេរី​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​

សហ​ភាព​សហ​ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ស.ស.ស.ក) ទើប​តែ​បាន​ប្រកាស​ពី​ការ​ផ្ដួច​ផ្ដើម​គំនិត​បង្កើត «គណៈ​កម្មា​ធិការ​កម្ពុជា វាយ​តម្លៃ​សេរី​ភាព​សារព័ត៌មាន» ហៅ​កាត់​ថា «ស៊ីម៉ា»។ គណៈ​កម្មា​ធិការ​នេះ គឺ​ជា​យន្ដ​ការ​ថ្មី​មួយ ដែល​នឹង​ដើរ​តួនាទី​ក្នុង​ការ​ឃ្លាំ​មើល និង​សរសេរ​របាយ​ការណ៍​វាយ​តម្លៃ អំពី​ស្ថាន​ភាព​និង​លំហរ​សេរី​ភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​សម្រាប់​ប្រធាន​ក្លិប​អ្នក​កាសែត​នៅ​កម្ពុជា​ខ្លះ ហាក់​នៅ​អល់​អែក​ក្នុង​ការ​ចូល​រួម​នៅ​ឡើយ​។ 

ក្រុម​អ្នកកាសែត​កំពុងយកព័ត៌​មាន (រូបភាពទូទៅ)
ក្រុម​អ្នកកាសែត​កំពុងយកព័ត៌​មាន (រូបភាពទូទៅ) Kem Gunawadh
ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន យន្ត​ការ​ថ្មី​នេះ ត្រូវ​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើង ដើម្បី​វាយ​តម្លៃ​ខ្លួន​ឯង និង​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង ហើយ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ដើម្បី​កែ​លម្អ ក៏​ដូច​ជា ស្នើ​សុំ​ផ្នែក​ពាក់​ព័ន្ធ​ឲ្យ​ចូល​រួម​កែ​លម្អរ​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​គុណ​ភាព​សារ​ព័ត៌មាន​កាន់​តែ​ប្រសើរ​ឡើង​។ បន្ថែម​លើ​នេះ ការ​បង្កើត​យន្ត​ការ​នេះ​ឡើង ក៏​ដើម្បី​កុំ​ឲ្យ​កម្ពុជា​រង​ចាំ​តែ​ការ​ផ្តល់​ចំណាត់​ថ្នាក់​ពី​អង្គ​ការ​បរទេស ហើយ​ធ្វើ​ឲ្យ​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​ចែក​និន្នាការ​គ្នា​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក ហ៊ុយ វណ្ណៈ ប្រធាន​សហ​ភាព​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ស.ស.ស.ក)​។

លោក ប៉ែន បូណា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​នៅ​មិន​ទាន់​មាន​អត្ថា​ធិប្បាយ​ច្រើន​ជុំវិញ​ការ​បង្កើត​គណៈ​កម្មា​ធិការ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ជា​ទូទៅ ក្នុង​នាម​ក្លិប​អ្នក​កាសែត​កម្ពុជា លោក​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួច​ផ្តើម​នេះ​។ ហើយ​ប្រសិន​បើ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​គណៈ​កម្មា​ធិការ​នេះ លោក​ស្នើ​សុំ​ឲ្យ​មាន​ការ​បង្កើត​យន្ត​ការ​មួយ ដើម្បី​ធានា​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​ការ​ស៊ើប​អង្កេត និង​ការ​សរសេរ​របាយ​ការណ៍​ដែល​ចេញ​ដោយ​គណៈ​កម្មា​ធិការ​នេះ។ ចំណែក​លោក ម៉ៃ ទិត្យថារ៉ា ប្រធាន​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​ហៅ​កាត់​ថា ​(Cambo Ja) ដែល​ជា​សមាគម​អ្នក​កាសែត​ទើប​បង្កើត​ឡើង​ថ្មីៗ​នេះ បាន​ថ្លែង​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួច​ផ្តើម​នេះ​ដែរ​។ ប៉ុន្តែ​សម្រាប់​លោក ថារ៉ា សំខាន់​គេ​ត្រូវ​មើល​ពី​សមាស​ភាព​នៅ​ក្នុង​គណៈ​កម្មាធិ​ការ​នេះ​ថា មក​ពី​សមាស​ភាព​ណា​ខ្លះ? ហើយ​ថា តើ​គណៈ​កម្មា​ធិការ​នេះ នឹង​ហ៊ាន​សរសេរ​ការ​ពិត​ដែល​ឬ​ទេ​?

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន គណៈ​កម្មា​ធិការ​កម្ពុជា វាយ​តម្លៃ​សេរី​ភាព​សារ​ព័ត៌​មាន នេះ ត្រូវ​បាន​បង្កើត​ឡើង ដោយ​ផ្តើម​ចេញ​ពី​លទ្ធ​ផល​សមាជ​លើក​ទី២​របស់ សហ​ភាព​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា កាល​ពី​ថ្ងៃទី ១២ ខែ​តុលា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​ផង​ដែរ​។ សម្រាប់​សហ​ភាព​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា នេះ​គឺ​ជា​លើក​ដំបូង ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​វិស័យ​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា ដែល​រៀប​ចំ​បង្កើត​យន្ត​ការ​នេះ​ឡើង។ កន្លង​មក មាន​តែ​អង្គ​ការ​អ្នក​កាសែត​គ្មាន​ព្រំដែន (RSF) និង​អង្គការ Freedom House ប៉ុណ្ណោះ​ដែល​តែង​តែ​ផ្តល់​ចំណាត់​ថ្នាក់​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​ក្នុង​ពិភព​លោក ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​ដែរ​។

យ៉ាង​ណា​ក្តី លោក ណុប វី នាយក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា CCIM បាន​ចោទ​សួរ​ដែរ​ថា តើ​គណៈ​កម្មា​ធិការ​នេះ នឹង​ហ៊ាន​សរសេរ​ការ​ពិត​ដែរ​ឬ​ទេ? ហើយ​ថា តើ​របាយការណ៍​ដែល​សរសេរ​ឡើង​ដោយ​គណៈ​កម្មា​ធិការ​នេះ អាច​ជឿ​ទុក​ចិត្ត​កម្រិត​ណា​?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ