អានតួអត្ថបទ
កម្ពុជា

និស្សិត​មួយ​ក្រុម​ បន្ត​បរាជ័យ​សុំ​ឲ្យ​លោក​កឹម សុខា ​បក​ស្រាយ​រឿង​អាស្រូវ​ស្នេហា​

នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ ​យុវជន​មួយ​ក្រុម​ប្រមាណ​៥០​នាក់​ដែល​បាន​អះអាង​ខ្លួនឯង​ថា​ ជា​និស្សិត​នៅ​តាម​បណ្តា​សាកលវិទ្យាល័យ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ ​បាន​បន្ត​ទៅ​រំខាន​លោក​កឹម សុខា ​ដល់​ខេត្ត​ព្រះសីហនុ ​ដែល​ប្រធានស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​ធ្វើ​វេទិកា​សាធារណៈ​​ជាមួយ​​អ្នកគាំទ្រ​​របស់​​ខ្លួន​នៅ​ទីនោះ​។ ​គោល​​បំណង​​របស់​​ក្រុម​នេះ ​​គឺ​​ទាមទា​រ​​ឲ្យ​​លោក​​កឹម សុខា ​​បក​ស្រាយ​​ពី​ការ​ពិត​រឿង​ខ្សែ​អាត់​សំឡេងដែ​ល​គេ​សង្ស័យ​ថា ​ជា​សំឡេង​សារសង​​ស្នេហា​រវាង​រូប​លោក ​និង​ ស្រី​កំណាន់​។ ​ប៉ុន្តែ​គោលបំណង​របស់​ពួកគេ​ទាំង​នោះ ​មិន​បាន​សម្រេច​នោះទេ​។​​  

លោកកឹម សុខា​ នៅក្នុង​វេទិកា​គណបក្សសង្រ្គោះជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ ​នៅព្រឹក​ថ្ងៃ​ទី០៥ ​មីនា ​ឆ្នាំ​២០១៦​
លោកកឹម សុខា​ នៅក្នុង​វេទិកា​គណបក្សសង្រ្គោះជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ ​នៅព្រឹក​ថ្ងៃ​ទី០៥ ​មីនា ​ឆ្នាំ​២០១៦​ @Kem Sokha Page
ផ្សាយពាណិជ្ជកម្ម

ក្រុមយុវជនទាំងនេះ​ បាន​ទៅ​ប្រមូលគ្នា​នៅ​ក្បែរ​វេទិកា​របស់​លោកកឹម សុខា​ ប្រធានស្តីទី​គណបក្ស​សង្រ្គោះជាតិ​តាំង​ពី​លោក​មិន​ទាន់​ទាំង​ទៅ​ដល់​ទី​នោះ​ផង​។ ​តែទោះជាយ៉ាងណា​ ពួកគេ​ត្រូវ​បាន​រារាំង​ដោយ​ក្រុមយុវជន​គណបក្សសង្រ្គោះជាតិ ​និង ​កងអង្គរក្ស​ មិន​ឲ្យ​បាន​ជួប​ជាមួយ​លោកកឹម សុខា ​នៅពេល​ដែល​ប្រធានស្តីទី​គណសង្រ្គោះជាតិ​ទៅ​ដល់​វេទិកា​នោះ​ឡើយ​។ ​នៅ​ក្នុង​ការ​រារាំង​នោះ ​លោក​ជា ប៉ូច​ ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​ខេត្តកំពត​ ក៏​បាន​ចូលរួម​សម្របសម្រួល​ដោយ​កុំ​ឲ្យ​ពួកគេ​រំខាន​ដល់​វេទិកា​គណបក្ស​ប្រឆាំង​។​
 

ទោះជាបែបនេះក្តី​ លោក​ប៉េង ភីរ៉េន ​អ្នក​ដឹកនាំ​ក្រុម​យុវជន​ទាំងនេះ​ បាន​ថ្លែង​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​ថា​ នៅក្នុង​ការ​រារាំង​នោះ ​ក្រុម​របស់លោក​ចំនួន​៣នាក់​បាន​រង​របួស​ស្រាល​ ហើយ​អ្នកដឹកនាំ​ក្រុម​ចំនួន​៥នាក់​ទៀត​ត្រូវ​បាន​កង​អង្គរក្ស​លោក​កឹម សុខា ​ចាប់ខ្លួន​បង្ឃាំ​ទុក​នៅក្នុង​វេទិកា​ក្នុង​អំឡុង​ពេល​ដែល​លោកកឹម សុខា​កំពុង​ថ្លែងសារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​។ ​ផ្ទុយទៅវិញ ​លោកយ៉ែម បុញ្ញឫទ្ធិ​ អ្នកនាំពាក្យ​គណបក្សសង្រ្គោះជាតិ​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​ដែរ​ថា ​លោក​មិនបាន​សង្កេតឃើញ​ហេតុការណ៍​បែបនោះ​កើតឡើង​នោះទេ​។​ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ ​បាន​សង្កេតឃើញ​ថា ​ក្រុម​យុវជន​ដែល​ទៅ​ទាមទារ​ឲ្យ​លោកកឹម​ សុខា ​បកស្រាយ​ការពិតនោះ ​ខ្លះ​បាន​អង្គុយ​នៅក្នុង​វេទិកា ​និង​ ខ្លះទៀត ​ស្ថិតនៅ​ខាងក្រៅ​វេទិកា​។ ​
 

យ៉ាងណាក៏ដោយ ​វេទិកា​ជួប​ជាមួយ​សកម្មជន ​និង​ អ្នកគាំទ្រ​របស់​គណបក្ស​ប្រឆាំង​នៅក្នុង​ខេត្តព្រះសីហនុ ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដដែល​។ ​សូមបញ្ជាក់ថា​ សកម្មភាព​តវ៉ា​របស់​ក្រុម​យុវជន​ដែល​អះអាង​ថា ​ជា​និស្សិត​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ពេលនេះ ​គឺជា​លើកទីពីរ​ហើយ​ក្នុង​ការ​ទាមទារ​ឲ្យ​លោកកឹម សុខា ​បកស្រាយ​ការ​ពិត​ពី​រឿង​ខ្សែ​អាត់សំឡេង​ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​សារសង​ស្នេហា​​រវាង​រូប​លោក ​និង ​ស្រីកំណាន់​។ ​កាល​ពីម្សិលមិញ ​ក្រុមនេះ​ ក៏បាន​ទៅ​តវ៉ា​នៅ​ពីមុខ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​ក្នុង​រាជធានីភ្នំពេញ​ម្តង​រួចមក​ហើយ​។ ​
 

ទោះបីពេលនេះ ​ការ​ទាមទារ​របស់​ខ្លួន​មិន​បាន​សម្រេច​ ប៉ុន្តែ​ក្រុមយុវជន​ទាំងនេះ ​បាន​អះអាង​ថា​ នឹង​នៅតែ​តវ៉ា​ជា​បន្តទៀត ​រហូតទាល់​តែ​លោកកឹម សុខា​ ចេញមុខ​មក​បកស្រាយ​ការពិត​អំពី​រឿង​នេះ​។ ​ប៉ុន្តែ​លោ​ក កឹម សុខា ​បាន​អះអាង​ក្រោយ​ការ​បែកធ្លាយ​ខ្សែអាត់​សំឡេង​នោះ​ថា​ ​គណបក្ស​របស់​លោក​មិន​ចាប់​អារម្មណ៍​នោះទេ ​ព្រោះថា​ គណបក្ស​ផ្តោតតែ​ទៅលើ​យុទ្ធនាការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ ​សង្កាត់ ​ឆ្នាំ២០១៧​ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ