អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ប្រាប់​អង្គ​ការ​សហ​ប្រជា​ជាតិ​ថា ប្រទេស​មាន​អំណាច​យក​សិទ្ធិ​មនុស្ស​ជា​ឧបករណ៍​នយោ​បាយ​

ដូច​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​០៤​កក្កដា​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ឡើង​ថ្លែងសុន្ទរកថា​​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៤១ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​។ ក្រៅ​ពី​លើក​ឡើង​អំពី​​ការ​វិវត្ត​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ឆ្លៀត​ឱកាស​នោះ សង្កត់​ធ្ងន់​បន្ថែម​ថា បញ្ហា​សិទ្ធិ​មនុស្ស នា​ពេល​បច្ចុប្បន្ន​នេះ បាន​ក្លាយ​ទៅ​ជា​ឧបករណ៍​នយោបាយ ឬ​ជា​លេស ដែល​ប្រទេស​មាន​អំណាច​និង​ស្ថាប័ន​មួយ​ចំនួន​ប្រើ​ប្រាស់ ​សម្រាប់​លូក​ដៃ​ជ្រៀត​ជ្រែក​លើ​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​របស់​ប្រទេស​ទន់​ខ្សោយ​។ 

លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ @SPM page
ផ្សាយពាណិជ្ជកម្ម

ជា​ប្រទេស​មួយ​​ធ្លាប់​ហែល​ឆ្លង​កាត់​របប​មួយ​ដែល​មិន​ផ្ដល់​សិទ្ធិ​អ្វី​ទាំង​អស់​ដល់​ប្រជាជន ​ កម្ពុជា ពិត​ជា​ត្រូវ​ការ​ណាស់ នូវ​សិទ្ធិ​គ្រប់​យ៉ាង​។ នេះ​គឺ​ជា​អ្វីដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន សែន ថ្លែង​​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ក្នុង​សុន្ទរកថា​គន្លឹះ នៅ​ថ្ងៃ​ទី​០៤​កក្កដា​នេះ​។

នៅ​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស លោក ហ៊ុន សែន បាន​គូស​ពី​បញ្ជាក់​ពី​ជំហ​របស់​​កម្ពុជា​ថា នឹង​​បន្ត​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ ដើម្បី​ជំរុញ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត​។

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ នាយករដ្ឋ​មន្ដ្រី​កម្ពុជា បាន​គូស​បញ្ជាក់​ថា បញ្ហា​សិទ្ធិមនុស្ស នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​ប្រទេស​និង​ស្ថាប័ន​មួយ​ចំនួន យក​ទៅ​ធ្វើ​ជា​ចំណាប់​ខ្មាំង ទាក់ទង​នឹង​ការ​ផ្ដល់​ជំនួយ ឬ​ការ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​។ ប្រទេស​មាន​អំណាច​ខ្លះ​ទៀត បាន​យក​បញ្ហា​សិទ្ធិ​មនុស្ស​ដដែល​នេះ ទៅ​ធ្វើ​ជា​ឧបករណ៍​នយោបាយ ជា​និយាម​ប្រតិបត្តិ​ថ្មី ឬ​ជា​លេស សម្រាប់​រាល់​ការ​លូក​ដៃ​ជ្រៀត​ជ្រែក​លើ​អធិបតេយ្យ​ភាព និង​ឯករាជ្យ​ភាព​របស់​ប្រទេស​ទន់​ខ្សោយ​។

សម្រាប់​លោក ហ៊ុន សែន ការ​គោរព​ចំពោះ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹក​ដី ការ​មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​នានា ភាព​មិន​លំអៀង និង​មិន​រើស​អើង គប្បី​ត្រូវ​បាន​កំណត់​ជា​គោលការណ៍​ណែនាំ ដែល​ទាំង​ប្រទេស​តូច​និង​ប្រទេស​ធំ ត្រូវ​គោរព​ប្រតិបត្តិ​​នៅ​ក្នុង​ការ​ខិត​ខំ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​។ លោក​បន្ត​ថា បញ្ហា​សិទ្ធិ​មនុស្ស គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ក្នុង​បរិការណ៍​ពិភពលោក ដោយ​ឈរ​លើ​អភិក្រម​ស្ថាបនា ប្រើ​ប្រាស់​ស្តង់ដារ​តែ​មួយ គ្មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា មិន​ពាក់ព័ន្ធ​នឹង​របៀប​វារៈ​នយោបាយ និង​ផ្អែក​លើ​កិច្ច​សន្ទនា​។ ប្រមុខ​ដឹក​នាំ​កម្ពុជា ស្នើ​ឲ្យ​ភាគី​ទាំង​អស់ ពិនិត្យ​មើល​បញ្ហា​ទាំង​ឡាយ​ជា​ប្រព័ន្ធ។ ពោល​គឺ​មើល​ព្រៃ​ទាំង​មូល ជា​ជាង​​មើល​តែ​ឈើ​មួយ​ដើម​ៗ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​របៀប​វារៈ​នយោបាយ​របស់​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ