អានតួអត្ថបទ
កូរ៉េខាងជើង

អ្នក​នាំ​ពាក្យ​ថា នាវា​ដឹក​អាវុធ​កូរ៉េ​ខាង​ជើង​ដែល​ដោត​ទង់​ជាតិ​កម្ពុជា ជា​ការ​ប្រើ​ប្រាស់​ខុស​ច្បាប់

បន្ទាប់​ពី​កាសែត Washington Post បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​និយាយ​អំពី​ការ​ចាប់​ឃាត់​ទុក​នាវា​របស់​កូរ៉េ​ខាង​ជើង​ដែល​ដោត​ទង់​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០២ ខែ​តុលា​ដោយ​អាជ្ញាធរ​អេហ៊្សីប ហើយ​បាន​រក​ឃើញ​នូវ​កាំភ្លើង​បាញ់​រ៉ុក​កែត​ជាង​៣​ម៉ឺន​ដើម​នោះ ក្រសួង​ការ​បរទេស​កម្ពុជា​តាម​រយៈ​អ្នក​នាំ​ពាក្យ​បាន​ចេញ​ប្រតិកម្ម​ភា្លមៗ​តែ​ម្តង។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រើ​ប្រាស់​ទង់​ជាតិ​នៅ​លើ​នាវា​នោះ​ថា ជា​ប្រើ​ប្រាស់​ខុស​ច្បាប់ ព្រោះ​ថា​កម្ពុជា​បាន​បញ្ឈប់​លែង​ឲ្យ​មាន​នាវា​បរទេស​ប្រើ​ប្រាស់​ទង់​ជាតិ​កម្ពុជា​បែប​នេះ​ទៀត​ឡើយ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ @Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​បំភ្លឺ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ០២ ខែ​តុលា ឆ្នាំ​២០១៧ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​គូស​បញ្ជាក់​ថា ដើម្បី​ការពារ​កិត្តិនាម និង​កិត្តិយស​នៃ​ទង់​ជាតិ​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ចុះ​បញ្ជី​នាវា​អន្តរជាតិ​កម្ពុជា​ហៅ​កាត់​ថា ISROC ក្នុង​ឋានៈ​ជា​រដ្ឋបាល​គ្រប់​គ្រង់​តែ​មួយ​និង​ផ្តាច់​មុខ​ក្នុង​ការ​ចុះ​បញ្ជី​នាវា​នៅ​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ស្នើ​ក្រុមហ៊ុន​ចុះ​បញ្ជី​នាវា​អន្តរជាតិ​កម្ពុជា​បញ្ឈប់​ការ​ចុះ​បញ្ជី​នាវា​បំពាក់​ទង់​ជាតិ​កម្ពុជា​ត​ទៅ​ទៀត។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​អះ​អាង​ដូច​នេះ​ដោយ​សំអាង​ទៅ​លើ​លិខិត​របស់​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង​ការ​ចុះ​បញ្ជី​នាវា​សញ្ជាតិ​កម្ពុជា​ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា​ ឆ្នាំ​២០១៥​ដែល​បាន​ជូន​ដំណឹង​ទៅ​កាន់​ប្រធាន​ក្រុមហ៊ុន​ចុះ​បញ្ជី​នាវា​អន្តរជាតិ​កម្ពុជា។

បន្ថែម​លើ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​បញ្ឈប់​ការ​ចុះ​បញ្ជី​នាវា​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥។ ប៉ុន្តែ​ដើម្បី​ជា​ការ​សម្រួល​ដល់​ម្ចាស់​នាវា​ដែល​នាវា​របស់​ខ្លួន​មាន​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជាមួយ​ទង់​ជាតិ​កម្ពុជា​នៅ​មាន​សុពលភាព​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​នាវា​ទាំង​នោះ​ធ្វើ​ប្រតិបត្តិការ​ក្រោម​ទង់​ជាតិ​កម្ពុជា​រហូត​ដល់​ថ្ងៃ​វិញ្ញាបនប័ត្រ​អស់​សុពលភាព​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០១៦។ ដូច្នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា នាវា​ទាំង​ឡាយ​ណា​ដែល​អះ​អាង​ថា ស្ថិត​នៅ​ក្រោម​ទង់​ជាតិ​កម្ពុជា​ក្រោយ​ថ្ងៃ​ផុត​សុពលភាព​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ខុស​ច្បាប់​និង​អាច​ត្រូវ​បាន​ដាក់​ទោស​ដោយ​ច្បាប់ និង​បទ​បញ្ញត្តិ​អន្តរជាតិ។

ការ​គូស​បញ្ជាក់​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​អេហ្ស៊ីប​បាន​ចាប់​ឃាត់​ទុក​នាវា​កូរ៉េ​ខាង​ជើង​មួយ​គ្រឿង​ឈ្មោះ​ថា​ Jie Shun ដែល​ដោត​ទង់​ជាតិ​កម្ពុជា​ធ្វើ​ដំណើរ​ចេញ​ពី​កូរ៉េ​ខាង​ជើង​ឆ្ពោះ​សំដៅ​ទៅ​កាន់​ព្រែក​ជីក​Suez។ អាជ្ញាធរ​អេហ្ស៊ីប​បាន​រក​ឃើញ​នូវ​កាំភ្លើង​បាញ់​រ៉ុក​កែត​ជាង​៣​ម៉ឺន​ដើម​នៅ​ក្នុង​នាវា​នោះ។ នេះ​បើ​តាម​ចុះ​ផ្សាយ​របស់​កាសែតWashington Post។ ប្រឈម​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​ទង់​ជាតិ​កម្ពុជា​ដោយ​នាវា​កូរ៉េ​ខាង​ជើង​នេះ ក៏​ដូច​ជា​នាវា​ណា​ផ្សេង​ទៀត​ទាំង​អស់ គឺ​ជា​ការ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ