អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​កាន់​អំណាច​ដាក់​ចេញ​ពាក្យ​ស្លោក​ចំនួន​៣៥ សម្រាប់​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់

គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ចេញ​នូវ​ពាក្យ​ស្លោក​ចំនួន​ ៣៥ សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ចាប់​ពី​ថ្ងៃ​ទី​ ២០​ខែ​ឧសភា ដល់​ថ្ងៃ​ទី​ ២​ខែ​មិថុនា​ខាង​មុខ​។ ពាក្យ​ស្លោក​ទាំង​៣៥​នេះ ភាគ​ច្រើន​ដូច​ទៅ​នឹង​ពាក្យ​ស្លោក​សម្រាប់​ការ​បោះ​ឆ្នោត​មុន​ៗ​ដែរ​។ ​អ្នក​តាម​ដាន​នយោបាយ​មួយ​ចំនួន​ចាត់​ទុក​ពាក្យ​ស្លោក​ទាំង​នេះ​ថា មិន​សូវទាន់​សម័យ​។ ប៉ុន្តែ​សម្រាប់​អ្នក​នាំពាក្យ​គណបក្ស ពាក្យ​ស្លោក​សម្រាប់​ឃោសនា​បោះ​ឆ្នោត ផ្ដោត​សំខាន់​លើ​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ ច្រើន​ជាង​ភាព​ទាន់​សម័យ​។

គណបក្ស​​កាន់​​អំណាច​​ដាក់​​ចេញ​​ពាក្យ​​ស្លោក​​ចំនួន ​៣៥ សម្រាប់​​ឃោសនា​​បោះ​​ឆ្នោត​​ឃុំ​​សង្កាត់
គណបក្ស​​កាន់​​អំណាច​​ដាក់​​ចេញ​​ពាក្យ​​ស្លោក​​ចំនួន ​៣៥ សម្រាប់​​ឃោសនា​​បោះ​​ឆ្នោត​​ឃុំ​​សង្កាត់ RFI/ស៊ីវ​ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ពាក្យ​ស្លោក​ទាំង​៣៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ ត្រួសៗ​ផ្តោត​សំខាន់​ទៅ​លើ​ជ័យ​ជំនះ​ ៧​មករា ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​។ ក្រៅ​ពី​វិស័យ​ដ៏​ទូលំ​ទូលាយ​នេះ ពាក្យ​ស្លោក​របស់​គណបក្ស​កាន់​អំណាច ក៏​ផ្ដោត​លើ​របៀប​វារៈ​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា ការ​ការពារ​សិទ្ធិ​មនុស្ស អភិវឌ្ឍ​វិស័យ​កសិកម្ម ជួយ​វិស័យ​សង្គម​កិច្ច បង្កើត​ការងារ ការពារ​ធនធាន​ធម្មជាតិ ពង្រឹង​សេវា​សាធារណៈ និង​កាត់​បន្ថយ​អត្រា​ការប្រាក់​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​ជា​ដើម​។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ពាក្យ​ស្លោក​ដែល​គណបក្ស​បាន​ដាក់​ចេញនេះ គឺ​ជា​គោលនយោបាយ​ដែល​ស្រប​ទៅ​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល ក៏​ដូច​ជា​ឆ្លើយ​តប​ទៅនឹង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​។

ជា​ការ​កត់​សម្គាល់ ពាក្យ​ស្លោក​ទាំង​ ៣៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ ភាគ​ច្រើន​ដូច​ទៅ​នឹង​ពាក្យ​ស្លោក​សម្រាប់​ការ​បោះ​ឆ្នោត​មុន​ៗ​ដែរ​។ អ្នក​តាម​ដាន​នយោបាយ​មួយ​ចំនួន​ចាត់​ទុក​ពាក្យ​ស្លោក​ទាំង​នេះ​ថា មិន​សូវ​ទាន់​សម័យ​ទេ បើ​ធៀប​ទៅ​នឹង​ពាក្យ​ស្លោក​របស់​គណបក្ស​ដទៃ​។ មិន​ត្រឹម​តែ​មិន​ទាន់​សម័យ​ទេ សម្រាប់​អ្នក​វិភាគ គណបក្ស​កាន់​អំណាច ថែម​ទាំង​មិន​អាច​ធ្វើ​បាន តាម​ពាក្យ​ស្លោក​ដែល​ដាក់​ចេញ​ទាំង​ស្រុង​ទៀត​ផង​។

យ៉ាង​ណា​ក៏​ដោយ​សម្រាប់ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន គណបក្ស​កាន់​អំណាច​អនុវត្ត​បាន​តាម​ពាក្យ​ស្លោក​ដែល​ដាក់​ចេញ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​ជាង​ ៣០​មក​ហើយ​។ លោក​ថា ពាក្យ​ស្លោក​សម្រាប់​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដោត​សំខាន់​លើ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ច្រើន​ជាង​ភាព​ទាន់​សម័យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ