អានតួអត្ថបទ
កម្ពុជា-ច្បាប់

​វិស័យ​ឯកជន​៖ មាន​ការ​ប៉ះ​ពាល់​ការ​ប្រកួត​ប្រជែង នៅ​ពេល​កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​

ក្រសួង​ការងារ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ប្រកាស​ពី​ថ្ងៃ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០១៩ ខាង​មុខ ដោយ​មាន​សរុប​ចំនួន​២៨​ថ្ងៃ​។ សេចក្តី​ប្រកាស ដែល​មាន​ចុះ​ហត្ថ​លេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ ដែល​មាន​ប្រាក់​ឈ្នួល​ចាប់​ពី​១​ថ្ងៃ​រហូត​ដល់​៣​ថ្ងៃ ស្ទើរ​រៀង​រាល់​ខែ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ លើក​លែង​តែ​ខែ​សីហា និង​កក្កដា ប៉ុណ្ណោះ​។ 

រូបភាពពី REUTERS
រូបភាពពី REUTERS @REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ថ្ងៃ​ឈប់​សម្រាក​រយៈ​ពេល​ជិត​១​ខែ ក្នុង​មួយ​ឆ្នាំ​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ ដោយ​មាន​ប្រាក់​ឈ្នួល ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​។ ក្នុង​ចំណោម​ថ្ងៃ​ឈប់​សម្រាក​ទាំង​នេះ គឺ​ថ្ងៃ​បុណ្យ​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​ពិធី​បែប​ព្រះពុទ្ធសាសនា​ច្រើន​ជាង​គេ​។

គេហ​ទំព័រ Worldatlas ដែល​ធ្វើ​ការ​អង្កេត​ទាក់​ទង​ទៅ​នឹង​ពេល​វេលា​ឈប់​សម្រាក​របស់​ប្រទេស​នានា​នៅ​លើ​ពិភពលោក បង្ហាញ​ថា​ប្រទេស​ស្រី​លង្ការ​ជាប់​ចំណាត់​ថ្នាក់​ទី២ បន្ទាប់​ពី​កម្ពុជា ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន​២៥​ថ្ងៃ បន្ទាប់​មក​ប្រទេស​ឥណ្ឌា និង​ការ​ហ្សាស្ថាន ២១​ថ្ងៃ និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​កូឡំប៊ី ហ្វីលីពីន ទ្រីនីដាត​និង​តូបាហ្គូ ចិន ថៃ តួកគី និងប៉ាគីស្ថាន ដែល​ប្រទេស​ទាំង​នេះ​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​តែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​។

ទាក់ទង​ទៅ​នឹង​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​គេ​បែប​នេះ លោក​កាំង ម៉ូនីកា អគ្គ​លេខាធិការ​រង​សមាគម​និយោជក​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា(GMAC) បាន​ថ្លែង​ថា​ចំនួន​ថ្ងៃ​សម្រាក​ដ៏​ច្រើន​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ផង​ដែរ​។ ប៉ះ​ពាល់​ដោយ​សារ ធ្វើ​ឲ្យ​បាត់​បង់​ការ​ប្រកួត​ប្រជែង​របស់​វិស័យ​ឯកជន​ជា​ពិសេស​ប៉ះ​ពាល់​ដល់​វិស័យ​ឧស្សាហកម្ម ដែល​រោងចក្រ​។

លោក​ផៃ ស៊ីផាន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​ថ្លែង​ថា ការ​ដែល​បង្កើត​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​ជា​បន្ត​បន្ទាប់​ច្រើន​ក្នុង​មួយ​ឆ្នាំៗ គឺ​ដោយសារ​រដ្ឋាភិបាល​ចង់​ឲ្យ​មាន​ការ​រំលឹក​ដល់​ស្មារតី​នៃ​ពិធី​នីមួយៗ​។ ក៏​ប៉ុន្តែ​លោក​ជឿ​ថា រដ្ឋា​ភិបាល​នឹង​ពិចារណា ប្រសិន​បើ​មាន​ស្ថាប័ន​ណា​មួយ សរសេរ​លិខិត​ស្នើ​សុំ​កាត់​បន្ថយ ដោយ​មាន​ហេតុ​ផល​ត្រឹម​ត្រូវ​។

ទោះ​យ៉ាង​ណា សមាគម GMAC កន្លង​មក​ធ្លាប់​បាន​ត្អូញ​ត្អែរ​ផង​ដែរ ដោយ​ស្នើ​សុំ​ឲ្យ​មាន​ការ​កាត់​ចោល​ចំនួន​ថ្ងៃ​ឈប់​សម្រាក​ខ្លះ ដើម្បី​បង្កើន​ផលិតភាព​ប្រទេស​កម្ពុជា​ឡើង​វិញ ខណៈ​ដែល​វិស័យ​ឧស្សាហកម្ម​កាត់ដេរ សំខាន់​សម្រាប់​ប្រទេស និង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ