អានតួអត្ថបទ
កម្ពុជា-សង្គម

​ពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ​១០​សហគមន៍ ជំរុញ​ឲ្យ​អាជ្ញាធរ​ផ្តល់​បណ្ណ​កម្ម​សិទ្ធិ ខណៈ​ដី​តំបន់​នោះ​ឡើង​ថ្លៃ​

ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់​តំណាង​ឲ្យ​ទាំង ១០​សហគមន៍ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​ ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គេ​ឲ្យ​បាន​លឿន។ ការ​ទាមទារ​យ៉ាង​ដូច្នេះ ដោយ​សារ​តែ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ មាន​ការ​បារម្ភ​ពី​ការ​រំលោភ​យក​ដីធ្លី​ពីក្រុម​មនុស្ស​ចំណូល​ថ្មី ខណៈដីធ្លីនៅតំបន់នោះ​ហក់ឡើងថ្លៃ។ 

ការតវ៉ារបស់ពលរដ្ឋខេត្តព្រះសីហនុ
ការតវ៉ារបស់ពលរដ្ឋខេត្តព្រះសីហនុ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក ម៉ន ស៊ីណា អះអាង​ថា​ជា​តំណាង​ពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ ដែល​ឡើង​មក​ពី​ពី​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ដើម្បី​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះ​សីហនុ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា ដោយ​សារ​តែ​ភាព​ចម្រូង​ចម្រាស​បញ្ហា​ដីធ្លី និង​តម្លៃ​ដី​កំពុង​តែ​ឡើង​ថ្លៃ​នៅ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ គឺ​ជា​ក្តីបារម្ភ​មួយ ដែល​ពលរដ្ឋ​ទាំង​នោះ​ខ្លាច​មាន​ការ​រំលោភ​យក​ពី​ភាគី​ដទៃ ទើប​ពួក​គេ​ស្នើ​ឲ្យ​អាជ្ញា​ធរ ចេញ​បណ្ណ​កាន់​កាប់​ដីធ្លី​ដល់​ពួក​គេ​ឲ្យ​បាន​លឿន​។

បើតាម​តំណាងពលរដ្ឋរូបនេះ ក្រៅពីស្នើឲ្យពន្លឿន​ការ​ចេញ​បណ្ណកម្មសិទ្ធិដីធ្លីនោះ ពួកគេ​ក៏​ជំរុញ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​លើ​ដីទំនាស់ ​ដែលកើតកាលពីជិត១០ឆ្នាំមុននោះផងដែរ គឺជាដីទំនាស់សម្រាប់​កសាង​វត្ត។

តំណាង​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១០សហគមន៍ បាន​រអ៊ូ​រទាំ​ថា សកម្មភាព​ចុះ​អនុវត្ត​ការងារ របស់​មន្ត្រី​ជំនាញ រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ គឺ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ចេញ​បណ្ណ​កាន់​កាប់​ដីធ្លី ដោយ​អូស​បន្លាយ​ពេល​យូរ​ឆ្នាំ​មក​ហើយ​។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ លោក ឃាង ភារម្យ បាន​ថ្លែង​ថា​អាជ្ញាធរ​បាន​សម្រប​សម្រួល​ឲ្យ​តំណាង​ពល​រដ្ឋ​ចំនួន​៨​សហគមន៍ បាន​ចូល​ជួប​អភិបាល​រង​ខេត្ត​ម្នាក់​ ទទួល​បន្ទុក​កិច្ច​ការ​ដីធ្លីនេះមុននឹង​ចុះធ្វើ​ការ​ដោះ​ស្រាយ​ជាក់​ស្តែង។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ដដែល លើក​ឡើង​ថា បញ្ហា​ដែល​អាជ្ញាធរ​មិន​អាច​ចេញ​បណ្ណ​កម្ម​សិទ្ធិ​បានលឿន​ជូន​ពលរដ្ឋ​ទាំង​នោះ​ក៏ព្រោះ​តែ​ដីមួយចំនួន ​ដែល​ពួកគេ​កាន់​នោះ​គឺ​ជា​ដី​មាន​ទំនាស់ ដែល​មាន​សំណុំ​រឿង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ​។

បើតាម​លោក ឃាង ភារម្យ ទំនាស់​ដី​នៅខេត្ត​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​ បាន​ស្ងប់​បន្តិច​វិញនៅពេល​នេះ បន្ទាប់​ពី​កក្រើក​ខ្លាំង​កាល​ពីអំឡុង​ប៉ុន្មាន​ខែ​មុន ខណៈ​ដី​បាន​ហក់​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ