អានតួអត្ថបទ
កម្ពុជា

ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ស្ថានភាព​ចរាចរណ៍​នៅ​ភ្នំពេញ​ស្ងប់​ស្ថាត់​តែ​អាជ្ញាធរ​ប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​រឿង​អគ្គិភ័យ

ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​ថ្ងៃ​សែន​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ តាម​ការ​សង្កេត នៅ​ព្រឹក​នេះ​ស្ថានភាព​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ហាក់​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​ធម្មតា។ នេះ​អាច​ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​កាត់​ចិន​ខ្លះ​រៀប​ចំ​សែន​នៅ​ក្នុង​គេហដ្ឋាន​រៀងៗ​ខ្លួន ហើយ​ខ្លះ​ទៀត​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដើម្បី​សែន​រួម​គ្នា​ជាមួយ​ក្រុម​គ្រួសារ។ តែ​យ៉ាង​ណា​​ក៏​ដោយ អាជ្ញាធរ​បាន​ដាស់​តឿន​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​អគ្គិភ័យ។

វិថីមួយនានានៅភ្នំពេញស្ងប់ស្ងាត់
វិថីមួយនានានៅភ្នំពេញស្ងប់ស្ងាត់ Sophal/rfi
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន-វៀតណាម​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ហាត់​ឃាត់​ដាច់​ខាត​លើ​បញ្ហា​បី​ចំណុច។ ទី​មួយ គឺ​មិន​ឲ្យ​មាន​ការ​ដុត​បាវ កាំជ្រួច​ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​នេះ។ ទី​ពីរ គឺ​មិន​ឲ្យ​លេង​ល្បែង​គ្រប់​ប្រភេទ​ដែល​មាន​លក្ខណៈ​ស៊ី​សង និង​ទី​បី គឺ​រាល់​ការ​ហែ​ក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា​ឬ​ប្រពៃណី​ដែល​គ្មាន​ការ​អនុញ្ញាត​ត្រូវ​ហាម​ឃាត់។ នេះ​បើ​តាម​សេចក្តី​ណែនាំ​ស្តី​ពី​ការ​រៀប​ចំ​សន្តិសុខ សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​៨ កុម្ភៈ​កន្លង​ទៅ។

ក្រៅ​ពី​វិធានការ​ហាម​ផ្តាច់​ទាំង​នេះ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ធ្វើ​ការ​ណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សាធារណ​ជន​ផង​ដែរ​ដូច​ជា នៅ​គ្រប់​ទី​កន្លែង​កំសាន្ត​សប្បាយ​នានា មន្ទីរ​អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ សេចក្តី​ថ្លៃ​ថ្នូរ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អុជ​ទៀន​ធូប ក្រដាស​សែន ភ្លើង​ចង្រ្កាន្ត ចរន្ត​អគ្គីសនី ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​កើត​ឡើង​ដោយ​យថាហេតុ។ ចំណែក​ការ​ដុត​ក្រដាស​សែន​វិញ សាលា​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​ប្រើ​ធុង​ដែក​ឬ​ឆ្នាំង​ដី ដើម្បី​ដុត ដោយ​ហាម​ដាច់​ខាត​មិន​ឲ្យ​ដុត​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូង​ផ្លូវ​សាធារណៈ។

បន្ថែម​លើ​នេះ​ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជា​ទៅ​កាន់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចាត់​វិធានការ​ឲ្យ​ម៉ឺង​ម៉ាត់​កុំ​ឲ្យ​មាន​ការ​នាំ​ចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រក​ចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួត​ពិនិត្យ​ដក​ហូត​វត្ថុ​ទាំង​នេះ​ដែល​មាន​តាំង​លក់​នៅ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ជាមួយ​គ្នា​នេះ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ព្រមាន​ដល់​សាធារណ​ជន​ទាំង​អស់​ផង​ដែរ បើ​បំពាន​លើ​សេចក្តី​ណែនាំ​នេះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។

សូម​បញ្ជាក់​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម នឹង​ចាប់​ផ្តើម​ឡើង​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ដែរ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ជូន​ពរ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​កាត់​ចិន និង​ខ្មែរ​សុទ្ធ​ទាំង​អស់​ឲ្យ​ធ្វើ​ដំណើរ​កំសាន្ត​ជិត​ឆ្ងាយ​មាន​សុខ​សុវត្ថិភាព និង​បាន​សប្បាយ​ជួប​ជុំ​ក្រុម​គ្រួសារ។ លោក​នាយក​រដ្ឋមន្រ្តី ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ប្រុង​ប្រយ័ត្ន​ភ្លើង​អគ្គីភ័យ​ដែល​អាច​បណ្តាល​មក​ពី​ការ​ដុត​ធូប​ទៀន​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ