អានតួអត្ថបទ
កម្ពុជា

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស UN ដាក់​កម្ពុជា​ស្ថិត​ក្នុង​ការ​កត់​សម្គាល់​អវិជ្ជមាន

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៣២ កាល​ពី​ថ្ងៃ​ទី​ ១​កក្កដា បាន​សម្រេច​ដាក់​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ការ​កត់​សម្គាល់​អវិជ្ជមាន បន្ទាប់​ពី​សង្គម​ស៊ីវិល​ និង​មន្រ្តី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​កំពុង​រង​ការ​រុក​គួន។ យោង​តាម​កំណត់​ហេតុ​ចេញ​ថ្ងៃ​ទី​ ៤​កក្កដា ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​សមាជិក​គណបក្ស​ប្រឆាំង​ផង​ដែរ។

រូបភាពចាស់៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
រូបភាពចាស់៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​លើក​ទី​ ៣២ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​សឺណែវ​ប្រទេស​ស្វីស បាន​សម្រេច​ដាក់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ការ​កត់​សម្គាល់​អវិជ្ជមាន បន្ទាប់​ពី​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រទេស​ជប៉ុន បារាំង អាមេរិក និង​អង់គ្លេស រួម​ទាំង​សហភាព​អ៊ឺរ៉ុបផង បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ម្នាក់​ម្តង ចំពោះ​ការ​រីករាល​ដាល​នៃ​ការ​វាយ​ប្រហារ​មក​លើ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​នេះ គឺ​បន្ទាប់​ពី​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​អង្គការ​អាដ​ហុក​៤​នាក់​កាល​ពី​ខែ​មេសា និង​សមាជិក​គណបក្ស​ប្រឆាំង រួម​ទាំង​មន្ត្រី​របស់ គ.ជ.ប និង​ការ​អនុម័ត​ច្បាប់​ស្តី​ពី សមាគម-អង្គការ​មិន​មែន​រដ្ឋាភិបាល​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៥​ផង។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៤​កក្កដា​ ពី​ទី​ក្រុង​សឺណែវ​ប្រទេស​ស្វីស ហើយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​គាំទ្រ ដោយ​អង្គការ​ជាតិ​ និង​អន្តរជាតិ​ធំ​ៗ​ចំនួន​៧ រួម​មាន Forum-Asia, មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR), សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho), អង្គការ​ការពារ​សិទ្ធិ​ជន​ស៊ីវិល (Civil Rights Defenders), គណៈកម្មាធិការ​អន្តរជាតិ​សម្រាប់​យុត្តិធម៌ (ICJ), សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស (FIDH) និង​អង្គការ​ពិភព​លោក​ប្រឆាំង​នឹង​ទារុណ​កម្ម (OMCT) ជា​ដើម។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​កត់​សម្គាល់​ថា ប្រទេស​ជប៉ុន​ ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ស្តីពី​ដំណោះ​ស្រាយ​លើ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ជម្លោះ​នយោបាយ​តាន​តឹង​នា​ពេល​បច្ចុប្បន្ន ដែល​ធ្វើ​ឱ្យ​លំហ​សង្គម​ស៊ីវិល​រួម​តូច ស្រប​ពេល​ដែល​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រិត​ត្បិត​ជា​ដើម។ ជាមួយ​គ្នា​នេះ ប្រធាន​បេសកម្ម​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស ក៏​បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​នា​ពេល​ថ្មីៗ​នេះ គឺ​ជា​ការ​ធ្វើ​ឱ្យ​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រួម​តូច ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាង​មុខ។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ប្រទេស​ប៊ែលហ្ស៊ីក និង​ប្រទេស​ស្វីស ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នេះ​ដែរ។ លោក ស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស (CCHR) បាន​ចាត់​ទុក សេចក្តី​ថ្លែង​ការណ៍​របស់​សហគមន៍​អន្តរជាតិ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​ ៣២​មាន​ន័យ​ថា ពួក​គេ​មិន​បាន​បិទភ្នែក​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា​នោះ​ទេ ហើយ​ថា សេចក្តី​ព្រួយ​បារម្ភ​របស់​ស្ថាប័ន​កំពូល​មួយ​នេះ នឹង​ស្តែង​ចេញ​ជា​សកម្មភាព​​នៅ​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ