អានតួអត្ថបទ
អាល្លឺម៉ង់-ប្រកាន់ពូជសាសន៍

ក្រុមចលនាស្អប់សាសនា​អ៊ីស្លាម​ អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​ជន​​ភៀស​ខ្លួន​ និង​សាសនា​អ៊ីស្លាម ​ទូទាំង​អឺរ៉ុប

ក្រុម​​ចលនា​ប្រកាន់​ពូជសាសន៍​របស់​អាល្លឺម៉ង់ ​ដែល​ស្អប់ខ្ពើម​ជន​បរទេស​ជា​ពិសេស ​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម ​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម ​ទូទាំង​អឺរ៉ុប​ នៅ​ថ្ងៃ​សៅរ៍​ទី​ ៦​ កុម្ភៈ​នេះ ​ដើម្បី​ប្រឆាំង​នឹង​ជន​ភៀសខ្លួន ​ ព្រម​ទាំង​សាសនា​អ៊ីស្លាម ​ដែល​ពួក​ជ្រុល​និយម​នេះ​យល់​ថា ​កំពុង​តែ​រុករាន​ទន្រ្ទាន​ទ្វីប​អឺរ៉ុប។ អាជ្ញាធរ​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​ កំពុងតែ​មាន​ការ​ព្រួយ​បារម្ភ​ ពី​ការ​ប៉ះទង្គិច​គ្នា ​រវាង​ក្រុម​អ្នក​ធ្វើ​បាតុកម្ម ​ប្រឆាំង ​និង​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​គាំទ្រ ​ដែល​នឹង​អាច​កើត​មាន​ឡើង​ដោយ​ចៀស​មិន​រួច។

បាតុកម្មរបស់​ក្រុម​ជ្រុលនិយម ចលនា​Pegida នៅ​ទីក្រុង​​​កូឡូញ ប្រទេស​អាល្លឺំម៉ង់ ថ្ងៃ​ទី ៩​មករា​ ២០១៦​
បាតុកម្មរបស់​ក្រុម​ជ្រុលនិយម ចលនា​Pegida នៅ​ទីក្រុង​​​កូឡូញ ប្រទេស​អាល្លឺំម៉ង់ ថ្ងៃ​ទី ៩​មករា​ ២០១៦​ REUTERS/Wolfgang Rattay
ផ្សាយពាណិជ្ជកម្ម

តើ​ក្រុម ​Pegida  ​ជា​អ្វី?

ក្រុម​ស្តាំ​និយម​ជ្រុល ​ប្រកាន់​ពូជសាសន៍​នេះ ​ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា ​Pegida ​គឺ​មាន​ដើម​កំណើត​នៅ​ទីក្រុង​ដ្រេសដ៍ ​ភាគ​ខាងកើត​អាល្លឺម៉ង់។ ចលនា​ក្រុម​នេះ ​មាន​លេច​ចេញ​ជា​រូបរាង្គ ​នៅ​រវាង​ចុង​ឆ្នាំ​២០១៤​ ​ក្នុង​ខណៈ​ពេល​ដែល​អាល្លឺម៉ង់ ​កំពុង​តែ​ជួប​វិបត្តិ​ក្នុង​បញ្ហា​លំហូរ​ជន​ភៀសខ្លួន​ មក​ពី​តំបន់​ដើម​បូព៌ា។ ​ចលនា​នេះ ​គឺ​ជា​បណ្តុំ​មនុស្ស​ ដែល​មាន​គំនិត​ និង​ការ​យល់​ឃើញ​ថា ​ ទ្វីប​អឺរ៉ុប​ដែល​មាន​ប្រពៃណី​កាតូលិក​ពី​អតីតកាល ​កំពុងតែ​វិនាស​បន្តិច​ម្តងៗ​ ដោយសារ​តែ​ពួក​ជន​អន្តោប្រវេសន៍​ ដែល​កាន់​សាសនា​អ៊ីស្លាម។ ពោល​គឺ​ពួក​គេ​យល់​ថា ​សាសនា​អ៊ីស្លាម​ កំពុងតែ​បំផ្លាច​ទ្វីប​អឺរ៉ុប។

នេះ​ជា​គំនិត​រើសអើង ​ជ្រុល​និយម​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ ​បើ​យើង​ក្រលេក​ទៅ​មើល​អតីតកាល​របស់​អាល្លឺម៉ង់ ​ កាល​ពី​ជំនាន់​សង្រ្គាម​លោក​លើក​ទី​ពីរ ​ ដែល​ពួក​ណាហ្សីស​អាល្លឺម៉ង់ ​បាន​សម្លាប់​ប្រជាជន​ជ្វីហ្វ​រាប់លាន​អ្នក​ ដោយសារ​តែ​គំនិត​ប្រកាន់​ពូជសាសន៍ ​ជ្រុល​និយម​របៀប​នេះ។

ចាប់តាំង​ពី​បាន​បង្កើត​មក ​ក្រុម​នេះ​បាន​ប្រកូក​ប្រកា​សឲ្យ​មាន​ក្បួន​បាតុកម្ម​ជា​រៀងរាល់​ល្ងាច​ថ្ងៃ​ចន្ទ។ បាតុកម្ម​ថ្ងៃ​ចន្ទ​នេះ​ បាន​ក្លាយ​ទៅ​ជា​អាវុធ ​របស់​ពួក​អ្នក​នយោបាយ​ស្តាំ​និយមជ្រុល ​និង​ពួក​ឱកាស​និយម ​នៅ​អាល្លឺម៉ង់។ ក្រុមPegida ​នេះ​កំពុង​តែ​បាន​ទទួល​ការ​គាំទ្រ​ច្រើន ​ គួរឲ្យ​ព្រួយ​បារម្ភ​ ដោយ​ពួក​វា​ឆ្លៀត​ឱកាស ​ដែល​អឺរ៉ុប​កំពុង​វិកវរ​រឿង​ជន​អន្តោប្រវេសន៍​ច្រើន​ដោះស្រាយ​មិន​ចេញ ​ ហើយ​បូក​បន្ថែម​ជាមួយ​អំពើ​ភេរវកម្ម​ផ្ទួនៗ​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជីហាដ​អ៊ីស្លាម​ ទៀត។ ក្រុម​នេះ​ បាន​លាប​ពណ៌​ទាំង​ស្រុង​ថា​ ទាំងអស់​នេះ​សុទ្ធ​ជា​ទង្វើរ​របស់​ប្រជាជន​អ៊ីស្លាម។

បាតុកម្ម "​មហា​កំផែង​ការពារ​អឺរ៉ុប​ ប្រឆាំង​និង​សាសនា​អ៊ីស្លាម"៖
នៅ​ថ្ងៃ​សៅរ៍​នេះ​ ក្រុម​Pegida មាន​គម្រោង​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​នៅ​ ទីក្រុង​ដ្រេសដ៍។ បើ​តាម​ការ​ស្មាន​អាច​មាន​មនុស្ស​ចូលរួម​ប្រហែល​ជា​ ១៥០០០​នាក់។ ពួកនេះ​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​ហឹង្សា​សាហាវ​ណាស់ ​ ដោយ​នាំគ្នា​ព្រួត​វាយ​ជន​អន្តោប្រវេសន៍​តាម​ផ្លូវ។ ករណី​ដុត​មណ្ឌល​ស្នាក់នៅ​របស់​ជន​ភៀស​ខ្លួន​ នៅ​អាល្លឺម៉ង់ ​ក៏​ជា​ស្នាដៃ​របស់​ក្រុម​នេះ​ដែរ។ អ្វី​ដែល​អាជ្ញាធរ​ព្រួយ​បារម្ភ​ទៀត​គឺ​ ការ​ប៉ះទង្គិច​គ្នា​នឹង​អាច​កើត​មានឡើង ​ព្រោះថា​នៅ​ថ្ងៃ​នេះ ​ក្រុម​ចលនា​ឆ្វេង​និយម​ ដែល​អំពាវនាវ​ឲ្យ​រួមរួម​គ្នា ​កុំ​ស្អប់ខ្ពើម​ប្រកាន់​ពូជសាសន៍​គ្នា ​ ក៏​នឹង​ធ្វើ​បាតុកម្ម​ទល់​ជាមួយ​នឹង​ក្រុមPegida ​នេះ​ដែរ។
 
ក្រុមនេះ​បាន​អំពាវនាវ​ ឲ្យ​មាន​បាតុកម្ម​ទូទាំង​អឺរ៉ុប​ នៅ​បារាំង​ ប៊ែលហ្សិក ​ស្វីស ​ឆែក​ និង​ប៉ូឡូញ​ជាដើម។ ឃ្លា​ឃោសនា​របស់​ក្រុម​នេះ ​គឺ​គេ​សរសេរ​ថា ​ មហា​កំផែង​ការពារ​អឺរ៉ុប​ ប្រឆាំង​និង​សាសនា​អ៊ីស្លាម។ នៅបារាំង​ ក្បួន​បាតុកម្ម ​គឺ​មាន​គម្រោង​ធ្វើ​នៅ​ទីក្រុង​កាឡេ ​ភាគ​ខាងជើង។ ទីក្រុង​កាឡេ​នេះ​ជា​ចំណុច​ស្នូល​សំខាន់​ណាស់​ ព្រោះ​កន្លែង​នេះ​ហើយ​ ដែល​មាន​ជំរុំ​ជន​ភៀសខ្លួន​ ជាង​៤ពាន់​នាក់ ​ ដែល​កំពុង​តែ​ស្នាក់​នៅ​យ៉ាង​អនោចអធម្ម​ តាម​គំពត​ព្រៃ។

បារាំង​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ ខ្លាច​ក្រែង​ការ​ប៉ះទង្គិច​គ្នា៖

ជំរុំជន​ភៀសខ្លួន​នៅតំបន់​កាឡេ អាជ្ញាធរបារាំង​បានយកុងតឺនឺ រៀបចំ​ជាកន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ឲ្យ​ជន​ភៀសខ្លួន
ជំរុំជន​ភៀសខ្លួន​នៅតំបន់​កាឡេ អាជ្ញាធរបារាំង​បានយកុងតឺនឺ រៀបចំ​ជាកន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ឲ្យ​ជន​ភៀសខ្លួន REUTERS/Benoit Tessier

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង ​បាន​សម្រេច​ហាមឃាត់ ​មិន​ឲ្យ​មាន​បាតុកម្ម​អ្វី​ទាំង​អស់ ​ ដោយ​សំអាង​លើ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហឹង្សា ​ដែល​នឹង​អាច​កើត​មាន​ឡើង ​ ព្រោះ​ថា​បើ​អនុញ្ញាត ​ឲ្យ​ក្រុម​នេះ​ធ្វើ​បាតុកម្ម​ គេ​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកគាំ​ទ្រ​ជួយ​ជន​អន្តោប្រវេសន៍​ធ្វើ​បាតុកម្ម​ដែរ។ ដូច្នេះ​ក្រុម​ទាំង​ពីរ​នេះ ​ ពិត​ជា​អាច​ប៉ះទង្គិច​គ្នា ​ហើយ​អំពើ​ហឹង្សា​វាយ​គ្នា ​ ពិត​ជា​អាច​កើត​មាន​ ដោយ​ចៀស​មិន​រួច។ យ៉ាង​ណា​ក៏​ដោយ ​ មេ​ចលនា​ជ្រុល​និយម​ជ្រុល​នេះ ​បាន​បញ្ជាក់​ថា ​ទោះ​អាជ្ញាធរ​ហាមឃាត់​ ​ក៏​គេ​នៅ​ធ្វើ​ដែរ​ ព្រោះ​សិទ្ធិ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​មូលដ្ឋាន​របស់​គេ។

ក្រៅ​ពី​គម្រោង​បាតុកម្ម​នៅ​ក្រុង​កាឡេ ​នៅ​បារាំង​នៅ​មាន​គម្រោង​បាតុកម្ម​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​ ដូច​ជា​នៅ ​Bordeaux  Montpelier ​ជាដើម។ អាជ្ញាធរ​ មិន​ថា​នៅ​បារាំង​ ស្វីស​ ប៊ែលហ្សិក ​ ​រឺ​អាល្លឺម៉ង់ ​កំពុង​តែ​ត្រៀម​កំលាំង ​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ហឹង្សា ​តែ​ទោះ​ជា​យ៉ាងណា ​គេ​នៅ​តែ​បារម្ភ​ថា​ អាជ្ញាធរ​មិន​អាច​ទប់​ឈ្នះ​ទេ។

Pegidaមាន​មហិច្ឆិតា​ពង្រីក​បណ្តាញ​ពាសពេញ​ទ្វីប​អឺរ៉ុប៖
ជា​ការពិត ​មែកធាង​របស់​ចលនា​ជ្រុល​និយម​អាល្លឺម៉ង់ ​ កំពុងតែ​រីក​ដុះដាល​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ ​ដូច​ជា​នៅ​បារាំង ​ អេស្ប៉ាញ ​ ឆេក ​ ហុងគ្រី ​ ប៊ែលហ្សិក ​ស្វីស​ អូទ្រីស ​និង​ប៉ូឡូញ​ជាដើម។ តាម​ការ​សន្និដ្ឋាន​ក្រុម​នេះ ​ មាន​មហិច្ឆិតា ​ បង្កើត​បណ្តាញ​ប្រទាក់ក្រឡាគ្នា​ទូទាំង​អឺរ៉ុប​តែម្តង។ គ្រាន់តែ​ថា​កម្លាំង​គាំទ្រ ​នៅ​តាម​បណ្តា​ប្រទេស​និមួយ ​ មាន​មិន​ស្មើគ្នា​ទេ។ វិធីសាស្ត្រ​អូសទាញ​របស់​ក្រុម​នេះ ​ គឺ​លាបពណ៌ ​ដាក់​កំហុស​ទៅ​លើ​ជន​ភៀសខ្លួន ​ ទៅ​លើ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទូទៅ ​ ដែល​ជា​ប្រជាជន​ស្លូតត្រង់​មិន​ដឹង​អីសោះ។ ការ​ឃោសនា ​គឺ​អាច​ធ្វើ​បាន​ដោយ​ងាយ​ស្រួល ​តាម​រយៈ​បណ្តាញ​សង្គម​ ដូច​ជា ​​Facebook Twitter ​ជាដើម។

យ៉ាងណា​ក៏ដោយ ​ មាន​ការ​យល់ឃើញ​ផ្សេង​គ្នា ​អំពី​ឥទ្ធិពល​របស់​ក្រុម​ជ្រុល​និយម​នេះ ​នៅ​ទូទាំង​អឺរ៉ុប។ មតិ​មួយ​ចំនួន​យល់​ថា ​ក្រុម​នេះ​ជា​ក្រុម​ឆក់​ឱកាស​និយម​ ដើម្បី​សាបព្រួស​គំនិត​ប្រកាន់​ពូជសាសន៍​ទូទាំង​អឺរ៉ុប​ ហើយ​វា​មិនមែន​មាន​តែ​នៅ​អាល្លឺម៉ង់​ទេ ​ តែ​ក្រុម​នេះ​កំពុង​តែ​អូសទាញ​បាន​មនុស្ស​តាម​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ដែរ។

គំនិត​មួយ​ផ្នែក​ទៀត​យល់​ថា ​ ទោះ​បី​ជា​ក្រុមនេះ​មាន​អ្នក​គាំទ្រ ​តាម​ប្រទេស​ច្រើន​ក្តី​ ​ក៏​កំលាំង​នៃ​ចលនា​គាំទ្រ ​ មាន​មិន​ស្មើគ្នា​ទេ។ ថ្ងៃនេះ​ពួក​ Pegida នេះ​ប្រកាស​ថា​មាន​មនុស្ស​ប្រហែល​១៥០០០​នាក់​ចូលរួម​បាតុកម្ម​ នៅ​ទីក្រុង​ដ្រេសដ៍។ ក៏​ប៉ុន្តែ​គេ​មិន​ជឿ​ថា ​នៅ​ទីក្រុង​ផ្សេង​ទៀត​ នៅ​អឺរ៉ុប​ មាន​មនុស្ស​ច្រើន​ដល់ថ្នាក់​នេះ​ទេ។

ការប្រកាន់​ពូជសាសន៍​ស្អប់​ខ្ពើម​គ្នា​ នឹងនាំ​ឲ្យ​វិនាស៖
យ៉ាងណា​ក៏ដោយ ​ទោះ​ចំនួន​គាំទ្រ​ចលនា​នេះ ​មាន​តិច​ច្រើន​ក្តី ​ គេ​មិន​អាច​ធ្វេសប្រហែស​បាន​ទេ។ គំនិតប្រកាន់​ពូជសាសន៍ ​ស្អប់ខ្ពើម​មនុស្ស​ដូចគ្នា​នេះ ​ វា​គឺ​ជា​រឿង​ ដែល​មិន​អាច​ទទួល​យក​បាន​ទេ ​ ក្នុង​បរិបទពិភពលោក​បច្ចុប្បន្ន។ សម័យ​នេះ​ជា​សម័យ​សកលភាវូបនីយកម្ម ​មិនមែន​ជា​សម័យ​បូរាណ ​ដែល​ត្រូវ​ធ្វើ​កំពែង​ការពារ​នគរ​រៀងៗ​ខ្លួន ​ឬ​ធ្វើ​សង្រ្គាម​កាប់ចាក់​ ដណ្តើម​ដី​គ្នា​ទៀត​ទេ។ ប្រវត្តិសាស្រ្ត​បាន​បង្រៀន​យើង​គ្រប់​គ្រាន់​ហើយ ​ដូច្នេះ​សូម​កុំដើរ​ជាន់​ដាន​នេះ​តទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ