ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

ដោយ​ទទួល​មីស៊ីល​រុស្ស៊ី តួកគី​កំពុង​ផ្គើន​នឹង​ពាក្យ​គំរាម​របស់​អាមេរិក

media  
យន្តហោះ​ដឹក​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី ប្រភេទ S-400ចុះចត​នៅមូលដ្ឋានទ័ព​នៅទីក្រុង​អង់ការ៉ា ថ្ងៃទី ១២​កក្កដា ២០១៩ Turkish Defence Ministry/Handout via REUTERS

កេស ដាក់​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី បាន​ទៅ​ដល់​ប្រទេស​តួកគី ហើយ កាលពី​ថ្ងៃ សុក្រម្សិលមិញ។ ទិញ​មីស៊ីល​រុស្ស៊ី សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស រដ្ឋាភិបាល​តួកគី​ផ្គើនដាក់ អាមេរិក ដែល​បាន​គំរាមរួចហើយ​ពី​ការដាក់ទណ្ឌកម្ម ដូចជា​ផាត់តួកគី​ចេញពី​កិច្ចសន្យា​ទិញ​យន្តហោះចម្បាំង​របស់​អាមេរិក F35 ជាដើម។

 

យន្តហោះ​រុស្សី ដឹក​ប្រព័ន្ធ​ខែលមីស៊ីល​ប្រភេទ S-400 បាន​ចុះចត​នៅ​មូលដ្ឋានទ័ព​តួកគី នៅ​រដ្ឋធានី អង់ការ៉ា កាលពី​ថ្ងៃ​សុក្រ។ តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​តួកគី នេះ​ជា​ផ្នែកមួយ នៃការ​បញ្ជូន​ទំនិញ ពីខាង​ភាគី​រុស្ស៊ី នៅក្នុង​ពេល​ផ្នែក​ផ្សេងទៀតដើម្បី​ដំឡើង​ប្រព័ន្ធ​ខែលមីស៊ីល​ទាំងមូល នឹង​មកដល់​តួកគី នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

នៅ​ទីក្រុង​ម៉ូស្គូ ប្រភព​ស្និទ្ធិ​នឹង​កងទ័ព​រុស្ស៊ី​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​រុស្ស៊ី TASS ថា បន្ទាប់​ពី​យន្តហោះ​ទី២​ទៅ​ដល់​តួកគី​នៅ​ប៉ុន្មានទៀត រុស្ស៊ី នឹង​បញ្ជូន​ទំនិញ មីស៊ីល ១២០​ដើម ប្រភេទ​ផ្សេងៗគ្នា​ទៅ​តួកគី នៅ​ចុងរដូវ​ក្តៅ​នេះ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​TASS ដដែល ទាហាន​តួកគី​ជាង​២០​នាក់​បាន​ទទួល​ការបណ្តុះបណ្តាល ឲ្យ​ចេះគ្រប់គ្រង ប្រើ​ប្រព័ន្ធ​ខែលមីស៊ីល​រុស្ស៊ី នៅ​អំឡុង​ខែ​ឧសភា ចំណែក ទាហាន​៨០នាក់​ផ្សេង​ទៀត នឹង​ទទួល​វគ្គបណ្តុះបណ្តាល​នៅ​ខែ កក្កដា និង​សីហា​នេះ។

មីស៊ីល​រុស្ស៊ី បាន​ទៅដល់​ទឹកដី​តួកគី នៅ​បន្ទាប់​ពី​រដ្ឋាភិបាល​តួកគី កាលពី​ថ្ងៃ​ពុធ បាន​ទាត់ចោល ជាថ្មី ការព្រមាន​របស់​អាមេរិក នៅក្នុង​រឿង​ជជេសទិញ ប្រព័ន្ធ​ខែលមីស៊ីល ពី​រុស្ស៊ី។ តួកគី​បាន​អំពាវនាវកុំ​ឲ្យ​​អាមេរិក​ដាក់ទណ្ឌកម្ម​មក​លើ​ខ្លួន បើសិន​មិនចង់​សម្លាប់​សម្ព័ន្ធភាព​ទ្វេរភាគី តួកគី អាមេរិក។

ទីក្រុង​វ៉ាស៊ីនតោន​វិញ បាន​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​តួកគី ទិញ​ប្រព័ន្ធ​ខែលមីស៊ីល​រុស្ស៊ី ក្នុង​ហេតុផលថា មីស៊ីល​ប្រឆាំង​មីស៊ីល​របស់​រុស្ស៊ី មិន​សមស្រប​នឹង​គោលនយោបាយ​របស់​អង្គការ​អូតង់ ដែល​តួកគី​ជា​សមាជិក។ មួយវិញទៀត អាមេរិក​បារម្ភ​ខ្លាច​ថា ក្រុមអ្នកជំនាញ​ដែល​បង្រៀន ទាហាន​តួកគី ឲ្យ​ចេះ​ប្រើប្រព័ន្ធ​ខែលមីស៊ីល នឹង​អាច​លួច​ចូល​ទៅ​ទម្លាយ​អាថ៌កំបាំង​បច្ចេកវិទ្យា របស់​យន្តហោះចម្បាំង​អាមេរិក F35 ដែល​តួកគី​ចង់​ទិញ ទៅ​បំពាក់​ឲ្យ​កងទ័ព​របស់ខ្លួន​ផងដែរនោះ។

នៅ​ដើម​ខែ​មិថុនា អាមេរិក​បាន​ប្រកាស​ជា​ផ្លូវការ ដាក់​ឱសានវាទ​រហូត​ដល់​ថ្ងៃទី ៣១​កក្កដា ឲ្យ​តួកគី ផ្លាស់ប្តូរ​ចិត្ត​លែង​ទិញ ទទួល​ប្រព័ន្ធ​ខែល​មីស៊ីល រុស្ស៊ី បើមិន​ដូច្នោះទេ អាមេរិក​នឹងដាក់ទណ្ឌកម្ម ឈប់​លក់​យន្តហោះ​ចម្បាំង ដ៏ទំនើប ឲ្យ​តួកគី។

នៅ​មួយខែ​ក្រោយ​ការគំរាម​របស់​អាមេរិក និង​នៅក្រោយ ជំនួបជាមួយ​លោកដូណាល់ ត្រាំ នៅទីក្រុង​វ៉ាស៊ីន លោកប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន បាន​អះអាងថា លោក​នៅ​តែ​ទិញប្រព័ន្ធ​ខែលមីស៊ីល​រុស្ស៊ី និង​មិន​ចុះញ៉មខ្លាច​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក។

សម្រាប់​អ្នកជំនាញ​នយោបាយ Nick Heras ដែល​បម្រើការ​នៅ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​ថ្មី​របស់​អាមេរិក វា​មិនមែន​ជារឿង​សម្ងាត់​ទេ ដែល​តួកគី​ចង់​បាន​ប្រព័ន្ធខែល​មីស៊ីល​រុស្ស៊ី សម្រាប់​យក​បំពាក់​ឲ្យ​កងទ័ព​របស់ខ្លួន។ ដើម្បី ហេតុផល​សន្តិសុខ​ជាតិ តួកគី​ត្រូវ​ការប្រព័ន្ធ​ខែល​មីស៊ីល ដែល​មាន​សមត្ថភាព ខ្ពស់។ ប្រព័ន្ធ​ខែល​មីស៊ីល របស់​រុស្ស៊ី ប្រភេទ S-400ឆ្លើយតប​គ្រប់​លក្ខណៈ​ចង់បាន​របស់​តួកគី ព្រោះ​វា​គ្របដណ្តប់​ការពារ​ទាំងស្រុង ដែនអាកាស​តួកគី ពីការវាយប្រហារ​ពីខាងក្រៅ។ បញ្ហា​នៅពេលនេះ គឺ​នៅត្រង់ថា តួកគី ដោយ​ទិញ​មីស៊ីល​រុស្ស៊ី ដែល​ជា​គូប្រជែង​របស់​អាមេរិក តួកគី​កំពុង​ដើរ​ឃ្លាតឆ្ងាយ​ពី​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត និង​អូតង់ ដែល​តាមពិត មាន​កាតព្វកិច្ច ត្រូវការពារ​តួកគី ពីការវាយប្រហារ​ពីខាងក្រៅ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ