អានតួអត្ថបទ
ស៊ុយអែត-ណូបែល

រង្វាន់ណូបែលគីមីវិទ្យាឆ្នាំ ២០១៩ បានប្រគល់ឲ្យអ្នកស្រាវជ្រាវ ៣នាក់សម្រាប់ស្នាដៃបង្កើតថ្មសាកធ្វើពី Lithium

នៅ​ថ្ងៃ​ពុធ ទី៩ តុលា គណៈកម្មការ​ណូបែល​ក្នុង​ប្រទេស​ស៊ុយអែត​បាន​សម្រេច​ប្រគល់​រង្វាន់​ណូបែល​គីមីវិទ្យា​ឲ្យ​អ្នក​ស្រាវជ្រាវ​ចំនួន ៣នាក់ គឺ​ជនជាតិ​អាមេរិកាំង​លោក John Goodenough ជនជាតិ​អង់គ្លេស​លោក Stanley Whittingham និង​ជនជាតិ​ជប៉ុន​លោក Akira Yoshino។ ស្នាដៃ​របស់​អ្នក​ស្រាវជ្រាវ​ទាំង ៣នាក់ គឺ​ការ​បង្កើត​ថ្មសាក និង​អាគុយសាក​ធ្វើ​ពី Lithium។ ផលិផល​ទាំង​ពីរ​មុខ​នេះ​កំពុង​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​បច្ចេកវិទ្យាពិភពលោក​សព្វថ្ងៃ។ គួរ​ជម្រាប​ថា ក្នុង​ចំណោម​អ្នកស្រាវជ្រាវ​ទាំង ៣នាក់ ជនជាតិ​អាមេរិកាំង​លោក John Goodenough ដែល​មាន​អាយុ ៩៧ឆ្នាំ​ជា​ជ័យលាភី​រង្វាន់ណូបែល​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ប្រវត្តិ​រង្វាន់​ណូបែល។

រង្វាន់ណូបែលគីមីវិទ្យាបានប្រគល់ឲ្យអ្នកស្រាវជ្រាវ ៣នាក់សម្រាប់ស្នាដៃបង្កើតថ្មសាកធ្វើពី Lithium
រង្វាន់ណូបែលគីមីវិទ្យាបានប្រគល់ឲ្យអ្នកស្រាវជ្រាវ ៣នាក់សម្រាប់ស្នាដៃបង្កើតថ្មសាកធ្វើពី Lithium AFP
ផ្សាយពាណិជ្ជកម្ម

ប្រភេទ​ថ្មសាក និង​អាគុយសាក​ធ្វើ​ពី Lithium ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​នៅ​សឹង​គ្រប់​ផ្នែក​ទាំង​អស់ ពិសេស​នៅ​ក្នុង​ទូរស័ព្ទដៃ កុំព្យូទ័រ និង​រថយន្ត​អគ្គិសនី។ គឺ​ជា​ប្រភេទ​ថ្ម និង​អាគុយ​ដែល​មាន​ទម្ងន់​ស្រាល សាក​បាន​ច្រើន​ដង កាន់​ភ្លើង​បាន​យូរ និង​មាន​កម្លាំងខ្លាំង ពិសេស​អាច​ស្តុក​ថាមពល​បាន​មក​ពី​ព្រះអាទិត្យ និង​ពី​កង្ហារយក្ស។ ការ​រក​ឃើញ​ថ្ម និង​អាគុយ​ធ្វើ​ពី Lithium បាន​អនុញ្ញាត​ឲ្យ​ពិភពលោក​កាត់​បន្ថយ​បន្តិច​ម្តងៗ​ពី​ថាមពល​ធ្យូងថ្ម។ ក្នុង​ពេល​ដែល​ពិភពលោក​ជួប​វិបត្តិប្រេង​ក្នុង​ទសវត្ស ៧០ លោក Stanley Whittinggham បាន​ចាប់​ផ្តើម​ស្រាវជ្រាវ​រក​ប្រភព​ថាមពល​មិន​ប្រើ​ធ្យូងថ្ម​តាម​រយៈ​ការ​បង្កើត​ផ្លូវ​ចរន្តអគ្គិសនី​នៅ​ក្នុង​ថ្មសាក​ធ្វើ​ពី Lithium ដែល​ផ្សំ​ពី​ធាតុ​គីមី​ទីតាន។

បន្ទាប់​មក​ក្នុង​ឆ្នាំ ១៩៨០ លោក John Goodenough បាន​បន្ត​ការងារ​របស់​លោក Stanley Whittinggham ដោយ​ផ្សំ​ជាមួយ​ធាតុ​គីមី​ផ្សេង​ទៀត​ដែល​អាច​បង្កើន​កម្លាំង​អគ្គិសនី​នៅ​ក្នុង​ថ្ម​ធ្វើ Lithium។ ៥ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ១៩៨៥ លោក Akira Yoshino បាន​បង្កើត​ថ្មសាក​ធ្វើ​ពី Lithium លក់​ជា​ផ្លូវការ​ក្នុង​លោក។ ថ្ងៃ​នេះ និង​ជាង ៣ ទសវត្ស​ក្រោយ​មក តម្រូវការ​ថ្មសាក​ធ្វើ​ពី Lithium នៅ​លើ​ទីផ្សារ​ក្នុង​លោក​បាន​កើន​ឡើង​ខ្ពស់ ពិសេស​សម្រាប់​បំពាក់​នៅ​ក្នុង​រថយន្ត​អគ្គិសនី។ កំណើន​តម្រូវការ​ថ្ម​ប្រភេទ​នេះ​នឹង​កើន​កាន់​តែ​ខ្លាំង​ថែម​ទៀត​ខណៈ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស។

« ខ្ញុំ​គិត​ថា បម្រែបម្រួល​អាកាសធាតុ​ជា​បញ្ហា​ប្រឈម​មួយ​ធ្ងន់ធ្ងរ​សម្រាប់​មនុស្សជាតិ ហើយ​ថ្មសាក​ធ្វើ​ពី Lithium អាច​ស្តុក​ភ្លើងអគ្គិសនី​ក្នុង​បរិមាណ​ច្រើន » នេះ​ជា​ការ​ថ្លែង​របស់​អ្នក​ស្រាវជ្រាវ​ជប៉ុន​លោក Akira Yoshino។ គួរ​បញ្ជាក់​ថា​ពី​ដំបូង មាន​សារធាតុ Lithium តែ ៦% ប៉ុណ្ណោះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ផលិត​ថ្មពិល និង​អាគុយ តែ​សព្វថ្ងៃ​មាន​ដល់​ទៅ ៣៥%។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្រូវការ​ផលិតកម្ម Lithium ក្នុង​លោក​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង គឺ​កើន ៧៤% ក្នុង​ឆ្នាំ ២០១៧ និង​កើន​បន្ថែម​ចំនួន ២៣% ទៀត​ក្នុង​ឆ្នាំ ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ