អានតួអត្ថបទ

ណូបែលសេដ្ឋកិច្ច២០១៨ ផ្តល់​ជូន​អ្នក​សិក្សា​អំពី​សេដ្ឋកិច្ច​និង​ការប្រែប្រួល​អាកាសធាតុ

ពិត​ជា​ចៃដន្យ​មែន ! ជ័យលាភី​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​អ្នក​ស្រាវជ្រាវ​ជាតិអាមេរិក​ពីរ​នាក់ គឺ​លោក William Nordhaus និង​Paul Romer ដែល​បាន​សិក្សា​ ​ស្វែងរក​វិធី​ពង្រឹង​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ លទ្ធផល​នេះ​ធ្លាក់​មក​ជួន​ចំពេល​ដែល​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​អន្តររដ្ឋាភិបាល​ ហៅកាត់​ថា GIEC ទើប​ចេញ​របាយការណ៍​ដ៏​រន្ធត់​អំពី​ផល​ប៉ះពាល់​នៃ​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី។

លោក William Nordhaus និង​ Paul Romer ជ័យលាភី​ណូបែល​សេដ្ឋកិច្ច​២០១៨
លោក William Nordhaus និង​ Paul Romer ជ័យលាភី​ណូបែល​សេដ្ឋកិច្ច​២០១៨ Henrik Montgomery/ TT News Agency/via REUTERS
ផ្សាយពាណិជ្ជកម្ម

សម្រាប់គណៈកម្មការ​ណូបែល​ ជ័យលាភី​ណូបែល​សេដ្ឋកិច្ច​ឆ្នាំ​២០១៨ មិន​បាន​ផ្តល់​ចម្លើយ​ចុងក្រោយ​ទេ ប៉ុន្តែ​តាមរយៈ​ការ​ស្រាវជ្រាវ​របស់​អ្នក​ទាំង​ពីរ ពិភពលោក​ជិត​ដឹង​ថា​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេ​ចទើប​​អាចទ្រទ្រង់​ឱ្យ​មាន​​កំណើន​សេដ្ឋកិច្ច​យូរ ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ​ការ​វិភាគ​សេដ្ឋកិច្ច​របស់​ជ័យលាភី​ទាំ​ងពីរ ជា​គំរូ​ពន្យល់​អំពីអន្តរកម្ម​នៃ​ទី​ផ្សារ​សេដ្ឋកិច្ច​និង​ធម្មជាតិ។ នេះ​បើ​តាម​ការ​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ណូបែល។

ជ័យ​លាភី​ទាំង​ពីរ​ជា​ជនជាតិ​អាមេរិក។ មាន​អាយុ​៦២​ឆ្នាំ លោក Paul Romer ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាលា​សេដ្ឋកិច្ចStern ​នៃសាកលវិទ្យាល័យ​ញូវយ៉ក។ លោក​បាន​សិក្សា​លាត​ត្រដាង​ឱ្យ​ឃើញ​អំពី កម្លាំង​សេដ្ឋកិច្ច​ដោយ​ឈរ​លើ​គំរូ​អភិវឌ្ឍន៍​ថ្មី ​បង្កើតគំនិត​​ថ្មី​ របស់​ថ្មី​ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច និង​ការពារ​បរិស្ថាន ដែល​ហៅ​ថា​ “ទ្រឹស្តី​កំណើន​សេដ្ឋកិច្ច​គ្មាន​គ្រោះថ្នាក់” ។

ចំណែក​លោក William Nordhaus អាយុ​៧៧​ឆ្នាំ ជា​ជន​​ទី​មួយ​ដែលតាំង​ពី​​​ទសវត្សរ៍​ឆ្នាំ​​១៩៩០​មក ​បាន​បង្កើតគំរូ​​សេដ្ឋកិច្ច​ទាក់ទង​នឹង​​​អាកាសធាតុ។ មាន​សញ្ញាប័ត្រ​ចេញ​ពី​វិទ្យាស្ថានបច្ចេកវិទ្យា​នៃ​រដ្ឋ​ម៉ាសាហ្ស៊ុសេត ដ៏​ល្បីល្បាញ និង​ជា​​សាស្ត្រាចារ្យ​នៅ​សាកវិទ្យាល័យ Yale លោក Nordhaus បាន​សិក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​និងអាកាសធាតុ​តាំង​ពី​ឆ្នាំ​១៩៧០​ ឆ្នាំ​ដែល​អ្នក​ស្រាវជ្រាវ​លើ​ពិភពលោក​ទើប​ចាប់​ផ្តើម​នាំ​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​និង​ធ្យូងថ្ម ចំពោះ​អាកាសធាតុ។ ទ្រឹស្តី​របស់​លោក​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ជាពិសេស​ក្នុង​នយោបាយ​យក​ពន្ធ​លើ​ឧស្ម័ន​កាបូនិក។

ជា​ចៃដន្យ កា​រ​ប្រកាស​ជ័យ​លាភី​ណូបែល​សេដ្ឋកិច្ច ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ក្រុម​អ្នក​ជំនាញ​អាកាសធាតុអន្តររដ្ឋាភិបាល​នៃ​អង្គការ​សហប្រជាជាតិ​ បាន​ចេញ​របាយការណ៍ លម្អិត​​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​ប្តូរ​ទម្លាប់​ប្រើប្រាស់ដី ​និង​ថាមពល​ក្នុង​ឧស្សាហកម្ម​ ការ​សាងសង់ ក្នុង​មធ្យោបាយ​ធ្វើ​ដំណើរ និង​​ក្នុង​ក្រុង​ ឱ្យ​បាន​ឆាប់ និង​ស៊ីជម្រៅ​​ បើ​ចង់​ទប់​កម្តៅ​​​​​​​​​​​​​​​​​​​​​​​​សីតុណ្ហភាព​ឱ្យ​ឡើង​ត្រឹម​១,៥​អង្សា នៅ​រវាង​ពី​ឆ្នាំ​២០៣០និង​២០៥២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ