អានតួអត្ថបទ
កម្ពុជា សង្គម

សហជីពគ្រោងដាក់សំណើជាង១២ដុល្លារ សម្រាប់ការចរចាប្រាក់ឈ្នួលថ្មីរបស់កម្មករនៅឆ្នាំ២០២១

ភាគី​សហជីព​គ្រោង​នឹង​ដាក់​សំណើ​ ១២.៥៩ ដុល្លារ សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ និង​ដេរ​ស្បែកជើង​ នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ​២០២១​។ ភាគី​សហជីព​បាន​អះអាង​ថា​ តួ​លេខ​នេះ​ គឺ​បាន​មក​ពី​ការ​គណនា​ដោយ​ផ្អែក​លើ​អតិផរណា​ និង​កត្តា​វិនិច្ឆ័យ​៧​ចំណុច​របស់​ក្រសួង​ការងារ​។ ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ​ឯណោះ​វិញ​ នៅ​មិន​ទាន់​និយាយ​យ៉ាងណា​នៅ​ឡើយ​ទេ​ ចំពោះ​តួលេខ​ខាង​លើនេះ​។

កិច្ចប្រជុំពិគ្រោះយោបល់មួយ ដែលធ្វើឡើងរវាងតំណាងសហជីពនិងអង្គការសង្គមស៊ីវិល
កិច្ចប្រជុំពិគ្រោះយោបល់មួយ ដែលធ្វើឡើងរវាងតំណាងសហជីពនិងអង្គការសង្គមស៊ីវិល © FB
ផ្សាយពាណិជ្ជកម្ម

ការកំណត់តួលេខថ្មី ១២.៥៩ ដុល្លានេះ គឺបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំពិគ្រោះយោបល់មួយ ដែលធ្វើឡើងរវាងតំណាងសហជីពនិងអង្គការសង្គមស៊ីវិល នៅថ្ងៃទី ២៨ សីហានេះ ស្តីពី «ការវិវឌ្ឍនៃលិខិតបទដ្ឋានគតិយុត្តនានាក្នុងវិស័យការងារ និងការចរចាប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ»។ តាមរយៈកិច្ចប្រជុំនេះ លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជាបានអះអាងថា ភាគីសហជីពបានកំណត់យកតួលេខ បណ្តោះអាសន្ន ១២.៥៩ដុល្លារ សម្រាប់ត្រៀមចរចាជាមួយភាគីថៅកែរោងចក្រ ដើម្បីកំណត់ប្រាក់ឈ្នួលថ្មីអប្បរមារបស់កម្មករនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរនិងដេរស្បែកជើងនៅកម្ពុជាឆ្នាំ២០២១។ បើតាមលោក អាត់ ធន់ តួលេខនេះ គឺបានមកពីការគណនាដោយផ្អែកលើកត្តាធំៗចំនួនបី គឺអតិផរណាប្រចាំឆ្នាំចំនួន ២.៨% ផលិតភាពរបស់រោងចក្រចំនួន ២% និងកំរិតចំណេញរបស់ថៅកែររោងចក្រចំនួន២% ដែលសរុបទៅ គឺជាង៦.១%។ យ៉ាងណាក៏ដោយ លោក អាត់ ធន់ បានគូសបញ្ជាក់ថា តួលេខនេះ មិនទាន់ជាតួលេខផ្លូវការនៅឡើយទេ ដោយសារសហជីពមួយចំនួននៅមិនទាន់ឯកភាពនៅឡើយ។

គួរជំរាបជូនថា ការកំណត់តួលេខថ្មីនេះ បានធ្វើឡើងនៅមុនកិច្ចប្រជុំចរចាប្រាក់ឈ្នួលត្រីភាគីលើកទី១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ០៣ កញ្ញា ខាងមុខនេះ។ ជាកិច្ចប្រជុំដែលនឹងជជែកគ្នាស៊ីជម្រៅទៅលើការកំណត់តួលេខ ឱកាស និងលទ្ធភាពដែលភាគីថៅកែរោងចក្រអាចកំណត់ប្រាក់ឈ្នួលអប្បរមាថ្មីរបស់កម្មករនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើង នៅកម្ពុជាសម្រាប់ឆ្នាំ២០២១។ បើតាមលោក អាត់ ធន់ ប្រសិនបើតួលេខនេះត្រូវបានទទួលយកដោយកិច្ចប្រជុំត្រីភាគី នោះប្រាក់ខែគោលអប្បរមារបស់កម្មករ-កម្មការិនី នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរនិងដេរស្បែកជើង សម្រាប់ឆ្នាំ២០២១ នឹងកើនឡើងពី១៩០ដុល្លារ ដល់ ២០២.៥៩ដុល្លារ នៅក្នុងមួយខែ។

ប៉ុន្តែយ៉ាងណាក្តី លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា នៅមិនទាន់អត្ថាធិប្បាយយ៉ាងណានៅឡើយទេ ខណៈភាគីថៅកែរោងចក្រ នៅមិនទាន់បញ្ចេញតួលេខរបស់ខ្លួននៅឡើយ។ ប៉ុន្តែលោកបានដាក់ចំងល់ថា តើភាគីសហជីពបានតួលេខនេះ ដោយផ្អែកលើកត្តាអ្វីខ្លះ ខណៈភាគីថៅកែរោងចក្រកំពុងខាតឡុងចុងដោយសាតែវិបត្តិនៃជំងឺកូវីដ១៩។ បើតាមអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជារូបនេះ ភាគីថៅកែរោងចក្រ នឹងតតាំងនៅក្នុងកិច្ចប្រជុំត្រីភាគី ដែលធ្វើឡើងនៅថ្ងៃទី ០៣ កញ្ញា ខាងមុខនេះ។

អ្វីជាការកត់សំគាល់ ការចរចាប្រាក់ឈ្នួលថ្មីរបស់កម្មករ-កម្មការិនី នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើង សម្រាប់ឆ្នាំ២០២១ ទំនងជាជួបភាពតានតឹងខ្លាំង ត្បិតរោងចក្រមួយចំនួនត្រូវបានបិទទ្វារ និងមួយចំនួនត្រូវបានព្យួរការងារ ដោយសារមិនមានការបញ្ជាទិញ ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ និងមួយផ្នែកដោយសារតែការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីសហភាពអឺរ៉ុបកាលពីថ្ងៃទី ១២ សីហា នេះមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ