អានតួអត្ថបទ
កម្ពុជា-សង្គម

ប្រាក់ឈ្នួលកម្មករកាត់ដេរឆ្នាំ២០២៣ នឹងឡើងដល់២០០ដុល្លារ ប្រសិនបើធ្វើតាមទំលាប់

កិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរកាលពីរសៀលថ្ងៃម្សិលមិញ ត្រូវគេមើលឃើញថាមានភាពជឿនលឿនតិចតួច ដោយសារការទាមទារ និងការចង់បាននៅឆ្ងាយពីគ្នាច្រើន។ ក៏ប៉ុន្តែគេរំពឹងថាប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣ យ៉ាងហោចណាស់ដល់២០០ដុល្លារ ប្រសិនបើការបោះឆ្នោតចុងក្រោយនៅសប្តាហ៍ក្រោយមានការគាំទ្រតួលេខរដ្ឋាភិបាលច្រើន រួមនឹងការបន្ថែមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចសព្វមួយដង។ 

កម្មករកាត់ដេរ
កម្មករកាត់ដេរ Marcel Crozet crozet.marcel@gmail.com
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២៣ កាលពីម្សិលមិញដែលអូសបន្លាយដល់យប់ ភាគីនិយោជកបានសម្រេចផ្តល់ឲ្យ១៩៧ដុល្លារ គឺឡើង៣ដុល្លារពីឆ្នាំចាស់។ តំណាងភាគីរដ្ឋាភិបាលបានដាក់តួលេខ ១៩៨ដុល្លារ ខ្ពស់ជាងឆ្នាំចាស់ ៤ដុល្លារ និងភាគីតំណាងកម្មករនិយោជិតបានកំណត់តួលេខ៣ផ្សេងគ្នា។

សម្រាប់ភាគីសហជីពវិញ គឺមានការបែងចែកជា២ក្រុម ពោលគឺក្រុមទី១គាំទ្រតួលេខ ២១៣ដុល្លារ ចំនួន៦នាក់ តួលេខ ២១០ដុល្លារ ចំនួន៣នាក់ និងភាគីសហជីពម្ខាងទៀតបោះឆ្នោតយកតួលេខ ២០៦ដុល្លារ ចំនួន៨នាក់។ ការប្រកាន់យកតួលេខខុសគ្នាពីភាគីតំណាងកម្មករនេះ ក៏ដោយសារក្នុងចំណោមពួកគេ ដែលមានសមាសភាព១៧នាក់ មានសហជីពខ្លះឯករាជ្យ សហជីពខ្លះគាំទ្រថៅកែ និងរដ្ឋាភិបាល។

ដូច្នេះបើភាគីសហជីពតំណាងកម្មករនិយោជិត មិនមានតួលេខរួមណាមួយទេ នៅថ្ងៃប្រជុំសម្រេចចុងក្រោយនាសប្តាហ៍ក្រោយ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងយកតែតួលេខរបស់ភាគីនិយោជក ១៩៧ដុល្លារ និងតួលេខតំណាងរដ្ឋាភិបាល ១៩៨ដុល្លារទៅដាក់នៅក្នុងការបោះឆ្នោត ដោយទាត់ចោលតួលេខដែលស្នើឡើងដោយសហជីព។

សូមបញ្ជាក់ថាការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរឆ្នាំ២០២២ កម្មករទទួលបាន១៩២ដុល្លារ តែរដ្ឋាភិបាលថែម២ដុល្លារទៅជា១៩៤ដុល្លារ។ សម្រាប់ការបោះឆ្នោតកំណត់ប្រាក់ឈ្នួលរួមឆ្នាំ ២០២៣នេះ ប្រហែលជាមិនខុសគ្នាទេ ដោយបញ្ហានេះត្រូវគេមើលឃើញថាការបោះឆ្នោតយកតួលេខរដ្ឋាភិបាល១៩៨ដុល្លារទំនងជាមានការគាំទ្រច្រើនជាង តួលេខនិយោជក១៩៧ដុល្លារ ប្រសិនបើអវត្តមានតួលេខមកពីសហជីព ដោយសាររកចំណុចរួមមិនបាន។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យកាត់ដេរឆ្នាំ ២០២៣អាចនឹងឡើងដល់២០០ដុល្លារក្នុង១ខែ ប្រសិនបើមានការគាំទ្រតួលេខនយោបាយរបស់រដ្ឋាភិបាល ១៩៨ដុល្លារ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ថែមឲ្យ២ដុល្លារជាកាដូមុនបុណ្យភ្ជុំបិណ្ឌដូចឆ្នាំមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ