អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រុមស្រ្តីថ្ងៃសុក្រចង់ជួបប្រធានាធិបតីអាមេរិដើម្បីស្នើសុំឲ្យជួយដោះលែងស្វាមី

ក្រុមភរិយារបស់សកម្មជននយោបាយអតីតគណបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ គឺក្រុមស្រ្តីថ្ងៃសុក្រទី០៤ វិច្ឆិកានេះ បានធ្វើការតវ៉ា និងមានបំណងស្នើសុំជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដើម្បីឲ្យជួយដោះលែងស្វា​មី​ និងអ្នកទោសនយោបាយផ្សេងៗទៀត។ ការតវ៉ានេះ ធ្វើឡើងនៅមុខស្ថានទូតអាមេរិក ស្របពេលដែលពួកគេទទួលដំណឹងថាប្រធានាធិបតីអាមេរិកនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១២ខែវិច្ឆិកា ខាងមុខ។ 

ក្រុមស្រ្តីសុក្របានបន្តធ្វើយុទ្ធនាទាមទារឲ្យមានការដោះលែងស្វាមីរបស់ពួកគេដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងអ្នកទោសនយោបាយផ្សេងទៀត
ក្រុមស្រ្តីសុក្របានបន្តធ្វើយុទ្ធនាទាមទារឲ្យមានការដោះលែងស្វាមីរបស់ពួកគេដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងអ្នកទោសនយោបាយផ្សេងទៀត © FB
ផ្សាយពាណិជ្ជកម្ម

ក្រុមស្រ្តីសុក្របានបន្តធ្វើយុទ្ធនាទាមទារឲ្យមានការដោះលែងស្វាមីរបស់ពួកគេដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងអ្នកទោសនយោបាយផ្សេងទៀត។ តាមរយៈបដាអមដោយការសរសេរអក្សរថាដោះលែងអ្នកទោសនយោបាយ និងខ្លះទៀតកាន់រូបថតស្វាមីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រុមស្រ្តីថ្ងៃសុក្របានស្រែកទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយមុនកិច្ចប្រជុំកំពូលអាស៊ានមកដល់ ខណៈការតវ៉ារបស់គេ គឺស្ថិតក្រោមការឃ្លាំមើលនិងរារាំងដោយសន្តិសុខខណ្ឌដូនពេញផងដែរ តែមិនមានការប៉ះទង្គិតគ្នាធ្ងន់ធ្ងរនោះឡើយ។

អ្នកស្រី ព្រំ ចាន់ថា ដែលជាស្រ្តីសុក្រមួយរូប បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការតវ៉ារបស់ក្រុមស្រ្តីថ្ងៃសុក្រនៅមុខស្ថានអាមេរិក គឺក្នុងគោលបំណងចង់ឲ្យស្ថានទូតអាមេរិកជួយធ្វើកិច្ច​អន្តរាគមន៍ និងស្នើសុំជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដើម្បីឲ្យជួយដោះលែងស្វាមី និងអ្នកទោសនយោបាយផ្សេងៗទៀតដែលកំពុងជាប់ឃុំក្នុងពន្ធ​នាគារ។ មិនតែប៉ុណ្ណោះអ្នកស្រីក៏ចង់ឲ្យ​ប្រធានាធិបតីអាមេរិកជំរុញទៅរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស ជាពិសេសឲ្យមានការរៀបចំបោះឆ្នោត​ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ជាការកត់សម្គាល់ការសុំជួបប្រធានាធិបតីអាមេរិកលោក ចូ បាយដិន របស់ក្រុមស្រ្តីថ្ងៃសុក្រនេះ ធ្វើឡើងនៅពេលដែលលឺដំណឹងថា លោក ចូ បៃដិន នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១២ ខែវិច្ឆិកា និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើតាមអ្នកស្រី ព្រំ ចាន់ថា ប្រសិនបើក្រុមស្រ្តីថ្ងៃសុក្របានជួបលោក ចូ បៃដិន ពួកគេនឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិប​​តេយ្យ ជាពិសេសគឺការចាប់ខ្លួនអ្នកនយោបាយប្រឆាំងដែលជាស្វាមីរបស់ពួកគេដាក់ពន្ធនាគារដោយគ្មានកំហុស ដោយសារតែគាំទ្រលោក សម រង្ស៊ី។

អ្នកស្រី ព្រំ ចាន់ថា បានអះអាងថា ទោះបីពួកគេជួបនូវជីវភាពខ្វះខាតដោយគ្មានបង្អែកពីស្វាមីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ប៉ុន្តែស្រ្តីថ្ងៃសុក្រនឹងបន្តតវ៉ាទាមទា រហូតទាល់តែមានការដោះលែងស្វាមីរបស់ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ