អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការ​អន្តរជាតិ២​ ថ្កោលទោស ​និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ដោះលែង​កញ្ញា ឈឹម ស៊ីថរ​ដោយ​ឥតលក្ខខណ្ឌ

អង្គការ​អន្តរជាតិ​ចំនួន២​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស ​និង​ទាមទារ​ឱ្យរដ្ឋាភិបាល​កម្ពុជា​ ដោះលែង​មេដឹក​នាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ កញ្ញា ឈឹម ស៊ីថរ​ដោយ​ឥតលក្ខខណ្ឌ។​ ការ​ទាមទារ​បែបនេះធ្វើ​ឡើង​បន្ទាប់​ពីកញ្ញា ​ឈឹម ស៊ីថរ​ត្រូវ​បាន​ប៉ូលីស​អន្តោប្រវេសន្ត៍​ចាប់ខ្លួន​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពីថ្ងៃទី២៦​ វិច្ឆិកា ​និង​បាន​បញ្ចូន​ទៅឃុំ​ខ្លួន​នៅពន្ធនាគារ​ព្រៃស ​ក្រោយ​មេដឹក​នាំ​សហជីព​រូបនេះ​ត្រឡប់​មក​ពីកិច្ចប្រជុំ​មួយ​នៅឯប្រទេស​អូស្ត្រាលី។ ​បើតាម​អង្គការ​អន្តរជាតិ​ទាំង២​ ការចាប់​ខ្លួន​កញ្ញា ​ឈឹម ស៊ីធរ​ ហាក់​ដូចជា​ ការសងសឹក​ពីសំណាក់​អាជ្ញាធរ​ទៅវិញ។​

កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ © FB
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីថ្ងៃទី០១ ធ្នូ ដោយវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ និងអង្គការសម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ដោយឥតលក្ខខណ្ឌ  ក៏ដូចជាស្នើឱ្យក្រុមហ៊ុនបញ្ឈប់រូបភាពធ្វើទុកបុកម្នេញលើកម្មករ ហើយផ្ទុយទៅវិញត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធី ជុំវិញវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំមកនេះ។  

ក្នុងសេចក្តីថ្លែងការណ៍ដដែល អង្គការទាំង២នេះបានបញ្ជាក់ជំហររបស់ខ្លួនថា នឹងបន្តជំរុញរដ្ឋាភិបាលកម្ពុជាឱ្យធ្វើយ៉ាងណាត្រូវគោរពសិទ្ធិសេរីភាពក្នុងការជួបជុំ ឬបង្កើតសហជីពដោយសន្តិវិធី ហើយក៏គួរបញ្ឈប់សកម្មភាពគម្រាមកំហែង យាយី និងកាត់ទោសសកម្មជនសហជីពបន្ថែមទៀតដូចដែលរដ្ឋាភិបាលបានចាប់ខ្លួនសកម្មជននិងសហជីពការពារសិទ្ធិដល់បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍នាពេលកន្លងមកចំនួន៩នាក់។

ក្នុងនោះ មន្ត្រីផ្នែកតស៊ូមតិ និងយុទ្ធនាការអាស៊ីនៃអង្គការសម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ លោក ខលណែឡូស ហានុង បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើរដ្ឋាភិបាលបដិសេធមិនព្រម ដោះលែងកញ្ញាឈឹម ស៊ីថរ លោកនឹងចាត់ទុកថា រដ្ឋាភិបាលកម្ពុជាកំពុងរំលោភបំពានមកលើសិទ្ធិសហជីពយ៉ាងធ្ងន់ធរ។ ហើយលោកយល់ថា ការចាប់ខ្លួនជាលើកទី២មកលើមេដឹកនាំសហជីពរូបនេះ គឺជាចេតនាសងសឹករបស់អាជ្ញាធរ ក្រោយកញ្ញាមានភាពសកម្មក្នុងការដឹកនាំបុគ្គលិកចេញមកតវ៉ាដោយសន្តិវិធី ទោះបីអាជ្ញាធរចោទប្រកាន់ថា ជាការតវ៉ាខុសច្បាប់។

តែយ៉ាងណា​ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឆ្លើយតបជុំវិញសេចក្តីថ្លែងការណ៍នេះថា ក្នុងករណីចាប់ខ្លួនរបស់កញ្ញា ឈឹម ស៊ីថរនាពេលកន្លងមក គឺរដ្ឋាភិបាលអនុវត្តទៅតាមនីតិវិធីច្បាប់របស់តុលាការសុទ្ធសាធ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយអ្វីឡើយ ហើយក៏មិនមែនជារឿងរំលោភសិទ្ធិអ្វីដែរ។ ប៉ុន្តែ លោកថា កញ្ញា ឈឹម ស៊ីថរ បានបំពានលក្ខខណ្ឌរបស់តុលាការ ដោយមិនបានសុំការអនុញ្ញាតពីអង្គចៅក្រមស៊ើបសួរមុននឹងចេញទៅក្រៅប្រទេស ខណៈការរស់នៅក្រៅឃុំរបស់កញ្ញា គឺស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

សូមជម្រាបថា កញ្ញា ឈឹម ស៊ីថរ ដែលជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារនៃបុគ្គលិកកម្មករខ្មែរនៃ ក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានប៉ូលីសអន្តោប្រវេសន្ត៍ប្រចាំព្រលានយន្តអន្តរជាតិភ្នំពេញចាប់ឃាត់ខ្លួននិងត្រូវបានបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសទី២ ជាលើកទី២ បន្ទាប់ពីកញ្ញាធ្វើដំណើរត្រឡប់មកពីចូលរួមកិច្ចប្រជុំមួយនៅប្រទេសអូស្រា្តលីកាលពីថ្ងៃទី២៦ វិច្ឆិកា។

ក្រោយការចាប់ខ្លួនមេដឹកនាំសហជីពរូបនេះ បណ្តាស្ថានទូតមួយចំនួនដូចជា ស្ថានទូតសហរដ្ឋអាមេរិក និងអូស្រា្តលី ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលនានាបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ និងបញ្ឈប់ការគំរាមកំហែងមកលើសហជីព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ