អានតួអត្ថបទ
កម្ពុជា-នយោបាយ

សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្ដឹងជំទាស់លោក សុន ឆ័យ សប្ដាហ៍ក្រោយនេះ

ក្រុម​ប្រឹក្សាជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​ នឹង​សម្រេច​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​ជំទាស់​របស់​លោក​ សុន ឆ័យ ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ​នៅថ្ងៃទី១៤​ធ្នូ​ខាង​មុខ​នេះ។ ​ការបើក​សវនាការ​នេះ ​បន្ទាប់​ពីលោក​ សុន ឆ័យ​ និង​មេធាវី​លោក​ បាន​ប្ដឹង​ទាស់​ទៅនឹង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​សម្រេច​ឲ្យលោក​ សុន ឆ័យ​ ចាញ់​ក្ដី​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ និង​គណបក្ស​ប្រជាជនកម្ពុជា ​ក្នុង​សំណុំរឿង​បរិហាកេរ្តិ៍។​

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន © FB
ផ្សាយពាណិជ្ជកម្ម

លោក សុន ឆ័យ បានបញ្ជាក់ថា លោកនឹងពិគ្រោះជាមួយមេធាវីដើម្បីស្វែងរកភស្តុតាងបន្ថែម នៅពេលចូលខ្លួនបំភ្លឺនៅសាលាឧទ្ធរណ៍ នារសៀលថ្ងៃទី១៤ធ្នូសប្ដាហ៍ក្រោយនេះ ទាក់ទងទៅនឹងបណ្ដឹងជំទាស់របស់លោក ដែលបានប្ដឹងទាស់មកតុលាការជាន់ខ្ពស់មួយនេះ ក្រោយពីចាញ់ក្ដី គ.ជ.ប និងគណបក្សប្រជាជននៅសាលាដំបូងភ្នំពេញ។ តែយ៉ាងណាលោក សុន ឆ័យ មិនទាន់ហ៊ានប្រាប់មុននូវភស្តុតាងអ្វី សម្រាប់ឆ្លើយភ្លឺក្នុងសវនាការខាងមុខនេះឡើយ ដោយរងចាំការពិភាក្សាជាមួយមេធាវីរបស់ខ្លួនជាមុនសិន។

សូមបញ្ជាក់ថា តុលាការ​ក្រុងភ្នំពេញ​ កាលពីខែតុលា បាន​ប្រកាស​សាល​ក្រមឲ្យលោក សុន ឆ័យ ​ចាញ់ក្ដី ​ក្នុង​សំណុំ​រឿង​បរិហាកេរ្តិ៍ ​ដែលប្ដឹងដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ និង​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ ពាក់ព័ន្ធការរិះគន់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី០៥។​ ចៅក្រមបានសម្រេចឲ្យលោក សុន ឆ័យ បង់ថវិកាចូលរដ្ឋចំនួន ៩លានរៀល ចំពោះបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈដែលបណ្តឹងគណក្សកាន់អំណាចវិញ លោក សុន ឆ័យ ត្រូវបង់ចូលរដ្ឋចំនួន ៨លានរៀល និង៣ពាន់លានរៀល ចំពោះគណបក្សប្រជាជនកម្ពុជា។

ក្រោយមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១វិច្ឆិកា បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិដីធ្លីរបស់លោក សុន ឆ័យ ចំនួន២ទីតាំង ដែលមាននៅភ្នំពេញ និងខេត្តសៀមរាប។ ការសម្រេចនេះធ្វើឡើង ដោយសំអាងហេតុថា លោក សុន ឆ័យ មិនបានអើពើចំពោះការសម្រេចក្តីរបស់តុលាការ ដែលសម្រេចឲ្យអ្នកនយោបាយបក្សប្រឆាំងរូបនេះ សងជំងឺចិត្តគណបក្សកាន់អំណាចចំនួន បីពាន់លានរៀល ឬស្មើនឹង៧៥ម៉ឺនដុល្លារ។ បើតាមដីការតុលាការ គឺការរឹបអូសអចលនវត្ថុលោក សុន ឆ័យ ដើម្បីធានាថាអនុប្រធានគណបក្សភ្លើងទៀនរូបនេះ នឹងបង់ប្រាក់ជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា។

យ៉ាងណាមិញ ការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ហាក់មានភាពងឿងឆ្ងល់ចំពោះនីតិវិធីក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់លោក ទាំងដែលសាលក្រមក្នុងសំណុំរឿងដែលលោកចាញ់ក្តីកន្លងមកនោះ មិនទាន់ចូលជាស្ថាពរនៅឡើយ។ លោក សុន ឆ័យ បញ្ជាក់ថា​ លោកមិនយល់ទាល់តែសោះ អំពីដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទាំងដែលក្តីក្តាំរបស់លោក កំពុងរុញបន្តដើម្បីប្តឹងជំទាស់នៅសាលាឧទ្ធរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ