អានតួអត្ថបទ
កម្ពុជា-នយោបាយ

មាឃបូជា៖អ្នកនយោបាយពីររូបផ្ដល់និយមន័យផ្សេងគ្នាពីតម្លៃសន្តិភាព

ក្នុង​ថ្ងៃ​បុណ្យ​មាឃបូជា​នា​ថ្ងៃ​ទី៥​ ខែ​កុម្ភៈ​នេះ​ លោក​ កឹម សុខា ​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​រំលេច​សារ​តាម​ឱវាទ​ព្រះពុទ្ធ​ថា​ «សន្តិភាព»​ពិត​គឺ​ជា​សន្តិភាព​ដែល​កើត​មាន​នៅ​ក្នុង​ផ្លូវ​ចិត្ត​របស់​បុគ្គល​រៀងៗ​ខ្លួន​ដែល​ស្តែង​ចេញ​តាម​រយៈ​កាយ​និង​វាចា។​ ទន្ទឹម​គ្នា​នេះ​ លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថា ​ព្រះពុទ្ធ​សាសនា​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់​ សុខ​សន្តិភាព​ ស្ថិរភាព​សង្គម ​។​

រូពព្រះពុទ្ធ(រូបតំណាង)
រូពព្រះពុទ្ធ(រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

មិនថា លោក កឹម សុខា ឬ លោក ហ៊ុន សែន ឡើយសុទ្ធតែបានបង្ហាញពីសាវតាថ្ងៃបុណ្យមាឃបូជា​។ លោក កឹម សុខា ចាត់ទុកបុណ្យមាឃបូជា គឺជាទិវាដ៏សំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនា។  ហើយថា អ្នកទាំងឡាយណាដែលតាំងខ្លួន ជាពុទ្ធសាសនិក ជាពិសេសប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកដឹកនាំប្រទេសត្រូវយល់ដឹង និងពង្រឹងការប្រតិបត្តិនូវព្រះពុទ្ធឱវាទ ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។  

អ្នកនយោបាយជាប់បំរាមផ្លូវច្បាប់រូបនេះបន្ថែមថា ព្រះសម្មាសម្ពុទ្ធសម្តែងនូវព្រះឱវាទ ឲ្យធ្វើអំពើល្អ កុំធ្វើអំពើអាក្រក់ សំអាតចិត្តឲ្យបរិសុទ្ធ គឺសន្តិភាពផ្លូវចិត្តដែលជាសន្តិភាពពិត។ ចំពោះមនុស្សគ្រប់រូប ដែលតាំងខ្លួនប្រាថ្នាចង់បានសន្តិភាព ត្រូវយល់ដឹងពីអត្ថន័យ«សន្តិភាព»ពិត។ សន្តិភាពពិតកើតមាននៅក្នុងផ្លូវចិត្តរបស់បុគ្គលរៀងៗខ្លួនដែលស្តែងចេញតាមរយៈកាយនិងវាចា។

ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

សម្រាប់លោក ហ៊ុន សែន ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យពលរដ្ឋ រួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណ ជាតិទៀតផង។

ជុំវិញសាររបស់អ្នកនយោបាយដែលបង្ហាញគំរូអហិង្សាយកលំអានតាមព្រះពុទ្ធ ត្រូវបានអ្នកតាមដាននយោបាយនិងសង្គមស៊ីវិលមើលឃើញថា ការអនុវត្តជាក់ស្ដែងផ្ទុយពីនេះ។ លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​អង្កេតឃើញថា ពលរដ្ឋកម្ពុជាមិនទាន់ទទួលបានសន្តិភាពផ្លូវចិត្តនិងផ្លូវអារម្មណ៍នៅឡើយទេ។ ដូច្នេះអ្នកនយោបាយគួរពង្រឹងស្ថានភាពនេះឡើងវិញ ដើម្បីឲ្យពលរដ្ឋទទួលបានសន្តិភាពពេញលេញឲ្យស្របទៅតាមគោលការណ៍ប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមលោក អំ សំអាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ