អានតួអត្ថបទ
កម្ពុជា-សង្គម

បណ្ឌិត មាស នី​៖​ ពលរដ្ឋ​អាយុ​នៅ​តិច​កាន់​តែ​ច្រើន ​សេព​គ្រឿង​ស្រវឹង​ ខណៈ​កន្លែង​លក់​កាន់​តែ​បង្ខិត​មក​ជិត​ផ្ទះ

អ្នក​សិក្សា​ស្រាវ​ជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម ​កត់​សំ​គាល់​ថា​ ចំនួន​ពល​រដ្ឋ​ក្មេងៗ​អាយុ​នៅ​តិច​កាន់​តែ​ច្រើន​ឡើង ​នាំ​គ្នា​សេព​គ្រឿង​ស្រ​វឹង ​ខណៈ​ដែល​ទី​តាំង​លក់​គ្រឿង​ស្រវឺង​កាន់​តែ​បង្ខិត​មក​ជិត​ផ្ទះ​ពួកគេ​។ ​ការ​កត់​សំគាល់​នេះ​ គឺ​ស្រប​គ្នា​នឹង​របាយ​ការណ៍​ស្តីពី​ការ​អង្កេត​ប្រជា​សាស្ត្រ ​និង​សុខភាព​កម្ពុជា​ ២០២១-២០២២ ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខា​ភិបាល​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា​។ ​ជា​របាយ​ការណ៍​ស្ទង់​មតិ​ដែ​ល​រក​ឃើញ​ថា ​បុរស​៧​នាក់​ក្នុង​ចំ​ណោម​១០​នាក់​ស្មើ​៧០% ​សេព​គ្រឿង​ស្រវឹង​។​

គ្រឿងស្រវឹង
គ្រឿងស្រវឹង © Internet
ផ្សាយពាណិជ្ជកម្ម

ការ​ស្ទង់​មតិ​ថ្មី​មួយ ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល ​និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ ​បាន​បង្ហា​ញ​ថា​ បុរស​៧​នាក់​ក្នុង​ចំណោម​១០​នាក់ដែល​ស្មើ​ប្រមាណ​៧០% ​សេព​គ្រឿង​ស្រវឹង។ ការ​ស្ទង់​មតិ​បង្ហាញ​ថា ​ក្នុង​មួយ​ខែ ​បុរស​១០% ​ពិសា​គ្រឿង​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ​ ឬ​ស្ទើរ​តែ​រាល់​ថ្ងៃ។ ​ចំណែក​៦០% ​សេព​គ្រឿង​ស្រវឹង​ពី​១​ថ្ងៃ​ទៅ​៥ថ្ងៃ ខណៈ​១៨% ​ពិសា​គ្រឿង​ស្រវឹង​៦​ថ្ងៃ​ទៅ​១០​ថ្ងៃ ហើយ​១២%​ពិសា​គ្រឿង​ស្រវឹង​ពី​១១​ថ្ងៃ​ទៅ​២៤​ថ្ងៃ។​

ដោយឡែកចំពោះស្ត្រីវិញ គឺ​ស្រ្តី​ចំនួន​១៦%​ពិសា​គ្រឿង​ស្រវឹង ដែល​ភាគ​ច្រើន​សេព​គ្រឿង​ស្រវឹង​ពី​១​ទៅ​៥​ថ្ងៃ​នៅ​ក្នុង​មួយ​ខែ ខណៈស្ត្រី​នៅ​ទី​ប្រជុំ​ជន​សេព​គ្រឿង​ស្រវឹង​ច្រើន​ជាង​ស្ត្រី​នៅ​តាមទី​ជន​បទ។ ប៉ុន្តែទាំង​បុរស​នៅ​តាម​ទី​ជន​បទ​ និងបុរសនៅ​ទីក្រុង ការ​សេពគ្រឿង​ស្រវឹង​មិន​មាន​ភាព​ខុស​គ្នា​ឡើយ។ ​ ការ​ស្ទង់​មតិ​នោះ​ក៏​បង្ហាញ​ដែរ​ថា​ ស្ត្រី​រហូត​ដល់​៥០%​ធ្លាប់​រង​អំពើ​ហិង្សា​ពីស្វាមី​ ឬ​ដៃ​គូ​ស្និទ្ធ​ស្នាល​ដែល​សេព​គ្រឿង​ស្រវឹង ​និង​ស្រវឹង​ម្តង​ម្កាល។​

លោក​បណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍​សង្គម យល់ស្របនឹង​របាយការណ៍នេះ​ ខណៈដែលោក​ធ្លាប់​ធ្វើ​ការ​អង្កេតក៏កត់សំគាល់ថា ចំនួនពលរដ្ឋ​ក្មេងៗអាយុនៅតិចកាន់​តែ​ច្រើនឡើង ​នាំគ្នាសេព​គ្រឿង​ស្រវឹង ខណៈ​ដែល​ទីតាំងលក់​គ្រឿង​ស្រវឺង​កាន់តែ​បង្ខិត​មកជិត​ផ្ទះពួកគេ ដោយ​បង្ខិត​ពីជាង៥០០ម៉ត្រ មកនៅ​ជាង១៥០ ម៉ែត្រពីផ្ទះ។

បើតាម​លោក​បណ្ឌិត មាស នី និន្នាការនេះ គឺដោយសារតែ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ពាសវាលពាសកាល គ្មានច្បាប់​ទប់​ស្កាត់។ លោក​យល់ថា ផលវិបាក​នៃការ​សេព​គ្រឿង​ស្រវឺង​គឺធ្លាក់ទៅ​ក្នុង​សង្គម ទាំងអ្នកសេពផ្ទាល់ អ្នកសមាជិកគ្រួសារក៏រងផលប៉ះពាល់។ ចំណែក​អ្នក​ផលិត​គ្រឿង​ស្រវឺងគឺជាអ្នក​ឆក់យក​ផល​ចំ​ណេញ​ពី​ឱកាសនេះ។

ក្រុម​​អ្នក​តស៊ូ​មតិ ជាញឹកញាប់​តែងតែធ្វើ​យុទ្ធនាការ​ជំរុញ​ឱ្យរដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពី​គ្រឿង​ស្រវឹង ដោយ​ការ​ដំឡើង​ពន្ធ​ និង​លុប​បំបាត់​ចោល​នូវ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​​គ្រឿង​ស្រវឹង​ ក៏​ដូច​ជា​ការ​កំណត់​អាយុ​ក្នុង​ការ​ទិញ​គ្រឿង​ស្រវឹង។​

​ប៉ុន្តែសេចក្តី​ព្រាង​ច្បាប់ស្តីពី​គ្រឿង​ស្រវឹង​ ដែលតាក់​តែង​ឡើង​នៅឆ្នាំ២០១៥នោះ នៅជាប់​គាំង​ ខណៈ​មាត្រាមួយចំនួននៃសេចក្តីព្រាងនោះ មិន​អនុញ្ញាត​ឱ្យយុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ ហើយ​ច្បាប់​នេះ​នឹង​ដាក់​បន្ទុក​ពន្ធ​ខ្ពស់​ទៅ​លើ​គ្រឿង​ស្រវឹង​ និង​រឹត​បន្តឹង​លើ​ការ​បើក​លក់​គ្រឿង​ស្រវឹង​ពេល​យប់​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ