អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋាភិបាលកំពុងរៀបចំកិច្ចការពារសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ក្រោយកុមារភាគច្រើនប្រឈមផ្នែកសុវត្ថិភាព

តាមការសិក្សាមួយបានបង្ហាញថា កុមារកម្ពុជាក្រោមអាយុ១៨ឆ្នាំប្រមាណ៦លាននាក់ឬ៣៦%នៃប្រជាជនកម្ពុជាសរុប កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ក៏ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ បានក្លាយជាក្តីព្រួយបារម្ភចំពោះហានិភ័យ និងគ្រោះថ្នាក់ដល់សុខមាលភាព សិទ្ធិ និងសុវត្ថិភាពរបស់កុមារទាំងនោះ។ ក្រោយពិនិត្យឃើញបែបនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយ អង្គការយូនីសេហ្វកម្ពុជាដើម្បីរៀបចំគោលការណ៍ស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារ និងអំពើហិង្សាលើកុមារតាមប្រព័ន្ធអនឡាញ។ 

កុមារកម្ពុជាក្រោមអាយុ១៨ឆ្នាំប្រមាណ៦លាននាក់ឬ៣៦%នៃប្រជាជនកម្ពុជាសរុប កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
កុមារកម្ពុជាក្រោមអាយុ១៨ឆ្នាំប្រមាណ៦លាននាក់ឬ៣៦%នៃប្រជាជនកម្ពុជាសរុប កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ © Internet
ផ្សាយពាណិជ្ជកម្ម

ការបង្កើតគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជារបស់ក្រសួងប្រៃសណីយ៍ និងអង្គការយូនីសេហ្វ គឺធ្វើឡើងក្រោយពេលដែល ស្ថាប័នពាក់ព័ន្ធបានវិភាគនូវស្ថានភាពរួចរាល់របស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដើម្បីធ្វើយ៉ាងព្រួតដៃគ្នា ជួយបង្ការ និងទប់ស្កាត់ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារ និងអំពើហិង្សាលើកុមារគ្រប់ទម្រង់នៅលើប្រព័ន្ធអនឡាញ។

ទោះជាយ៉ាងណា ក្រសួងប្រៃសណីយ៍អះអាងថា កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ គឺជាកិច្ចការដែលលំបាកស្មុគស្មាញ ដែលទាមទារឱ្យមានការប្តេជ្ញាចិត្ត ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជន អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល ពិសេសស្ថាប័នក្រសួងដែលពាក់ព័ន្ធនានា។

ចំណែក ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជាក្រុមហ៊ុនបណ្តាញសង្គម ប្រតិបត្តិករផ្តល់សេវាអុីនធឺណេត ប្រតិបត្តិករទូរសព្ទចល័យ ក្រុមហ៊ុនផ្តល់សេវាផ្ទុកទិន្នន័យ អ្នកបង្កើតមាតិកា និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវធានាបានថា រាល់ផលិតផល និងសេវារបស់ពួកគេត្រូវមានភាពត្រឹមត្រូវចំពោះអ្នកប្រើប្រាស់ ពិសេសគោរពដល់សិទ្ធិកុមារ។

ជាក់ស្តែង កុមារកម្ពុជាអាយុក្រោម១៨ឆ្នាំមានចំនួនជាង៦លាននាក់កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬប្រើប្រាស់អុីនធឺណេត។ ក្នុងនោះ កុមារចំនួន៤នាក់ ក្នុងចំណោមកុមារ៥នាក់ដែលមានអាយុចន្លោះពី១២ ដល់១៧ឆ្នាំមានអុីនធឺណេតប្រើប្រាស់។ ដោយឡែក កុមារ៩នាក់ក្នុងចំណោម១០នាក់ ដែលមានអាយុចន្លោះ១៦ និង១៧ឆ្នាំ មានលទ្ធភាពចូលប្រើប្រាស់អុីនធឺណេត។

របាយការណ៍សិក្សាពីអង្គការជាច្រើនបានបង្ហាញថា កុមារកម្ពុជាភាគច្រើន កំពុងប្រើប្រាស់ប្រព័ន្ធអនឡាញតាមមធ្យោបាយខុសគ្នា និងប្រើប្រាស់ឧបករណ៍ ថ្នាល និងកម្មវិធីខុសគ្នា ដែលទាំងអស់នេះសុទ្ធសឹងតែអាចមានឥទ្ធិពលដល់ជីវិតរបស់ពួកគេតាមរយៈមធ្យោបាយខុសៗគ្នា។ ខណៈនិន្នាការសង្គមបច្ចុប្បន្ន ក្រសួងប្រៃសណីយ៍សង្កេតឃើញថា កុមារទទួលរងឥទ្ធិពលពីការផ្លាស់ប្តូរស្ថានភាពសង្គមជាងគេ ពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ដែលកុមារត្រូវងាកមកប្រើប្រាស់នូវបច្ចេកវិទ្យាស្ទើតែទាំងស្រុង។ 

ការណ៍នេះហើយបាន ធ្វើឱ្យកុមារងាយប្រឈមនឹងហានិភ័យ និងគ្រោះថ្នាក់ដល់សុខមាលភាព ពិសេសសិទ្ធិ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ពិសេសការរំលោភបំពានសិទ្ធិជាដើម៕    

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ